កីឡាជាតិ
កីឡាករ ហេង សៅឌី គ្រងតំណែងស្ដេចអុកឆ្នាំ២០១៧
× សៀមរាប៖ កីឡាករ ហេង សៅឌី គ្រងតំណែងស្ដេចអុកចត្រង្គនៃព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០១៧ ក្រោយពីប្រកួតយកឈ្នះកីឡាករ ប៊ិន គាសេង ខណៈដែលកីឡាករ ឆយ វីរ៉ា ទទួលបានជ័យលាភីលេខ៣ ក្រោយពីយកឈ្នះ ស្ដេចអុកពីរឆ្នាំជាប់គ្នាកីឡាករ ឈាវ បូរ៉ា។
ក្នុងការប្រកួតដោយចំណាយពេលប្រមាណជិត១០ ប៉ុណ្ណោះ ក្នុងក្ដារទីមួយនោះ កីឡាករ ហេង សៅឌី បានយកឈ្នះកីឡាករ ប៊ិន គាសេង ដោយការសម្លាប់តាមបច្ចេកទេសតែម្ដង។ ជ័យជំនះក្នុងក្តារទីមួយលើកីឡាករ ប៊ិន គាសេង នេះគឺវាគ្រប់គ្រាន់ហើយ ដែលអាចឲ្យកីឡាករ ហេង សៅឌី គ្រងតំណែងស្ដេចអុកចត្រង្គនៃព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០១៧ ជំនួសស្ដេចអុកឆ្នាំ២០១៦ គឺកីឡាករ ហួយ សូណា ដែលបានធ្លាក់ក្នុងវគ្គជម្រុះ និងស្ដេចអុកពីរឆ្នាំជាប់គ្នាកីឡាករឈាវ បូរ៉ា ដែលបានជាប់ចំណាត់ថ្នាក់លេខ៤ ។ ចំណែកស្ដេចអុកកាលពីឆ្នាំ២០១០ កីឡាករ ឆយ វីរ៉ា បានចំណាត់ថ្នាក់លេខ៣ ។
ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ត ឆ្នាំ២០១៧ កីឡាករ ហេង សៅឌី ទទួលបានទឹកប្រាក់ ១២លានរៀល ពីគណៈកម្មាធិការជាតិកម្ពុជា និងទឹកប្រាក់ ២០លានរៀល ពីសម្ដេច ហ៊ុន សែន។ ចំណែកចំណាត់ថ្នាក់លេខ២ កីឡាករ ប៊ិន គាសេង ទទួលបានពានជើងឯករង និងទឹកប្រាក់ ៨លានរៀល ពីគណៈកម្មាធិការជាតិកម្ពុជា និងទឹកប្រាក់ ១២លានរៀល ពីសម្ដេច ហ៊ុន សែន។ ចំណែកកីឡាករ ឆយវីរ៉ា ចំណាត់ថ្នាក់លេខ៣ ទទួលបានទឹកប្រាក់៤លានរៀលពីគណៈកម្មាធិការជាតិកម្ពុជា និងទឹកប្រាក់ ៨លានរៀលពីសម្ដេច ហ៊ុន សែន។ (ហ៊ុនសែន) ខណៈដែលកីឡាករ ឈាវ បូរ៉ា ចំណាត់ថ្នាក់លេខ៤ ទទួលបានទឹកប្រាក់៣លានរៀលពីគណៈកម្មាធិការជាតិកម្ពុជា និងទឹកប្រាក់ ៤លានរៀលពីសម្ដេច ហ៊ុន សែន។
ចំពោះកីឡាករ រស់ រិទ្ធីយ៉ា,លឹម ផល្លា, ម៉ី កែវនិម្មិត និងកីឡាករ កាំង ហេង ដែលទទួលបានចំណាត់ថ្នាក់ចាប់ពីលេខ៥ដល់លេខ៨នោះ ក៏ទទួលបានទឹកប្រាក់ចំនួន២លានរៀល ពីសម្ដេច ហ៊ុន សែន ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com