ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាផ្ទៃ​រករឿង ឬ​លក្ខន្តិកៈ​សង្គ្រោះ​ជាតិ​មិន​ច្បាស់​?
09, Apr 2017 , 9:39 pm        
រូបភាព
​ក្រសួងមហាផ្ទៃ​ជា​តំណាង​រដ្ឋ​ដែល​ត្រួត​ពិនិត្យមើល​ដំណើរការ​របស់​អង្គការ​សមាគម និង​គណបក្សនយោបាយ​ផង តាមរយៈ​លក្ខន្តិកៈ​ផ្ទៃក្នុង​របស់​ស្ថាប័ន​ទាំងនោះ​។ នៅពេល​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជិត​មកដល់ គណបក្សប្រឆាំង​ដែល​ត្រូវ​រើស​ក្បាលម៉ាស៊ីន​ថ្មី ត្រូវ​ក្រសួងមហាផ្ទៃ​ប្រាប់​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​ចេះតែធ្វើ​ខុស​លក្ខន្តិកៈ​។ គណបក្ស​សង្គ្រោះ​ជាតិ​វិញ​មិន​ជឿថា គ្មាន​សមត្ថភាព​រហូត​ដល់​ធ្វើ​លក្ខន្តិកៈ​មិន​ច្បាស់លាស់​នោះដែរ​។​

 
​ក្រោយ​ការលាលែង​របស់លោក សម រង្ស៊ី ( ១១​កុម្ភៈ​២០១៧) គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​រៀបចំ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​ថ្មី​។ អង្គសមាជ​វិសាមញ្ញ ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ បានជ្រើសរើស​ឯកឧត្តម កឹម សុខា ឲ្យ​ធ្វើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហូរ ជា​អនុប្រធាន​។ 
 
​បន្ទាប់ពី​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​នៃ​ថ្នាក់ដឹកនាំ​រួចមក គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​មាន​បញ្ហា​ជា​បន្តបន្ទាប់​ជាមួយនឹង​ក្រសួងមហាផ្ទៃ ។ 
 
​បញ្ហា​ដំបូង គឺ​ក្រសួងមហាផ្ទៃ មិន​ព្រម​ទទួលស្គាល់​ភាពស្របច្បាប់​របស់​ប្រធាន​និង​អនុប្រធាន​ថ្មី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រសួងមហាផ្ទៃ លើក​ហេតុផល​ថា ការជ្រើសរើស​ប្រធាន​និង​អនុប្រធាន​ថ្មី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​ត្រឹមត្រូវ​តាម​ប្រការ​៤៧ (​ថ្មី​) នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ខ្លួនឯង​។ 
 
​ប្រការ​៤៧ (​ថ្មី​) ដែល​កើតចេញពី​ប្រការ​៤៧ (​ចាស់​) តាមរយៈ​ការធ្វើវិសោធកម្ម​នៅក្នុង​អង្គសមាជ​វិសាមញ្ញ​នោះ បាន​ចែងថា​៖«​ករណី​ប្រធាន​គណបក្ស ទទួលមរណភាព លាឈប់ បាត់បង់​សមាជិកភាព ឬ​បាត់បង់​សមត្ថភាព​ដឹកនាំ​គណបក្ស ដែល​បញ្ជាក់​ដោយ​គណៈកម្មាធិកា​រ​នាយក បើ​៖

- ចំណុច​១៖ អាណត្តិ​នៅ​តិចជាង​១៨​ខែ អនុប្រធាន​គណបក្ស​មួយរូប ដែលមាន​អាយុ​ច្រើនជាងគេ ត្រូវ​ទទួល​នាទី​ជា​ប្រធាន​គណបក្ស ហើយ​បើ​គ្មាន​អនុប្រធាន​គណបក្ស គណៈកម្មាធិការ​នាយក ត្រូវ​ជ្រើសរើស​អនុប្រធាន​គណបក្ស​ថ្មី​យ៉ាងតិច​មួយរូប ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាងយូរ ពី​ក្នុងចំណោម​សមាជិក​របស់ខ្លួន ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត (៥០%+១) នៃ​សមាជិក​គណៈកម្មាធិការ​នាយក​ទាំងមូល ដើម្បី​ជួយ​សម្រួល​ការងារ​ប្រធាន​គណបក្ស រហូតដល់​ចប់​អាណត្តិ ។ 
 
- ចំណុច​២៖ អាណត្តិ​នៅលើ​ស​១៨​ខែ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​កំណត់ពេល​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស និង​អនុប្រធាន​គណបក្ស​ថ្មី ក្នុង​រយៈពេល​យ៉ាងយូរ​៣០​ថ្ងៃ ដើម្បី​ដឹកនាំ​គណបក្ស​រហូតដល់​ចប់​អាណត្តិ​»។ 
 
