ជាតិ
គ.ជ.ប ចាប់ផ្តើមចែកបណ្ណព័ត៌មានអំពីការបោះឆ្នោត ដល់ប្រជាពលរដ្ឋ ពីខាងឆ្វេងទៅស្តាំ) លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប លោក រ៉ុង ឈុន សមាជិកគ.ជ.ប លោក ទេព នីថា អគ្ឡលេខាធិការគ.ជ.ប លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរងគ.ជ.ប លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាននៃគ.ជ.ប នាកិច្ចប្រជុំផ្សព្វផ្សាយជុំវិញការបោះឆ្នោត ដល់ភាគីពាក់ព័ន្ធ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។
× ភ្នំពេញ៖ គ.ជ.ប នឹងចំណាយពេល១ខែ ដើម្បីចែកចាយបណ្ណព័ត៌មាន ដែលទាក់ទងនឹងការបោះឆ្នោត ទៅដល់ប្រជាពលរដ្ឋ។ បើតាមការអះអាងរបស់គ.ជ.ប ការចែកចាយបណ្ណព័ត៌មាននេះ គឺជាយន្តការមួយ ដែលអាចផ្តល់ព័ត៌មានកាន់តែច្បាស់អំពីការបោះឆ្នោត ទៅដល់ប្រជាពលរដ្ឋ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផលិតបណ្ណព័ត៌មានជិត៨លានប័ណ្ណ ដើម្បីចែកចាយទៅដល់ប្រជាពលរដ្ឋ។ ការចែកចាយបណ្ណព័ត៌មាននេះ គឺចាប់ផ្តើមពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ នេះបើតាមលោក រ៉ុង ឈុន សមាជិកគ.ជ.ប ដែលថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដល់ភាគីពាក់ព័ន្ធ ជុំវិញការបោះឆ្នោត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ។
លោក រ៉ុង ឈុន ដែលជាប្រធាននៃកិច្ចប្រជុំខាងលើ បានអះអាងថា ចំនួនបណ្ណព័ត៌មាននេះ គឺស្មើនឹងចំនួនប្រជាពលរដ្ឋជិត៨លាននាក់ ដែលបានទៅចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានលើកឡើងថា ការចែកចាយបណ្ណព័ត៌មាននេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយ ដែលអាចឲ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់អំពីការបោះឆ្នោត។ លោក បន្តថា បណ្ណព័ត៌មាននេះ គឺមានព័ត៌មានលម្អិត និងច្បាស់លាស់ ជុំវិញការបោះឆ្នោត។
អគ្គលេខាធិការគ.ជ.ប រូបនេះ បាននិយាយដូច្នេះថា៖«រាល់ថ្ងៃហ្នឹង យើងផ្សព្វផ្សាយច្រើនហើយ ក្នុងគេហទំព័ររបស់គ.ជ.ប និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ តែអត់មានព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគាត់ (ប្រជាពលរដ្ឋ)។ បណ្ណព័ត៌មាន ដែលគ.ជ.ប ចែកនេះ គឺមានទាំងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគាត់ទៀត។ ពួកគាត់ អាចដឹងទីតាំងបោះឆ្នោត អាចដឹងថាត្រូវមានឯកសារអ្វីខ្លះ សម្រាប់យកទៅបោះឆ្នោត។ [……] »។
លោកស្រី ម៉េង សុធារី តំណាងគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើ បានគាំទ្រ ចំពោះការចែកចាយបណ្ណព័ត៌មាន ដែលជាយន្តការល្អ ដើម្បីជួយឲ្យប្រជាពលរដ្ឋ ទទួលបានព័ត៌មានបន្ថែមទៀត អំពីការបោះឆ្នោត។ ប៉ុន្តែ លោកស្រី ហាក់ព្រួយបារម្ភថា ការចែកចាយបណ្ណព័ត៌មាននេះ ក៏អាចបង្កបញ្ហាខ្លះ ផងដែរ។
លោកស្រី ម៉េង សុធារី និយាយថា ប្រសិនបើ អាជ្ញាធរ ឬបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ ជាអ្នកចែកចាយបណ្ណព័ត៌មាន ទៅដល់ប្រជាពលរដ្ឋ នោះពួកគេអាចនឹងឆ្លៀតឱកាសនេះ ផ្សព្វផ្សាយឬឃោសនាពីគណបក្សខ្លួន មុខការបោះឆ្នោត។ លោកស្រី ស្នើឲ្យគ.ជ.ប យកចិត្តទុកដាក់ ទៅលើបញ្ហានេះ ដើម្បីកុំឲ្យមានភាពមិនប្រក្រតីកើតឡើង មុខការបោះឆ្នោត។
ចំណែកឯ តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិចមួយរូប ដែលបានចូលរួមក្នុងកិច្ចប្រជុំដែលនោះ មិនសូវគាំទ្រប៉ុន្មានទេចំពោះការចែកចាយបណ្ណព័ត៌មាននេះ។ ត្រង់ចំណុចនេះ តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិចខាងលើ យល់ឃើញដូចលោកស្រី ម៉េង សុធារី ដែលថា អ្នកចែកចាយបណ្ណព័ត៌មាន អាចនឹងឃោសនាពីគណបក្សរបស់ពួកគេ មុខការបោះឆ្នោត។
ជាងនេះទៀត តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិចរូបនោះ ក៏សង្កេតឃើញថា កន្លងមក អ្នកចែកចាយបណ្ណព័ត៌មាន ហាក់ប្រកាន់និន្នាការនយោបាយ ដោយពួកគេដើរចែកបណ្ណព័ត៌មាន ឲ្យប្រជាពលរដ្ឋ ដែលជាអ្នគគាំទ្រគណបក្សដូចគ្នាប៉ុណ្ណោះ។
យ៉ាងណា លោក ទេព នីថា បានឆ្លើយតបនឹងតំណាងគណបក្សនយោបាយទាំងនោះថា ការចែកចាយនេះ មានលក្ខណៈសុក្រឹត ដោយមិនប្រកាន់និន្នាការនយោបាយ ឡើយ។ ម្យ៉ាងទៀត លោក ទេព នីថា ក៏បញ្ជាក់ដែរថា ការចែកចាយនេះ គឺជាភារកិច្ចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន រួមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាអាជ្ញាធរ និងក្រុមសង្គមស៊ីវិល ផងដែរ។ លោកសង្កត់ធ្ងន់ថា ការចែកចាយនេះ មិនមែនជាភារកិច្ចផ្តាច់មុខរបស់អាជ្ញាធរ ឬបេក្ខជនឈរឈ្មោះបោះឆ្នោត នោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com