កីឡាជាតិ
ជាតិ
 គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា លោក Vitorino នឹង​បន្ត​ចុះ​ចែករំលែក​បទពិសោធន៍​នៅតាម​ក្លិប​ក្នុង​លី​ក​កំពូល​
16, Apr 2017 , 7:39 am        
រូបភាព
ដោយ:
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Leonardo Vitorino និង​ក្រុមការងារ​នឹង​ចុះទៅ​ចែករំលែក​បទពិសោធន៍​នៅតាម​បណ្តា​ក្លិប​ទាំងអស់​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន រួមទាំង​ក្រុម​ជ្រើស​ជាតិ​ផងដែរ​។ គ្រូបង្វឹក​រូបនេះ​សង្កត់ធ្ងន់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​អាច​រីកចម្រើន​បាន​វា​អាស្រ័យទៅលើ​ក្លិប​នីមួយៗ​។


​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប​ដែល​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​កាលពី​ថ្ងៃទី​១១ ខែមេសា លោក Leonardo Vitorino គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានប្រកាសថា លោក និង​ក្រុមការងារ​នឹង​ចុះទៅ​ពង្រឹង​ការហ្វឹកហាត់​នៅតាម​ក្លិប​ឲ្យ​មាន​ស្តង់ដារ​ដូច​បណ្តា​ប្រទេស​នៅតាម​តំបន់​អឺរ៉ុប​។ លោក​បញ្ជាក់ថា ការងារ​នេះ​អាច​សម្រេច​ទៅបាន លុះត្រា​មានការ​ចូលរួម​សហកា​រ​ពី​បណ្តា​ក្លិប​នីមួយៗ​។ នេះ​បើ​យោងតាម​លោក ម៉ែន ពិសិដ្ឋ អគ្គលេខាធិការ​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​។
 
​ការចុះទៅ​ចែករំលែក​បទពិសោធន៍ ក៏ដូចជា​ពង្រឹង​ដោយផ្ទាល់​នៅតាម​បណ្តា​ក្លិប​នេះ ក្នុង​គោលបំណង​ដើម្បី​ជួយ​ពង្រឹង​ការហ្វឹកហាត់​របស់​ក្លិប​នីមួយៗ​ឲ្យ​មាន​ស្តង់ដារ​ដូច​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប​។ លើសពីនេះ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់ និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​រូបនេះ​សង្កត់ធ្ងន់ថា ក្រុម​ជម្រើសជាតិ​អាច​រីកចម្រើន​ទៅបាន​លុះត្រាតែ​ក្លិប​នីមួយៗ​រីក​ច​ម្រើ​ស​ជាមុនសិន​។
 
​គួរ​បញ្ជាក់ថា លោក Leonardo Vitorino គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា រួមជាមួយ​គ្រូបង្វឹក ថ្នាក់ដឹកនាំ​ក្លិប​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​បាន​ជួបប្រជុំគ្នា​បែប​សង្កាត់​មួយ​កាលពី​ម្សិលមិញ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រជុំ​នេះ ក្នុង​គោលបំណង ស្វែងរក​ដំណោះស្រាយ និង​គន្លឹះ​សំខាន់ៗ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​មួយកម្រិត​ទៀត លើ​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន​។
 
​ជាមួយគ្នានេះ លោក ម៉ែន ពិសិដ្ឋ អគ្គលេខាធិការ​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប បានចាត់ទុក​ការជួបប្រជុំ​នេះ​ជាស​ញ្ញា​មួយ​ដ៏​ល្អ​សម្រាប់​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ក្នុងការ​ឈានឆ្ពោះ​ទៅរក​ភាព​រីកចម្រើន​។ លើសពីនេះ លោក បានចាត់ទុក​ការជួបប្រជុំ​លើកដំបូង​ក្នុង​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​នេះ​ថា ជាការ​ជួបជុំ​មួយ​ដ៏​ល្អ ព្រោះ​គ្រូ​ទាំងអស់​ទទួលបាន​បទ​ពិសោធន៍ និង​ការបកស្រាយ​ចម្ងល់​របស់ខ្លួន​ពី​សំណាក់​គ្រូបង្វឹក​មកពី​ទ្វីបអាមេរិក​រូបនេះ​៕ 

Tag:
 បាល់ទាត់​
  Vitorino
  ម៉ែន ពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com