​កំហុស​ដំបូង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ក្រសួងមហាផ្ទៃ​បាន​មើលឃើញ គឺ​ទាក់ទង​នឹង​ចំណុច​ទី​២​នៃ​ប្រការ​៤៧​ថ្មី ​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​នេះ​។ បើតាម​ក្រសួងមហាផ្ទៃ បើ​គិត​ចាប់ពី​ថ្ងៃ​ដែល​ឯកឧត្តម សម រង្ស៊ី លាលែង​ពី​តំណែង​រហូតដល់​ថ្ងៃ​ចប់​អាណត្តិ​នោះ មាន​រយៈពេល​តែ​១៤​ខែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រើ​ចំណុច​ទី​២​នៃ​ប្រការ​៤៧​ថ្មី​នៃ​លក្ខន្តិកៈ ដែល​ចែង​អំពី​អាណត្តិ​អវត្តមាន​ប្រធាន​គណបក្ស​លើស​១៨​ខែ​ទៅវិញ ដើម្បី​រៀបចំ​សមាជ​វិសាមញ្ញ​រើស​ក្បាលម៉ាស៊ីន​ថ្មី​។​
 
​ក្រោយពី​ក្រសួងមហាផ្ទៃ​បកស្រាយ​បែបនេះហើយ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រឡប់​ទៅ​អនុវត្តតាម​ខ្លឹមសារក្នុង​ចំណុច​១​នៃ​ប្រការ​៤៧ (​ថ្មី​) វិញ​ម្តង​។ ចំណុច​ទី​១​នៃ​ប្រការ ៤៧ (​ថ្មី​) បានចែង​យ៉ាងច្បាស់​ថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​មិនមាន​ប្រធាន នោះ​អនុប្រធាន​ដែលមាន​អាយុ​ច្រើនជាងគេ​ត្រូវ​ទទួល​តំណែង​ជា​ប្រធាន រហូតដល់​ចប់​អាណត្តិ​។ ដោយ​អនុវត្ត​ចំណុច​ទី​១​នេះ​ដដែល គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បើក​កិច្ចប្រជុំ​ក្នុង​គណៈកម្មាធិការ​នាយ​ក កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​ជ្រើសរើស​អនុប្រធាន​គណបក្ស ហើយក៏​បាន​អបអរសាទរ​ប្រធាន​និង​អនុប្រធាន​ម្តងទៀត​។ ប៉ុន្តែ បញ្ហា​នៅ​មិនទាន់​ចប់​ទេ​។​
 
​ក្រសួងមហាផ្ទៃ បានប្រកាស​ទទួលស្គាល់​ឯកឧត្តម កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តែ​បាន​បដិសេធ និង​មិន​ព្រម​ទទួលស្គាល់​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ជា​អនុប្រធាន​គណបក្ស​ឡើយ​។  ដោយយោង​លើ​ចំណុច​១​នៃ​ប្រការ​៤៧​នៃ​លក្ខន្តិកៈ​បក្ស​សង្គ្រោះ​ជាតិ​ដដែល ក្រសួងមហាផ្ទៃ​បានចង្អុលបង្ហាញ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ចំណុច​១​នៃ​ប្រការ​៤៧​ថ្មី​នេះ អនុញ្ញាត​ឲ្យ​មានការ​ជ្រើសរើស​អនុប្រធាន​គណបក្ស​ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាងយូរ​។ ក្រសួងមហាផ្ទៃ​បន្ត​បញ្ជាក់ថា ការជ្រើសរើស​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​២​ខែមេសា​នោះ មាន​រយៈពេល​ដល់​៥០​ថ្ងៃ បើ​គិតពី​ថ្ងៃ​ដែល​ឯកឧត្តម សម រង្ស៊ី លាលែង​ពី​តំណែង​។​
 
​ក្នុង​កាលៈទេសៈ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ទាល់ច្រក នៅពេលដែល​ក្រសួងមហាផ្ទៃ មិន​ព្រម​ទទួលស្គាល់​អនុប្រធាន​ទាំងបី​រូប​។ ដោយ​មិន​ចង់​ឲ្យ​មាន​បញ្ហា​កើតមាន​តទៅទៀត គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ក្រសួងមហាផ្ទៃ ប្រាប់​ខ្លួន​ឲ្យ​ត្រង់ៗ​និង​ច្បាស់លាស់​តែម្តង ថា​ត្រូវធ្វើ​ដូចម្តេច​? ក្រសួងមហាផ្ទៃ បាន​អះអាងថា ខ្លួន​មិនមាន​សិទ្ធិ​បញ្ជា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបែបនេះ ឬ​ធ្វើ​បែប​នោះឡើយ​។​
 
​ទោះយ៉ាងណា​ក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិនអាច​នៅ​ស្ងៀម​គ្មាន​អនុប្រធាន​ដែរ​។ គណបក្សប្រឆាំង​ដែល​បាន​ពុះពារ​ឆ្លងកាត់​ព្យុះភ្លៀង​ឡើង​ល្វើយ​ហើយ​នោះ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ព្យាយាម​ប្រមូល​គំនិត​អនុវត្ត​នីតិវិធី​រើស​អនុប្រធាន​រហូតដល់​ត្រូវ​នោះឡើយ​៕
 

Tag:
 CNRP
  CPP
  ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com