កីឡាជាតិ
ជាតិ
ញ៉ែម បូរ៉ា និង​ស្រ៊ាង សុរ៉ា​ឃីម បាន​មេដាយប្រាក់​ប៉េតង់​ពិភពលោក​ពី​បែលហ្ស៊ិក​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​
17, Apr 2017 , 1:04 am        
រូបភាព
កីឡាករ ញ៉ែម បូរ៉ា និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម បានទទួល​មេដាយប្រាក់​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ។ ប្រភពរូបថត៖ Hun Samuth
កីឡាករ ញ៉ែម បូរ៉ា និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម បានទទួល​មេដាយប្រាក់​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ។ ប្រភពរូបថត៖ Hun Samuth
ដោយ: រួបរួម
កីឡាករ ញ៉ែម បូរ៉ា និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម បានទទួល​មេដាយប្រាក់​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ (Doubles Mixed) ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​លំដាប់​ពិភពលោក World Championship Petanque 2017 នៅ​ទីក្រុង Ghent ប្រទេស​បែលហ្ស៊ិក​។ បូរ៉ា និង​សុរ៉ា​ឃីម ដែល​ទើបតែ​ទទួលបាន​បទពិសោធន៍​ប្រកួត​លំដាប់​ពិភពលោក​លើកដំបូង បាន​ប្រកួត​ចាញ់​ក្រុម​ទុយ​នេ​ស៊ី ៧-១៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃនេះ បន្ទាប់ពី​កីឡាការិនី អ៊ុក ស្រីមុំ បាន​មេដាយមាស​ក្រោយ​យកឈ្នះ​កីឡាការិនី​មកពី​តំបន់​អាហ្វ្រិក​ខាងជើង​មួយ​នេះ​ដូចគ្នា​។



​នៅ​ការប្រកួត​វគ្គ​ជម្រុះ​ដំបូង ញ៉ែម បូរ៉ា និង ស្រ៊ាង សុរ៉ា​ឃីម បាន​ចាញ់​ក្រុម​បារាំង ៧-៨ តែ​ឈ្នះ​ហុង​គ្រី ១៣-៥ និង​ឈ្នះ​សាធារណរដ្ឋ​ឆែក ១៣-១ ដើម្បី​ទទួលបាន​កៅអី​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ ប៉ូ​រ៉ា និង សុរ៉ា​ឃីម បាន​យកឈ្នះ Salim Raza Bhaye SOOKHARRY និង Pamela WONG របស់​ម៉ូ​រី​ទូ​ស ១៣-០ ហើយ​បន្ត​ឈ្នះ Alessio COCCIOLO និង Valentina PETULICCHIO របស់​អ៊ីតាលី ១៣-៤ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។​

​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កីឡាករ និង​កីឡាការិនី​របស់​កម្ពុជា បាន​យកឈ្នះ Jean-Michel DERLINCOURT និង Sonia COULOMBE របស់​កាណាដា ក្នុង​លទ្ធផល ១៣-៥ ប៉ុន្តែ​បាន​ចាញ់ Khaled LAKHAL និង Nadia BEN ABDESSALEM របស់​ទុយ​នេ​ស៊ី ៧-១៣ ដោយ​ទទួលបាន​មេដាយប្រាក់​។​

​សម្រាប់​លទ្ធផល​ផ្សេងទៀត​របស់​កម្ពុជា កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​ឯកត្តជន​។ ប៉ុន្តែ អ៊ុក ស្រីមុំ និង ស្រ៊ាង សុរ៉ា​ឃីម បាន​ចាញ់​ក្រុម​អាល្លឺម៉ង់ ៤-១៣ នា​ការប្រកួត​លើ​វិញ្ញាសា​វាយ​គូ​នារី នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

​សម្រាប់​វិញ្ញាសា​បុរស សុខ ចាន់​មាន បាន​ចាញ់​កីឡាករ​បែលហ្ស៊ិក ១១-១៣ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​លើ​វិញ្ញាសា​ឯកត្តជន រីឯ​វិញ្ញាសា​វាយ​គូ​បុរស ចាន់​មាន និង បូរ៉ា ឈ្នះ​ក្រុម​អង់គ្លេស ១៣-១១ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ តែ​ចាញ់​ក្រុម​អាល្លឺម៉ង់ ៩-១៣ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​៕


Tag:
 ប៉េ​តង់
© រក្សាសិទ្ធិដោយ thmeythmey.com