ជាតិ
ក្រៅពីផ្តល់ថវិកាជិត២លានដុល្លារ USAID ឲ្យគ.ជ.ប ដាក់សំណើរទៅខ្លួន បើត្រូវការជំនួយបន្ថែម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប កំពុងផ្តល់បទសម្ភាស ដល់ក្រុមអ្នកសារព័ត៌មាន នៅមុខទីស្តីការគ.ជ.ប។
× ភ្នំពេញ៖ គ.ជ.ប អាចប្រាប់ USAID ប្រសិនបើត្រូវការជំនួយអ្វីមួយ ទាក់ទងនឹងការបោះឆ្នោត។ គ.ជ.ប ទើបតែទទួលបានថវិកាចំនួន ១.៨ លានដុល្លារ ពី USIAD កាលពីពេលថ្មីៗនេះ។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានបើកឱកាសឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់សំណើទៅខ្លួន ប្រសិនបើត្រូវការជំនួយផ្នែកអ្វីមួយ ទាក់ទងនឹងការបោះឆ្នោត។ នេះជាការលើកឡើងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។
លោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ថា ប្រសិនបើត្រូវការជំនួយបន្ថែម គ.ជ.ប អាចនឹងដាក់សំណើទៅកាន់ USAID តាមរយៈ មូលនិធិអន្តរជាតិ ដើម្បីប្រព័ន្ធបោះឆ្នោត (IFES)។ អ្នកនាំពាក្យគ.ជ.ប រូបនេះ និយាយដូច្នេះថា៖«USAID ឲ្យយើងនិយាយជាមួយ IFES បើសិនជាមានបញ្ហា ហើយចង់សំណូមពរឲ្យជួយអ្វីមួយ»។
លោក ហង្ស ពុទ្ធា បន្ថែមថា USAID ទើបតែផ្តល់ថវិកាចំនួន ១.៨លានដុល្លារ ដល់គ.ជ.ប នៅក្នុងជំនួបកាលពីប៉ុន្មានថ្ងៃមុខ។ លោក ប្រាប់ថា ថវិកាទាំងនេះ គឺស្ថិតនៅក្នុងគម្រោងបី គឺការផ្សព្វផ្សាយពីការបោះឆ្នោត ការអប់រំប្រជាពលរដ្ឋពីការបោះឆ្នោត និងការដោះស្រាយពាក្យបណ្តឹង ដែលកើតឡើងពីបញ្ហាបោះឆ្នោត។
អ្នកនាំពាក្យខាងលើ បានចាត់ទុកជំនួយរបស់ USAID និងជំនួយពីបណ្តាអង្គការអន្តរជាតិ និងប្រទេសនានា ថាជាផ្នែកដ៏សំខាន់មួយ ដែលជួយជ្រោមជ្រែងគ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតថ្នាក់ឃុំសង្កាត់ នាអាណត្តិទី៤ និងការបោះឆ្នោតថ្នាក់ជាតិ នាអាណត្តិទី៦ ខាងមុខ។ លោក បន្តថា ដើម្បីឲ្យការបោះឆ្នោត អាចដំណើរទៅដោយរលូត គ.ជ.ប ចាំបាច់ត្រូវមានធនធានឲ្យបានគ្រប់គ្រាន់។
សូមបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ គណបក្សនយោបាយចំនួន១២ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំ សង្កាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com