ជាតិ
សេដ្ឋកិច្ច
World Bank៖ អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ជាពិសេស​កម្ពុជា មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​
19, Apr 2017 , 8:39 am         1315
រូបភាព
​ភ្នំពេញ​៖ ធនាគារពិភពលោក (World Bank) បាន​ព្យាករ​ថា ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​បូព៌ា នៅតែ​រក្សា កំណើនសេដ្ឋកិច្ច​ល្អប្រសើរ រយៈពេល​បី​ឆ្នាំ ខាងមុខ​។ ធនាគារ​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​មួយ​នេះ បាន​បញ្ជាក់ថា កត្តា​ដែល​រក្សា​កំណើនសេដ្ឋកិច្ច គឺ​ការរក្សា​បរិមាណ​តម្រូវ​ការ​ក្នុងស្រុក​មាន​ភាពល្អប្រសើ​រ និង​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ចពិភពលោក រួមទាំង​តម្លៃ​ទំនិញ​។​


​របាយការណ៍​ដែលមាន​ចំណងជើង​ថា បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ដែល​ទើបតែនឹង​ចេញផ្សាយ​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នឹង​កើន​ឡើងដល់ ៦,២​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៧ និង​ចំនួន ៦,១​ភាគរយ​ក្នុង​ឆ្នាំ ២០១៨​។ ធនាគារពិភពលោក បាន​បញ្ជាក់ថា កំណើនសេដ្ឋកិច្ច​នឹង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​តំបន់​នេះ​ថែមទៀតរ​។​

​អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោកស្រី វិច​តូ​រៀ ក្វា​ក្វា បាន​ឲ្យ​យោបល់​ថា ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ឲ្យ​មាន​ភាពរឹងមាំ​យូរអង្វែង ប្រទេស​នានា​ត្រូវ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​នៃ​សារពើពន្ធ ស្របពេល​ពួកគេ​កំពុងតែ​កែលម្អ​គុណភាព​នៃ​ចំណាយ​សាធារណៈ និង​ជំរុញ​សមាហរណកម្ម​លើ​ពិភពលោក និង​ក្នុង​តំបន់​។​

​លោកស្រី​បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​ថា ហ្វ៊ី​លី​ពី​ន​នឹងមាន​កំណើន​វិនិយោគ​លើ​វិស័យ​វិនិយោគឯកជន ការពង្រីក​ឥណទាន និង​កំណើន​នៃ​ការផ្ទេរ​ឬ​ទូទាត់​ប្រាក់ ស្របពេល​កំណើនសេដ្ឋកិច្ច​មាន​ត្រឹម ៦,៩​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៧ និង ២០១៨​។ ដោយឡែក ប្រទេស​ម៉ាឡេស៊ី មាន​កំណើនសេដ្ឋកិច្ច​ត្រឹម ៤,៣​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៧ និង ៤,៥​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៨ ដោយសារ​រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់ឧបត្ថម្ភ​ធន​កាន់តែច្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការជំរុញ​នាំចេញ​។​

​រីឯ ប្រទេស​ឥណ្ឌូណេស៊ី​វិញ ការពង្រីក​ឥណទាន និង​តម្លៃ​ប្រេងឥន្ធនៈ​ដែល​កាន់តែ​ខ្ពស់ជាង​មុន នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កើនឡើង ៥,២​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៧ ធៀប​ទៅនឹង​ឆ្នាំ ២០១៦ មាន​ចំនួន ៥​ភាគរយ​។ ចំពោះ​ប្រទេស​វៀតណាម កំណើនសេដ្ឋកិច្ច​នឹង​កើនឡើង​ដល់ ៦,៣​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៧ ស្របគ្នា​ជាមួយនឹង​ទំនោរទី​ផ្សារ និង​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅតែ​រឹងមាំ​។​

