ជាតិ
នយោបាយជាតិ
លោកស្រី សូហ្វី ឡាហ្គេនី ក្លាយជាអ្នកជំនាញផ្នែកការបោះឆ្នោត នៅ គ.ជ.ប លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប និងលោកស្រី សូហ្វី ឡាហ្គេនី មានជំនួបជាមួយគ្នា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។ រូបភាពពីទំព័រ ហ្វេសប៊ុកគ.ជ.ប
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលយកលោកស្រី សូហ្វី ឡាហ្គេនី (Sophie Lagueny) នាយិកា នៃមូលនិធិអន្តរជាតិ ដើម្បីប្រព័ន្ធបោះឆ្នោត (IFES) ប្រចាំកម្ពុជា ឲ្យធ្វើជាអ្នកជំនាញការបោះឆ្នោត នៅទីស្ដីការ គ.ជ.ប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលចេញផ្សាយ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) គឺជាអ្នកជ្រើសរើសលោកស្រី សូហ្វី ឡាហ្គេនី ឲ្យធ្វើជាអ្នកជំនាញផ្នែកការបោះឆ្នោត នៅទីស្តីការគ.ជ.ប។ លោក បន្តថា USAID បានផ្តល់ថវិកាចំនួន ១.៨ លានដុល្លារ ដល់ IFES ដែលមានលោកស្រី សូហ្វី ឡាហ្គេនី ជាតំណាង ដើម្បីជាជំនួយដល់ការរៀបចំការបោះឆ្នោត នៅកម្ពុជា។
អ្នកនាំពាក្យខាងលើ បន្តថា ការដែល USAID ជ្រើសរើសលោកស្រី សូហ្វី ឡាហ្គេនី ឲ្យធ្វើជាអ្នកជំនាញការបោះឆ្នោតនៅទីស្តីការ គ.ជ.ប គឺដោយសារតែលោកស្រី ធ្លាប់ធ្វើការក្នុងវិស័យនេះ អស់ជាច្រើនឆាំ្នមកហើយ។ លោក និយាយដូច្នេះថា៖«មិនមែនគ.ជ.ប ជាអ្នកជ្រើសរើសទេ គឺ USAID ជាអ្នកជ្រើសរើសលោកស្រី ព្រោះ IFES ដែលមានលោកស្រីជាតំណាង គឺទទួយជំនួយពី USAID។ លោកស្រី ធ្លាប់ធ្វើការក្នុងប្រទេសនានា ហើយមានបទពិសោធច្រើនទាក់ទងនឹងការបោះឆ្នោត»។
បើតាមលោក ហង្ស ពុទ្ធា ដដែល លោកស្រី សូហ្វី ឡាហ្គេនី មានតួនាទីសំខាន់បី នៅក្នុងទីស្តីការ គ.ជ.ប គឺ បណ្តុះបណ្តាលមន្ត្រីគ.ជ.ប ជុំវិញការបោះឆ្នោត, បណ្តុះបណ្តាលមន្ត្រីគ.ជ.ប ឲ្យមានសមត្ថភាព ដោះស្រាយទំទាស់ ដែលកើតឡើងពីបញ្ហាបោះឆ្នោត និងអប់រំប្រជាពលរដ្ឋ អំពីការបោះឆ្នោត។ លោក បន្ថែមថា គ.ជ.ប នឹងបង្កើតការិយាល័យមួយ នៅក្នុងទីស្តីការ គ.ជ.ប សម្រាប់លោកស្រី សូហ្វី ឡាហ្គេនី បំពេញការងារ។
សូមបញ្ជាក់ថា កន្លងមក គ.ជ.ប បានបង្កើតការិយាល័យចំនួនពីររួចទៅហើយ សម្រាប់ឲ្យអ្នកជំនាញការបោះឆ្នោត ពីសភាពអឺរ៉ុប និងអ្នកជំនាញការបោះឆ្នោត ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ធ្វើការនៅក្នុងទីស្តីការ គ.ជ.ប៕
© រក្សាសិទ្ធិដោយ thmeythmey.com