ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកគ្រូ ផេង ម៉ូ​លី បោះបង់​ការងារ​ការិយាល័យ​មក​ធ្វើជា​គ្រូ​នៅ​សាលា​ជនបទ​
16, Apr 2017 , 9:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកគ្រូ ផេង ម៉ូ​លី បានទទួល​ជ័យលាភី​លេខ​ពីរ លើ​ការបង្រៀន​ភាសា​ខ្មែរ​បានល្អ​កម្រិត​ថ្នាក់បឋមសិក្សា ក្នុង​ឆ្នាំ​២០១៧​នេះ​។ វា​មិនមែនជា​រឿង​ចៃដន្យ​នោះទេ​ដែល​អ្នក​គ្រូបានទទួល​ជ័យលាភី ក្នុងចំណោម​លោកគ្រូ​អ្នកគ្រូ​៥​នាក់​ទៀត នៅ​ទូទាំងប្រទេស​។ អ្នកគ្រូ​បាន​ចាត់ទុក​ជ័យលាភី​នេះ​កើតចេញពីកម្លាំង​ញើស​ឈាម​របស់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ពលរដ្ឋ​ក្នុង​សហគមន៍​អ្នកគ្រូ​។​



​អ្នកគ្រូ​ដែលមាន​ស្រុកកំណើត​ក្នុង​ខេត្តកំពង់ចាម បាន​ចំណាយ​ពេលវេលា​ជាង ៣​ឆ្នាំ​ហើយ ដើម្បី​បង្រៀន សិស្សានុសិស្ស​ក្នុង​ថ្នាក់ទីមួយ នៃ​សាលាបឋមសិក្សា គួច ម៉េង​លី ទួល​បេង ស្ថិត​ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ការបង្រៀន​គឺជា​ចំណង់​ចំណូលចិត្ត​របស់​អ្នកគ្រូ​ក្រមុំ​វ័យ ២៥​ឆ្នាំ​រូបនេះ ដែល​ផ្ទេរ​ចំណេះ​ជំនាញ​ដល់​កុមារ​នៅ​កម្រិត​មូលដ្ឋានគ្រឹះអប់រំ​។ អ្នកគ្រូ​សម្បុរ​ស​មាឌ​មាំ​ក្រអាញ​និយាយ​រៀបរាប់​ទាំង​ទឹកមុខ​ញញឹម​ដូច្នេះ​ថា​៖«​សាលារៀន​គឺជា​កន្លែង​ផ្តល់​សុ​បិ​ន្ត​របស់​កុមារ​ទាំងអស់​។ កុមារ​នឹង​ស្វែង​រកក្តី​សុបិន​ពី លោកគ្រូ អ្នកគ្រូ ហើយ​លោកគ្រូ អ្នកគ្រូ ជា​អ្នកបង្កើត​ក្តី​សុបិន​ទាំងអស់គ្នា​»​។​



​អ្នកគ្រូ ម៉ូ​លី ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​គ​ណ​នេ​យ្យ នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​ក្នុង​ខេត្តកំពង់ចាម បាន​ឆ្លង​ការបណ្តុះបណ្តាល​បន្ថែមរ​យៈ​ពេល​ជាង ១​ឆ្នាំ ក្នុង​សាលា​គរុកោសល្យ ​និង​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ចាម មុនពេល​ក្លាយខ្លួនជា​គ្រូបង្រៀន​ពេញក្របខ័ណ្ឌរដ្ឋ​។ អ្នកគ្រូ​ដែល​កំពុង​បង្រៀន​នៅ​សាលាបឋមសិក្សា​ដាច់​ស្រ​យោល​ពី​ទី​រួម​ខេត្ត​ជាង ១០​គីឡូម៉ែត្រ​រូបនេះ បាន​រម្លឹក​រឿង​ប្រាប់​អ្នកសារព័ត៌មាន ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​សាលា​កន្លងមក​ថា ពីមុន​អ្នកគ្រូ​មាន​អាជីព​អ្នក​គណនេយ្យ​ក្នុង​ក្រុមហ៊ុន​ឯកជន​ម្នាក់ ប៉ុណ្ណោះ តែ​ក្រោយមក អ្នកគ្រូ​សម្រេច​បោះបង់​អាជីព​ក្នុង​ការិយាល័យ​នោះ​វិញ ក្រោយពី​ប្រឡង​ជាប់​ការជ្រើសរើស​គ្រូបង្រៀន​ថ្នាក់បឋមសិក្សា ពីព្រោះ​អ្នកគ្រូ​ចង់ឃើញ​កុមារ​ជនបទ​ក្នុង​មូលដ្ឋាន​ខ្លួន ទទួល​ការអប់រំ​ប្រកបដោយ​គុណភាព​ដូច​កុមារនៅទីក្រុង​ដែរ​។ ដូច​បំណង អ្នកគ្រូ​ដែលមាន​គ្រួសារ​ជា​ស្រែចំការ​បាន​ចូលខ្លួន​ជួយ​បណ្តុះបណ្តាល​សិស្ស​កម្រិត​បឋមសិក្សា ក្នុង​សាលារៀន​ដែលមាន​អគារសិក្សា​កម្ពស់​២​ជាន់ សួនច្បារ​ដ៏​ស្រស់បំព្រង​អមដោយ​ពាក្យ​អប់រំ​កុមារ​ឲ្យ​ក្លាយជា​សិស្ស​ល្អ កូន​ល្អ និង​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​។​