​លោកស្រី​បន្តថា ប្រទេស​មាន​សេដ្ឋកិច្ច​តូចតាច​នៅក្នុង​តំបន់ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ឥទ្ធិពល​សេដ្ឋកិច្ច​ធំ​នៅ​ជិតខាង​ផងដែរ​។ លោកស្រី​លើកឡើង​ជាក់ស្តែង​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​កំណើនសេដ្ឋកិច្ច​នឹង​កើនឡើង​ពី ៦,៥​ភាគរយ​ក្នុង​ឆ្នាំ ២០១៦ ដល់ ៦,៩​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៧ និង ៧,២​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៨ ស្របពេល​គេ​ចំណាយ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​មានការ​កើនឡើង និង​កំណែទម្រង់​រចនាសម្ព័ន្ធ​បាន​ទាក់ទាញ​វិនិយោគទុន​បរទេស​បាន​កាន់​តែ​ច្រើនជាង​មុន​។ ជាមួយគ្នានេះ សេដ្ឋកិច្ច​របស់​ប្រទេស​ប៉ា​ពូ​ញូ​ហ្គី​នី នឹង​វិល​រក​ភាពប្រសើរ​វិញ​បន្តិច​ម្តងៗ ដោយសារ​គម្រោង​រុករក​រ៉ែ និង​ប្រេង​ថ្មីៗ​មួយចំនួន​។ យ៉ាងណា សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ុង​ហ្គោ​លី នឹងមិន​មានការ​កើនឡើង​នៅក្នុង​ឆ្នាំ ២០១៧​ទេ ស្របពេល​រដ្ឋាភិបាល​កំ​ពុង​ដោះបំណុល​ឲ្យ​នៅ​កម្រិត​មួយ​ដែល​អាច​ទ្រទ្រង់បាន ប៉ុន្តែ​គេ​រំពឹង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នឹង​វិល​មករក​ភាព​ធម្មតា​វិញ​នៅក្នុង​ឆ្នាំ ២០១៨​។​

​ដោយឡែក ប្រទេស​កម្ពុជា កំណើនសេដ្ឋកិច្ច​បន្ត​មាន​ភាពរឹងមាំ​ក្នុង​អត្រា ៦,៩​ភាគរយ​សម្រាប់​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៥ មាន​ចំនួន ៧,០​ភាគរយ​។ វិស័យ​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​គឺ វិស័យ​សំណង់​។ តែ ការនាំចេញ​ផ្នែក​សម្លៀកបំពាក់​បាន​ថយចុះ ដោយសារ​ការប្រកួតប្រជែង​នៅក្រៅ​ប្រទេស​មួយចំនួន ក្នុងនោះ រួមមាន បញ្ហា​ប្រឈម​ការឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​, ការកើនឡើង​នៃ​ចំណាយ​ថ្លៃដើម​ពលកម្ម​និង​ការប្រកួតប្រជែង​ពី​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​ដែល​ផ្តល់ប្រាក់​ឈ្នួល​ទាប​។ យ៉ាងណា លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល​ល្អប្រសើរ​ជាង​មុន នឹង​ជំរុញ​ផលិតកម្ម​កសិកម្ម​ឲ្យ​កើនឡើង​ប្រសើរ​ជាង​មុន​ក្នុង​ឆ្នាំ​២០១៧​នេះ​។ រីឯ កំណើន​អ្នក​ទេសចរណ៍ ទាប​ជាមុន​បន្តិច​មាន​អត្រា​ចំនួន ៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ ដោយសារ​ការពង្រីក​តំបន់​ទាក់ទាញ​សម្រាប់អ្នកទេសចរ​ក្រៅពី​តំបន់​អង្គរវត្ត នៅមានកម្រិត​នៅឡើយ​។ «​កំណើន​នៅ​កម្ពុជា​ត្រូវប៉ាន់​ប្រមាណ​ថា​នឹង​នៅតែមាន​ភាពរឹងមាំ គឺ​៦,៩​ភាគរយ​សម្រាប់​ឆ្នាំ​២០១៧ និង​២០១៨ ដោយសារតែ​មានការ​ចំណាយ​សាធារណៈ​ខ្ពស់ និង​ការពង្រីក​វិស័យ​កសិកម្ម និង​ទេសចរណ៍​ដែល​វា​អាច​ជំនួស​នៃ​ការធ្លាក់ចុះ​វិស័យ​សំណង់ និង​ការនាំចេញ​សម្លៀកបំពាក់​»​។ នេះ​បើតាម​របាយការណ៍​ធនា​គារ​ពិភពលោក​៕

​ដើម្បី​ទាញយក​របាយការណ៍ លោកអ្នក​អាច​ចូលទៅ​កាន់​គេហទំព័រ​ធនាគារពិភពលោក គឺ http://www.worldbank.org/en/region/eap/publication/east-asia-pacific-economic-update

Tag:
 ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