បទយកការណ៍ / បទសម្ភាសន៍
កម្ពុជា​ត្រៀម​ចុះបញ្ជី​ល្បែង​អុកចត្រង្គ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​អង្គការ​យូណេស្កូ​
18, Apr 2017 , 10:25 am        
រូបភាព
​សៀមរាប​៖ ពី​ខេត្តសៀមរាប​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​និយាយថា ស្ថាប័ន​លោក​បាន និង​កំពុង​ត្រៀម​ចុះបញ្ជី​ល្បែង​អុកចត្រង្គ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​នៅក្នុង​អង្គការ​យូណេស្កូ​។ ការប្រកាស​របស់លោក បាន​ធ្វើឡើង​នៅក្នុង​ខេត្តសៀមរាប​ក្នុងខណៈ​ពេលដែល​លោក​បាន​ដឹកនាំ​ក្រុម​កីឡាករ កីឡាការិនី​ល្បុកតោ និង​ល្បែង​អុកចត្រង្គ​ឲ្យ​ចូលរួម​ប្រកួត និង​សម្តែង​នៅក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​ខេត្តសៀមរាប​។



សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដូចតទៅ​៖ 
 
 
 
 
​អស់​រយៈពេល​ប្រមាណ​ជា​៥​ឆ្នាំ​មកហើយ​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានរៀបចំ​ការប្រកួត​ល្បែង​អុកចត្រង្គ​នៅក្នុង​ខេត្តសៀមរាប​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ហើយ​កាល​ពេល​ថ្មីៗ​កន្លងមកនេះ លោក វ៉ា​ត់ ចំរើន បាន​ចូលរួមចំណែក​បង្កើត​សហព័ន្ធ​ល្បែង​អុកចត្រង្គ​រួចរាល់​ហើយ​។ 
 
​ចេញពី​លទ្ធផល​ទាំងពីរ​ខាងលើនេះ លោក វ៉ា​ត់ ចំរើន ត្រូវការ​រយៈពេល​ប្រមាណ​ជា​ជិត​ពីរ​ឆ្នាំ​ដើម្បី​រៀបចំ​ឯកសារ​នានា មុននឹង​ស្នើការ​ចុះបញ្ជី​ទៅក្នុង​អង្គរការ​យូណេស្កូ​។ លោក​ថា ពី​ពេល​ឥឡូវនេះ​ទៅដល់​ឆ្នាំ​២០១៨ លោក​ត្រូវ​រៀបចំ​ឯកសារ​ឲ្យ​បាន​ចប់​ពី​៩០​ទៅ​១០០​ភាគរយ​។ 
 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន រំពឹងទុក​ថា លោក​នឹង​ស្នើការ​ចុះបញ្ជី​ល្បែង​អុកចត្រង្គ​នេះ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​នៅក្នុង​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ ពោល គឺ​ឲ្យ​បាន​មុន​ព្រឹត្តិការណ៍​ការប្រកួត​ស៊ី​ហ្គែ​ម​ឆ្នាំ​២០២៣​នៅក្នុង​ប្រទេស​កម្ពុជា​៕ 
 
 
 

Tag:
 អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com