​អ្នកគ្រូ ម៉ូ​លី សង្កេតឃើញថា សាលា​អ្នកគ្រូ​មាន​សោ​ភ័យ​ភាព និង​គុណភាព​អប់រំ​មិន​ចាញ់​បរិស្ថាន​សាលា ក្នុង​ទីក្រុង​នោះទេ ដ្បិត​សាលា​អ្នកគ្រូ​ស្ថិត​ក្នុងស្រុក​ដាច់ស្រយាល​ក្តី​។​



​កញ្ញា​មិនដែល​ត្អួ​ញ​ត្អែ​រ​នឹង​ការបង្រៀន​ម្តងណា​នោះទេ ទោះបីជា​កញ្ញា​ត្រូវ​បង្រៀន​សិស្ស​ក្មេង​ជាង​ ៥០​នាក់​ក្តី ដោយសារ​តែកញ្ញា​ចូលចិត្ត​ការបង្រៀន​។ ម្យ៉ាងទៀត កញ្ញា​ក៏​ទទួលបាន​ការលើក​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរអប់រំ​ខេត្ត រួមទាំង​អាណាព្យាបាល​សិស្ស​ផង​។​

«​ដើម្បី​ឲ្យ​ការបង្រៀន​ទទួលជោគជ័យ គ្រូបង្រៀន​ទាំងអស់​ត្រូវ​ប្រើ​បេះដូង​បង្រៀន​សិស្ស​ឲ្យ​ស្រលាញ់​ការសិក្សា​។ កុមារ​ចូលចិត្ត​លេង​ច្រើន ចឹ​ង​កម្មវិធីសិក្សា​តម្រូវ​តាមចិត្ត​កុមារ រួមមាន ល្បែង​សិក្សា ការប្រឡងប្រជែង ការលើក ទឹកចិត្ត រួមទាំង​សម្តែង​អ្វីដែល​គេ​ពេញចិត្ត​»​។ អ្នកគ្រូ ម៉ូ​លី កំពុង​ឈរ​មុខ​អគារសិក្សា​ថ្មី​សន្លាង​រៀបរាប់​ពី​របៀប​បង្រៀន​ឲ្យ​កុមារ​ចូលចិត្ត​ការសិក្សារៀនសូត្រ​ក្នុង​មូលដ្ឋាន​ខ្លួន បន្ថែមលើ​ការពង្រឹងវិន័យរបស់​សាលា​។​

​ដោយសារ​ការស្រលាញ់ ការព្យាយាម​សិក្សា​ស្រាវជ្រាវ និង​ការគោរពវិន័យ​បង្រៀន អ្នកគ្រូ​ត្រូវ​ថ្នាក់ដឹកនាំ​សាលា តាមរយៈ​មន្ទី​អប់រំ​បញ្ជូន​ខ្លួន​ឲ្យ​ចូលរួម​ប្រកួតប្រជែង​គ្រូបង្រៀន​ភាសា​ខ្មែរ​ល្អ រហូត​ទទួល​ជ័យលាភី​ក្នុងឆ្នាំនេះ​។ នៅពេល​ទទួលបាន​ជ័យលាភី​ពី​ក្រសួង អ្នកគ្រូ​សំដី​ទន់ភ្លន់​រូបនេះ កាន់​តែមាន​កម្លាំងចិត្ត​ក្នុង​ការជួយ​បង្រៀន​សិស្ស​ថ្នាក់បឋមសិក្សា ថែមទៀត ឲ្យ​ស្រប​នឹង​ការអប់រំ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​ក្នុង​សតវត្សរ៍​ទី​២១​។​

«​ខ្ញុំ និង​លោកគ្រូ​អ្នកគ្រូ​សុទ្ធ​តែមាន​ចក្ខុវិស័យ​ចង់ឃើញ​កូនៗ (​កុមារ​) ក្នុង​សាលា​យើង​ទទួលបាន​ការអប់រំ​តាមបែប​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដូចជា មាន​មន្ទីរពិសោធន៍​កុមារ ការ​បញ្ចាំង​ផ្ទាំង​ស្គ្រី​ន​បង្រៀន​ដូច​សាលា​ជំនាន់​ថ្មី នៅពេល​ខាងមុខ​ទៀត​»​។ អ្នកគ្រូ ផេង ម៉ូ​លី បញ្ជាក់​ពី​បោះបង់​ការងារ​ការិយាល័យ​មក​ធ្វើជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ជនបទ​ព្រោះ​អ្នកគ្រូ​ចង់​ឲ្យ​កុមារ​បានទទួល​ចំណេះដឹង​ស្មើៗ​គ្នា ដើម្បី​អភិវឌ្ឍ​ខ្លួនគេ គ្រួសារ និង​សង្គមជាតិ​៕













Tag:
 ផេង ម៉ូ​លី​
  អប់រំ​
  កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com