កីឡាជាតិ
ជាតិ
បឹងកេត និង Magwe បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ AFC Cup ខណៈ​ពួកគេ​នៅសល់​មួយ​ប្រកួត​បង្គ្រប់កិច្ច​
20, Apr 2017 , 2:01 pm        
រូបភាព
ដោយ:
​ក្រុម​បឹងកេត​របស់​កម្ពុជា និង​ក្រុម Magwe FC របស់​មី​យ៉ាន់​ម៉ា បាន​ធា្ល​ក់​ចេញពី​ព្រឹត្តិការណ៍​ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ​២០១៧ ក្រោយ​ចាញ់​គូប្រកួត​រៀងៗ​ខ្លួន​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​ក្រុម​ទាំងពីរ​នេះ នៅសល់​ម្នា​ក់មួយ​ប្រកួត ក្នុងនោះ​បឹងកេត​ត្រូវ​ជួប​ប្រកួត​ក្រុម Global FC រីឯ​ក្រុម Magwe FC ប៉ះ​ក្រុម Johor Darul Ta’zim​។



​ក្រុម​បឹងកេត បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី ៣-០ កាលពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ បានធ្វើ​ឲ្យ​ក្រុម​តំណាង​កម្ពុ​ជាមួយនេះ​បាត់បង់​ឱកាស​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ​២០១៧​។ ទោះបី​បាត់​យ៉ាងនេះ​ក្តី​ក្រុម​បឹងកេត​ត្រូវ​ជួប​ប្រកួត​ម្ចាស់ផ្ទះ Global FC មួយ​ប្រកួត​ទៀត​នា​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន Rizal Memorial Football Stadium ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។

​គួររំលឹកថា ៤​ប្រកួត​កន្លងមក​រប​ស់​បឹងកេត​ក្នុងនោះ​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Johor ក្នុង​លទ្ធផល ៣-០ ហើយ​បន្ត​ចាញ់​ក្រុម Global FC របស់​ហ្វីលីពីន ២-០ នៅលើ​ទឹកដី​របស់ខ្លួន​។ បន្ទាប់មក បឹងកេត​បាន​យកឈ្នះ​ក្រុម Magwe FC របស់​មី​យ៉ាន់ ១-០ នៅ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ មុន​រក្សា​លទ្ធផល​ស្មើ ១-១ ជាមួយ Magwe FC វិញ​នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា​។ បឹងកេត​កំពុង​លេខ​រៀង​ទី​២​ក្នុង​ពូ​ល F ដោយមាន​៤​ពិន្ទុ​។ 

​ជាមួយគ្នានេះ ក្រុម Magwe FC របស់​មី​យ៉ាន់​ម៉ា ក៏បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ប្រកួត​នេះ​ផងដែរ ក្រោយ​ប្រកួត​ចាញ់​ក្រុម Global FC របស់​ហ្វីលីពីន ៤-២ នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​ម្សិលមិញ​។ ការបរាជ័យ​នេះ បានធ្វើ​ឲ្យ​ក្រុម Magwe FC បន្ត​ឈរ​បាត​តារាង​ដោយមាន​២​ពិន្ទុ​។ ប៉ុន្តែ​ក្រុម​នេះ​នៅសល់​មួយ​ប្រកួត​ទៀត គឺ​ត្រូវ​តទល់​ជាមួយ​ក្រុម Johor Darul Ta’zim នា​ថ្ងៃទី​៣ ខែឧសភា នៅ​កីឡដ្ឋាន Tan Sri Dato' Haji Yunos Stadium របស់​ម៉ាឡេស៊ី​។  

​គួររំលឹកថា ៤​ប្រកួត​កន្លងមក​រប​ស់ Magwe FC គឺ​ស្មើ​២ និង​ចាញ់​២ ក្នុងនោះ​ស្មើ ១-១ ជាមួយ​ក្រុម Johor Darul Ta’zim ,​ស្មើ ១-១ ជាមួយ​បឹងកេត​, ចាញ់​ក្រុម Global FC ១-០ និង​ចាញ់​ក្រុម​បឹងកេត ១-០​។

​គួរ​បញ្ជាក់ថា ការប្រកួត​ពានរង្វាន់ AFC Cup 2017 ពូ​ល F បាន​រកឃើញ​ក្រុម​ខ្លាំង​ចំនួន​២ ដើម្បី​ឡើងទៅ​កាន់​វគ្គ​បន្ត​ហើយ គឺ​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី និង​ក្រុម Global FC របស់​ហ្វីលីពីន ទោះបី​ក្រុម​ទាំងពីរ​នេះ​នៅសល់​ម្នា​ក់មួយ​ប្រកួត​ទៀត​ក៏ដោយ​។ បច្ចុប្បន្ន​ក្រុម Global FC ឈរ​កំពូល​តារាង​ដោយមាន​១២​ពិន្ទុ ខណៈ​ក្រុម Johor Darul Ta’zim ឈរ​លេខ​រៀង​ទី​២​ដោយមាន​១០​ពិន្ទុ​៕     


Tag:
 បាល់ទាត់​
  AFC Cup 2017
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com