ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​កូរ៉េ​មួយ គ្រោង​វិនិយោគ​នៅ​កម្ពុជា ហើយ​នាំយក​ពលករ​ខ្មែរ​ពី​កូរ៉េ​មក​ធ្វើការ​នៅ​កម្ពុជា​វិញ​
20, Apr 2017 , 8:59 am         33040
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងការងារ នៃជំនួបរវាងលោក អ៊ិត សំហេង និងតំណាងរោងចក្រកូរ៉េ នៅក្នុងប្រទេសកូរ៉េ
រូបភាពពីហ្វេសប៊ុកក្រសួងការងារ នៃជំនួបរវាងលោក អ៊ិត សំហេង និងតំណាងរោងចក្រកូរ៉េ នៅក្នុងប្រទេសកូរ៉េ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​ផលិត​សម្ភារ​បន្ទប់ទឹក ( Saturn Bath Co.LTD ) នៃ​ប្រទេស​កូរ៉េ គ្រោង​ដាក់ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដោយ​នឹង​នាំយក​ពលករ​ខ្មែរ ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​ប្រទេស​កូរ៉េ ត្រឡប់មក​បំពេញការងា​រ​នៅ​កម្ពុជា​វិញ​ដែរ​។​


​ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​កម្ពុជា ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​នោះ តំណាង​រោងចក្រ​ផលិត​សម្ភារបន្ទប់ទឹក​របស់​កូរ៉េ​នេះ បាន​និយាយថា ពួកគេ​មានបំណង​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​ទទួលយក​ពលករ​ខ្មែរ ដែល​កំពុងតែធ្វើការ​ឲ្យ​រោងចក្រ​ខ្លួន​ស្រាប់​នេះ ត្រឡប់មក​ធ្វើការ​នៅ​កម្ពុជា​វិញ នៅពេលដែល​ពួកគេ​ត្រូវ​ចប់​អាណត្តិ​ការងារ​នៅ​ប្រទេស​កូរ៉េ​នោះ​។ តំណាង​រោងចក្រ​ខាងលើនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពេលនេះ​រោងចក្រ​ក៏មាន​គម្រោង​បណ្តុះបណ្តាល​ជំនាញ​ខ្ពស់​ដល់​ពលករ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​មាន​ជំនាញ​ច្បាស់លាស់ ហើយ​ត្រឡប់​ទៅវិញ​អាចធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ និង​ក្រុមហ៊ុន​ផ្សេងៗ​បាន​»​។​

​ជាការ​ឆ្លើយតប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង សាទរ​ចំពោះ​រោងចក្រ​ដែលមាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា ដែល​កំពុង​ត្រូវការ​អភិវឌ្ឍ​ផ្នែក​សំណង់​នេះ ។ «​កោតសរសើរ​ចំពោះ​រោងចក្រ ដែល​បាន​យកចិត្តទុកដាក់ ចំពោះ​ពលករ​កម្ពុជា និង​បាន​បណ្តុះបណ្តាល​ជំនាញ​ដល់​ពួកគេ​។ បច្ចុប្បន្ន​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​ផ្នែក​សំណង់ ដែល​ត្រូវការ​នូវ​សម្ភារគ្រប់​ប្រភេទ​សម្រាប់​សាងសង់ និង​ត្រូវការ​អ្នកមាន​ជំនាញ​ផ្នែក​នេះ​ផងដែរ »​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ​។​

​រោងចក្រ​ផលិត​សម្ភារបន្ទប់ទឹក​នេះ គឺ​ជាប់​លំដាប់​លេខ ១ នៅ​ប្រទេស​កូរ៉េ សម្រាប់​ផ្គត់ផ្គង់​ទៅដល់​ក្រុមហ៊ុន​សំណង់​ធំៗ​នៅ​កូរ៉េ និង​កំពុង​នាំ​ចេញទៅ​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក​។ ហើយ​រោងចក្រ​នេះ​ក៏បាន​ចុះ MOU ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ដំឡើង​រោងចក្រ​នៅ​ទីនោះ​ផងដែរ​៕

Tag:
 ពលករ​
  ​ខ្មែរ​
 ​ កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev123next