ជាតិ
ជួប សម្លាប់ ប្តឹង​ជំទាស់​សាលាដំបូង ដែល​កាត់ទោស​ខ្លួន​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​
19, Apr 2017 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក ជួប សម្លាប់ បាន​ឲ្យ​មេធាវី ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្តន្ទាទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​រឿង​ឃាតកម្ម​លើ​លោក កែម ឡី​។ មេធាវី សង្ឃឹមថា ការតវ៉ា​នេះ នឹង​អាចជួយ​ឲ្យ​លោក ជួប សម្លាប់ ទទួល​បានការ​សម្រាល​ទោស​ខ្លះ​។



​លោក អឿ​ត អាង ហៅ​ជួប សម្លាប់ មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្តន្ទាទោស​ខ្លួន ឲ្យ​ជា​ប់ព​ន្ធា​គារ​អស់​មួយជីវិត ក្នុង​សំណុំរឿង​ឃាតកម្ម​លើ លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ការអភិវឌ្ឍ​សង្គម​។ លោក ជួប សម្លាប់ បានប្រគល់​សិទ្ធិ​ជូន​មេធាវី ឲ្យ​ដាក់ពាក្យ​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​លោក យុង ផានិត មេធាវី​របស់លោក ជួប សម្លាប់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​កំពុងតែ​រៀបចំ​ឯកសារ ដើម្បី​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​។ ទោះជា​មិនទាន់​សម្រេចចិត្ត​ច្បាស់លាស់​ក្នុង​ការដាក់​បណ្តឹង ទៅកាន់​សាលាឧទ្ធរណ៍​នៅពេលណា​ក្តី តែ​លោក​មេធាវី យុង ផានិត បាន​បញ្ជាក់ថា លោក​នឹងធ្វើ​កិច្ចការ​នេះ ឲ្យ​បាន​ឆាប់រហ័ស​។

​លោក យុង ផានិត អះអាងថា គោលបំណង​នៃ​ការប្តឹង​ជំទាស់​នេះ គឺ​ដើម្បី​សុំ​ឲ្យ​សាលាឧទ្ធរណ៍ សម្រាលទោស​កំហុស​ខ្លះ​ដល់​លោក ជួប សម្លាប់​។ លោក សង្ឃឹមថា សាលាឧទ្ធរណ៍ នឹង​សម្រាលទោស​ខ្លះ ដល់​កូនក្តី​របស់លោក តាម​ការស្នើសុំ​។​

​លោក​មេធាវី​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​គាត់ (​ជួប សម្លាប់​) មិន​ចង់​ជាប់ទោស​មួយជីវិត​ទេ​។ គាត់ ចង់​ទទួល​បានការ​សម្រាលទោស​ខ្លះ​។ គាត់​ថា គាត់ នឹង​កែប្រែ ប្រសិនបើ​បានចេញ​ពី​ពន្ធនាគារ​។ បើ​ជាប់ទោស​មួយជីវិត គាត់ មាន​ពេលណា​កែប្រែ​»​។

​សូមបញ្ជាក់ថា លោក ជួប សម្លាប់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ ដោយ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្រោម​បទ​ចោទ «​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ខុសច្បាប់​» ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ក្រោយ​ឃាតកម្ម​លើ​លោក កែម ឡី កើតឡើង ក្នុង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន លោក ជួប សម្លាប់​។ រហូតមកដល់​ពេលនេះ តុលាការ និង​សមត្ថកិច្ច មិនទាន់​រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត ក្នុង​សំណុំរឿង​ឃាតកម្ម​ខាងលើ ក្រៅតែពី​លោក ជួប សម្លាប់ នោះទេ​៕


Tag:
 ជួប សម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com