ជាតិ
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍៖ភ្ញៀវទេសចរចំណាយប្រមាណ២០០លានដុល្លារក្នុងអំឡុងបុណ្យចូលឆ្នាំ
× នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង៤លាន ២សែននាក់ ចេញដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា។ អំឡុងបុណ្យចូលឆ្នាំនេះក្រសួងទេសចរណ៍ប៉ានស្មានថា ភ្ញៀវទេសចរទាំងអស់ បានចំណាយប្រាក់ប្រមាណ២០០លានដុល្លារ។
នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង៤លាន ២សែននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស។ នេះបើយោងតាមព័ត៌មានស្ថិតិទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧ របស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ប៉ានស្មានថា ភ្ញៀវទេសចរទាំងអស់ បានចំណាយប្រាក់ប្រមាណ២០០លានដុល្លារអាមេរិក ក្នុងអំឡុងបុណ្យចូលឆ្នាំនេះ។
បើតាមព័ត៌មានស្ថិតិទេសចរណ៍ ក្នុងចំណោមភ្ញៀវទាំងជាង ៤លាន ២សែននាក់នោះ មានភ្ញៀវទេសចរជាតិ ជាង៤លាន១សែននាក់ និងទេសចរអន្តរជាតិ ជាង៦ម៉ឺន៥ ពាន់នាក់នាក់។ តួលេខនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ កើនឡើងចំនួន ៣៣.៦ភាគរយ ខណៈភ្ញៀវអន្តរជាតិ ដែលដើរកម្សាន្តក្នុងប្រទេសកម្ពុជា នាឱកាសបុណ្យចូលឆ្នាំខ្មែរ កើនចំនួន៦.៦ភាគរយ ធៀបនឹងឆ្នាំ២០១៦ ។
ព័ត៌មានស្ថិតិទេសចរណ៍ដដែល ក៏បង្ហាញពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តនៅតាមបណ្តាខេត្តធំៗមួយចំនួនដែរ ក្នុងនោះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរ ជាង២ម៉ឺន៦ពាន់នាក់ ។ ខេត្តសៀមរាប និងខេត្តជុំវិញទទួលបានភ្ញៀវទេសចរ ជាង១លាន១៨ម៉ឺននាក់។ ខេត្តជាប់សមុទ្រ ទទួលបានភ្ញៀវទេសចរ ជាង២២ម៉ឺននាក់។ ខេត្តភាគខាងជើង ទទួលបានភ្ញៀវ ទេសចរជាង ១៨ម៉ឺននាក់។ ខេត្តបាត់ដំបង និងខេត្តជុំវិញទទួលបានភ្ញៀវទេសចរ ជាង ៤៩ម៉ឺននាក់ រីឯបណ្តាខេត្តផ្សេងទៀត ទទួលបានភ្ញៀវទេសចរ ជាង៨០ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com