ជាតិ
មន្ត្រីបក្សប្រឆាំង សង្ឃឹមថា អាចរួចផុតពីពន្ធនាគារ លុះត្រាតែមានការផ្លាស់ប្តូរអ្នកដឹកនាំ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយចាកចេញពីសួរសុខទុក្ខអ្នកជាប់ឃុំ ក្នុងពន្ធនាគារព្រៃស នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។
× ភ្នំពេញ៖ អ្នកជាប់ឃុំ ដែលជាមន្ត្រីនិងជាសកម្មជនបក្សប្រឆាំង ទទូចឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ។ ពួកគេ សង្ឃឹមថា អាចនឹងមានសេរីភាពឡើងវិញ បើកម្ពុជា ផ្លាស់ប្តូរមេដឹកនាំ តាមរយៈការបោះឆ្នោត នាពេលខាងមុខ។
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស សង្ឃឹមថា ពួកគេ អាចទទួលបានយុត្តិធម៌ ហើយត្រូវបានដោះលែង លុះត្រាតែមានការផ្លាស់ប្តូរមេដឹកនាំ ជាមុនសិន។ អ្នកជាប់ឃុំទាំងនោះ និយាយដូច្នេះ ទៅកាន់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំប្រតិភូ ទៅសួរសុខទុក្ខពួកគេ ដល់ពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ។
លោកស្រី មូរ សុខហួរ អះអាងថា អ្នកជាប់ឃុំ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតថ្នាក់ឃុំ សង្កាត់ និងបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ ដើម្បីឈានទៅដល់ការផ្លាស់ប្តូរដោយវិជ្ជមាន។ អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បន្តថា អ្នកជាប់ឃុំខាងលើ មិនត្រឹមតែ អំពាវនាវទៅកាន់ប្រជាពលរដ្ឋនោះទេ តែពួកគេ ក៏បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យកចិត្តទុកដាក់ឲ្យបានខ្ពស់ អំពីកិច្ចការបោះឆ្នោត ដោយធ្វើយ៉ាងណា កុំឲ្យមានបញ្ហាដូចអាណត្តិមុនៗទៀត។
ក្រោយចាកចេញពីសួរសុខទុក្ខអ្នកជាប់ឃុំទាំងនោះ លោកស្រី មូរ សុខហួរ ក៏បានយកសម្តីរបស់ពួកគេ ដែលនិយាយជាមួយលោកស្រី មកប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា៖«បើបងប្អូន ចង់ឲ្យអ្នកទោសមនសិការ មិនថាអ្នកទោសមនសិការជាសមាជិកគណបក្សសង្គ្រោះជាតិ នោះទេ សូម្បីអ្នកទោសមនសិការ ជាមន្ត្រីសង្គមស៊ីវិល និងអ្នកដទៃទៀត ចេញពីពន្ធនាគារព្រៃស និងទទួលបានយុត្តិធម៌ លុះត្រាតែបងប្អូនអញ្ជើញទៅបោះឆ្នោត កុំខានឲ្យសោះ។ យុត្តិធម៌ នឹងបាន លុះត្រាតែបងប្អូនទៅបោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំ ចាប់ពីមេឃុំ ចៅសង្កាត់ឡើងទៅ ហើយឈានទៅដល់ការផ្លាស់ប្តូរជាវិជ្ជមាន។ ពួកគាត់ សង្ឃឹមលើអ្នកបោះឆ្នោត។ ពួកគាត់ អត់ចង់បានអ្វីទេ សូមឲ្យតែបងប្អូនទៅបោះឆ្នោត»។
សូមបញ្ជាក់ថា អ្នកជាប់ឃុំទាំងនោះ រួមមាន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី លោក អ៊ុំ សំអាន តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនជាង១០នាក់ផ្សេងទៀត។ ដោយឡែក មន្ត្រីជាន់ខ្ពស់៤នាក់ នៃសមាគមអាដហុក និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏កំពុងជាប់ឃុំ ផងដែរ៕
Tag:
អ្នកជាប់ឃុំ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com