ពីនេះ ពីនោះ
មិន​យល់​? ហេតុអ្វី​គេ​លក់ទំនិញ ឬ​សេវាកម្ម​ឲ្យ​ជនបរទេស​ថ្លៃ​ជាង​ខ្មែរ​?
20, Apr 2017 , 9:02 am        
រូបភាព
​នៅក្នុង​ប្រទេស​ខ្លះ អាជីវករ​លក់ទំនិញ ឬ​សេវាកម្ម​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ថ្លៃ​ជាង​ជនជាតិ​ខ្លួនឯង​។ តែ​ក្នុងប្រទេស​ខ្លះ គេ​លក់​ក្នុងតម្លៃ​ដូចគ្នា​។ លក់​ក្នុងតម្លៃ​ខុសគ្នា​(​ថ្លៃ​ជាង​)​ព្រោះ គេ​គិតថា ជនបរទេស​មាន​ថវិកា​ច្រើនជាង​ពលរដ្ឋ​ក្នុងស្រុក​។ លក់​ក្នុងតម្លៃ​ដូចគ្នា ព្រោះ គេ​យល់ថា ឯក​តា​នៃ​ទំនិញ ឬ​សេវាកម្ម​ដូចគ្នា ដូច្នេះ លក់​ឲ្យ​ជនជាតិ​ណា​ក៏ត្រូវ​លក់​ក្នុងតម្លៃ​ដូចគ្នា​ដែរ​។



​ករណី​នៅ​កម្ពុជា​, អាជីវករ​ខ្លះ មើលឃើញ​ជនបរទេស​ជា​សាច់ជ្រូក ដែល​អាច កោ​បាន​។ ឧទាហរណ៍ ទឹក​សុទ្ធ​ដប​ធំ​មួយ​ដប​តម្លៃ​២​ពាន់​រៀល​លក់​ឲ្យ​ខ្មែរ​។ តែបើ​លក់​ឲ្យ​ជនបរទេស​គឺ​តម្លៃ​១​ដុល្លារ​។ តើ​មាន​ហេតុផល​អ្វីដែល​ត្រូវ​លក់​ឲ្យ​ជនបរទេស​ក្នុងតម្លៃ​មួយ​ដុល្លារ បើ​ទឹក​មួយ​ដប​មាន​បរិមាណ​ដូចគ្នា​សោះ​នោះ​? ហេតុផល​ថា ជនបរទេស​មាន​លុយ​ជាង​ខ្មែរ​? មិន​ប្រាកដ​ទេ​។ សូមបញ្ជាក់ថា បរទេស​មួយចំនួន​ក្រ​ជាង​ខ្មែរ​ទៅទៀត​។ ជនបរទេស​ទិញ​កៅអី​ជិះ​រថយន្ត​មួយកន្លែង​ដូចនឹង​ជនជាតិ ខ្មែរ​ដែរ​(​កន្លែង​ទំហំ​ដូចគ្នា​) តែ​គេ​គិត​តម្លៃ​ខុសគ្នា​។ ពិសា​គុយទាវ​មួយ​ចាន​ដូចគ្នា បរិមាណ​គុយទាវ​ប្រហែល​គ្នា ទឹក​ស៊ុប​ប្រហែល​គ្នា តែ​ពេល​គិតលុយ ជន​ស្បែក​សត្រូវ​ចំណាយ​ច្រើនជាង​? ហេតុអ្វី​ដូច្នេះ មិន​យល់​…?

​អ្នក​មិន​យល់​អត្ថាធិប្បាយ​ទៀតថា ប្រសិនបើ​អ្នកជំនួញ​ខ្មែរ​លក់ទំនិញ ឬ​សេវាកម្ម​ជូន​ជនបរទេស​នូវ​តម្លៃ​ដូច​ជនជាតិខ្មែរ​ដែរនោះ គេ​រំពឹងថា វិស័យ​ទេសចរណ៍​នឹង​រីក​ធំធាត់​កាន់តែ​លឿន  ពីព្រោះ ជនបរទេស​សប្បាយចិត្ត​នឹង​តម្លៃ​ស្មើគ្នា​ដែល​មិនមាន​ចរិត​រើសអើង​។ ផ្ទុយទៅវិញ ការរើសអើង​តម្លៃ​រវាង​ជនបរទេស និង​ខ្មែរ គឺជា​ការសម្លាប់​វិស័យ​ទេសចរណ៍​ខ្មែរ​ទៅវិញ​។ សូមបញ្ជាក់ថា គេ​អាច​យក​តម្លៃ​ខុសគ្នា​ក្នុងករណី ដូចជា ការ​ទស្សនា​ប្រាសាទអង្គរវត្ត ព្រោះ​ប្រាសាទ ជា​របស់​ខ្មែរ ដូច្នេះ ខ្មែរ​អាច​ចូល​មើល​ដោយ​មិន​យក​កម្រៃ ឬ​យក​កម្រៃ​តិចតួច តែបើ​ជនបរទេស​វិញ ត្រូវតែ​យក​តម្លៃ​ក្នុង​កម្រិត​មួយ​សមរម្យ​៕


© រក្សាសិទ្ធិដោយ thmeythmey.com