ជាតិ
សង្គ្រោះ​ជាតិ នឹង​រៀបចំ​អនុប្រធាន​ទាំងបី​រូប​ម្តងទៀត ដើម្បី​ឲ្យ​ត្រូវ​តាម​លក្ខ​ន្តិកៈ​
10, Apr 2017 , 1:56 pm        
រូបភាព
​ភ្នំពេញ​៖ បក្សប្រឆាំង ត្រូវ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន​ម្តងទៀត ទាក់ទង​នឹង​អនុប្រធាន​ទាំងបី​រូប ដែល​ក្រសួងមហាផ្ទៃ មិន​ព្រម​ទទួលស្គាល់​ចំនួន​ពីរលើក កន្លងមក​។ បក្សប្រឆាំង សង្ឃឹមថា ដំណោះស្រាយ​លើកចុងក្រោយ​នេះ នឹង​អាច​រួច​ផុតពី​បញ្ហា ដែល​កំពុងតែ​ប្រឈម​ជាមួយ​ក្រសួងមហាផ្ទៃ​។



​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​គិតគូរ​ឡើងវិញ​ចំពោះ​បញ្ហា​អនុប្រធាន​ទាំងបី​រូប ដែល​ក្រសួងមហាផ្ទៃ មិនទាន់​ទទួលស្គាល់​ពី​ភាពស្របច្បាប់​។ លោក អះអាងថា មុន​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឡើងវិញ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់ ពី​លក្ខន្តិកៈ​របស់ខ្លួន និង​ច្បាប់​ស្តីពី គណបក្សនយោបាយ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​កំហុសឆ្គង កើតឡើង​ម្តងទៀត​។

​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ ដដែល លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ដែល​បច្ចុប្បន្ន ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ត្រូវ​ផ្តាស់​ប្តូរ នោះទេ​។ ប៉ុន្តែ អ្វីដែល​លោក សង្កត់​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់តែចង់​សម្របសម្រួល​ផ្នែក​នីតិវិធី​ឡើងវិញ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ទាំង ៣ រូបនោះ ក្លាយជា​អនុប្រធាន ដោយ​ស្របទៅតាម​លក្ខន្តិកៈ​។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បេក្ខភាព គឺ​នៅ​ដដែល​ទេ​។ តែ​អ្វីដែល​យើង​ត្រូវ​គិត គឺ​គិតពី​និ​តី​វិធី ដោយ​ធ្វើយ៉ាងណា​ឲ្យ​ត្រូវ​ទៅតាម​លក្ខន្តិកៈ​»​។

​លោក យ៉ែម បុញ្ញឫទ្ធិ និយាយទៀតថា បញ្ហា​ខាងលើនេះ នឹងត្រូវ​ដោះស្រាយ នៅពេល​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​បំពេញបេសកកម្ម​នៅឯ​បរទេស វិល​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ ខាងមុខ​។

​បន្ទាប់ពី​ការលាលែង​របស់លោក សម រង្ស៊ី ឯកឧត្តម កឹម សុខា ក៏ត្រូវ​បានជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អនុប្រធាន នៅក្នុង​អង្គសមាជ​វិសាមញ្ញ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧​។ ការរៀបចំ​រចនាសម្ព័ន្ធ​នៃ​ថ្នាក់ដឹកនាំ​នេះ ត្រូវបាន​ក្រសួងមហាផ្ទៃ អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ខុស​ទៅនឹង​លក្ខន្តិកៈ​របស់ខ្លួន​ឯង​។

​ក្រោយមក គណបក្ស​សង្គ្រោះ​ជាតិ ក៏​សម្រេច​បើក​កិច្ចប្រជុំ​មួយ នៅក្នុង​គណៈកម្មាធិការ​នាយក ដើម្បី​អបអរសាទរ​ប្រធាន​និង​អនុប្រធាន ម្តងទៀត​។ ការធ្វើ​បែបនេះ បានផ្តល់​ផល​វិជ្ជមាន ចំពោះ​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ ប្រកាស​ទទួលស្គាល់​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ ក្រសួងមហាផ្ទៃ នៅតែ​យល់ថា ការជ្រើសរើស​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ត្រូវ​ទៅតាម​លក្ខន្តិកៈ នោះទេ​។​

​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ក្រសួងមហាផ្ទៃ ប្រាប់​ឲ្យ​ត្រង់ៗ​និង​ច្បាស់លាស់​តែម្តង ថា ចង់​ឲ្យ​ខ្លួន​ធ្វើ​ដូចម្តេច ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​បន្តទៀត​។ ជាការ​ឆ្លើយតប ក្រសួងមហាផ្ទៃ អះអាងថា មិនមាន​សិទ្ធិ​ទៅ​បញ្ជា​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ធ្វើបែបនេះ ឬ​ធ្វើ​បែប​នោះ ឡើយ​។ ក្រសួងមហាផ្ទៃ បានត្រឹមតែ​លើកឡើង​ដដែលៗ ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​ត្រូវ​ទៅតាម​លក្ខន្តិកៈ ក្នុងការ​ជ្រើសរើស​អនុប្រធាន​របស់ខ្លួន​៕


Tag:
 CNRP
  អនុប្រធាន
© រក្សាសិទ្ធិដោយ thmeythmey.com