ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វត្តមាន​ល្ខោនខោល នៅ​អង្គរ​សង្ក្រាន្ត ធ្វើ​ឲ្យ​សិល្បករ​ត្រេកអរ និង​ប្តេជ្ញា​សម្តែង​ឲ្យ​ល្អ​
15, Apr 2017 , 8:00 pm        
រូបភាព
លោក ខុន ច​ន្ទ័​ស៊ីណា លោក សួរ គឹម​សេង និងលោក  ខុន  ច​ន្ទ័​សិទ្ធិការ្យ
លោក ខុន ច​ន្ទ័​ស៊ីណា លោក សួរ គឹម​សេង និងលោក ខុន ច​ន្ទ័​សិទ្ធិការ្យ
ភ្នំពេញ​៖ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​នេះ មាន​សម្ដែង​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា មួយថ្ងៃ ២ លើក នា​បរិវេណ​ភូមិ​ខ្ញុំ​។ ក្រុមយុវជន​ល្ខោនខោល​កម្ពុជា ​លើកយក​ឈុត​ឆាក​ចំនួន​ពីរ គឺ​ឈុត សុវណ្ណ​ម​ច្ចា និង​ឈុត ចៅ​ស៊ី​ផាន់ (​យក្ស​កាត់​មាន់​)​សម្រាប់​ព្រឹត្តិការណ៍​នេះ​។ នៅពេល​ល្ខោនខោល​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត សិល្បករ​ល្ខោនខោល សុទ្ធតែ​សប្បាយរីករាយ និង​ខិតខំ​ហ្វឹកហាត់​អស់ពី​កម្លាំងកាយ ចិត្ត ដើម្បី​បង្ហាញ​ពី​ភាពរស់រវើក និង​ភាព​អស្ចារ្យ នៃ​ល្ខោនខោល​ខ្មែរ​។



​ដើម្បី​ឲ្យ​ការសម្ដែង​ល្ខោនខោល​ទ្រង់ទ្រាយ​ធំ រយៈពេល​៣​ថ្ងៃ នា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានល្អ​អស្ចារ្យ សិល្បករ​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ សម្តែង​យ៉ាង​កំពុង​ហាត់​សម​យ៉ាង​យកចិត្ត​ទុក​ដាក់​​។ សិល្បករ​ទាំងអស់ បាន​ចំណាយពេល​កន្លះ​ខែ ក្នុងការ​ហ្វឹកហាត់​ត្រង់​ឈុត សុវណ្ណ​ម​ច្ចា និង​ឈុត ចៅ​ស៊ី​ផាន់ (​យក្ស​កាត់​មាន់​) ដែល​ត្រូវ​លើក​យកទៅ​សម្ដែង​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការហ្វឹកហាត់​នេះ ធ្វើឡើង​យ៉ាង​ក្លៀវក្លា នៅក្នុង​សាលា​មធ្យម​វិចិត្រសិល្បៈ​។ ជាការ​ហ្វឹកហាត់  ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព និង​ទេពកោសល្យ​។​

កំពុង​អង្គុយ​ពោល​ឃ្លា និង​ទស្សនា​ការហាត់​សម​ផង លោក ខុន ច​ន្ទ័​សិទ្ធិការ្យ ប្រធាន​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា បានបង្ហាញ​ភាពសប្បាយ​រីករាយ ដែល​ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បានជ្រើសរើស​ក្រុម​ខ្លួន សម្រាប់​ការសម្តែង​ល្ខោនខោល​។ លោក ខុន  ច​ន្ទ័​សិទ្ធិការ្យ អះ​អា​ថា  ក្រុមយុវជន​ល្ខោនខោល បាន​ត្រៀម​ខ្លួ​ច​រួចរាល់​ហើយ រួមទាំង​បច្ចេកទេស ទាំង​ស្នាដៃ និង​ការហាត់​សម​សម្រាប់​សម្ដែង​ឲ្យ​ល្អ​ជូន​ទស្សនិកជន​ទស្សនា បន្ទាប់ពី​ហាត់​សម​កន្លះ​ខែ​រួចមក​។​

ប្រធាន​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា​រូបនេះ ជឿជាក់ថា ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​សិល្បករ នឹង​នាំយក​នូវ​ភាព​ភាព​អស្ចារ្យ​នៃ​ល្ខោនខោល​ខ្មែរ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ ក្រុមយុវជន​ល្ខោនខោល​កម្ពុជា នឹង​លើកយក​ទស្សនីយភាព​ល្ខោនខោល ឈុត សុវណ្ណ​ម​ច្ចា និង​ឈុត ចៅ​ស៊ី​ផាន់ (​យក្ស​កាត់​មាន់​) ទៅ​សម្ដែង​ជូន​ទស្សនិកជន​។ ការសម្តែង នឹងធ្វើ​ឡើង​២​ដង ក្នុង​មួយថ្ងៃ នា​បរិវេណ​ភូមិ​ខ្ញុំ​។​

នេះ​ជា​ឆ្នាំ​ទី​១ ដែល​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា មានឱកាស​ទៅ​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ លោក សួរ គឹម​សេង  ជា​សិល្បករ ក៏​រីករាយ​ដែរ ចំពោះ​ការសម្តែង​ល្ខោនខោល ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​នេះ​។ លោក សួរ គឹម​សេង ដែលជា​សាស្ត្រាចារ្យ​ល្ខោនខោល​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​ផង បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​មែនទែន ដែល​សិល្បៈ​គ្រប់​ទម្រង់​មាន​វត្តមាន ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជាពិសេស​ល្ខោនខោល​។ ពួក​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​សម្ដែង​ឲ្យ​បានល្អ​»​។

ទោះជា​ការសម្ដែង​លើ​ឆាក​មាន​រយៈពេល​តែ ១៥​នាទី ក៏ដោយ ប៉ុន្តែ​សិល្បករ​ទាំងអស់ ត្រូវ​ចំណាយពេល ១៥​ថ្ងៃ ដើម្បី​ហាត់​សម​ការសម្ដែង​នេះ និង​ចំណាយពេល​២​ម៉ោង ក្នុង​១​ថ្ងៃ ដើម្បី​ហាត់​សម​ឲ្យ​ខ្លាំង និង​រស់​រវើក​។​

មិន​ខុសគ្នា​ពី​សិល្បករ​ខាងលើ​នោះទេ សម្រាប់​លោក ខុន ច​ន្ទ័​ស៊ីណា ជា​ក៏​សិល្បករ​ល្ខោនខោល​រូប ដែល​កំពុង​ហាត់​សម ដើម្បី​ចូលរួម​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផងដែរ​។ បន្ថែម​ពីនេះ លោក ខុន ច​ន្ទ័​ស៊ីណា ជឿថា​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ នឹង​បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជា​ឱកាស​បង្ហាញ​ទៅ​ភ្ញៀវ​ទេស​អន្តរជាតិ ឲ្យ​បាន​ស្គាល់​ច្បាស់​ពី​ទម្រង់​សិល្បៈ​ល្ខោនខោល​ខ្មែរ​។​

គួរ​បញ្ជាក់ថា ល្ខោនខោល ឬ​ល្ខោន​ពាក់​របាំងមុខ គឺជា​ល្ខោន​មួយ​ដែលមាន​អាយុកាល​ចំណាស់​តាំង​ពីមុន​សម័យអង្គរ ក្នុង​សតវត្ស​ទី​៩ តាមរយៈ​ចម្លាក់​លឹប​ក្នុង​តាម​ជញ្ជាំង​ប្រាសាទ​អង្គរ​។ តួ​សម្ដែង សុទ្ធសឹងតែ​ជា​បុរស  ដែល​តែង​តួ​ជា​នារី​។ ភាគច្រើន​ល្ខោនខោល មានការ​សម្ដែង​តែ​ក្នុង​ព្រះបរមរាជវាំង និង​ក្នុង​កម្មវិធី​ធំៗ​របស់​ជាតិ​ប៉ុណ្ណោះ​៕



Tag:
 ល្ខោនខោល​
 ​អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com