ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពូល J នៃវគ្គជម្រុះ AFC U23 Championship ដោយត្រូវទទួលចិន ជប៉ុន ហ្វីលីពីននៅពហុកីឡដ្ឋានជាតិអូឡាំពិកពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៧។ ដំបូងឡើយចិនបានប្រកាសខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជម្រុះនេះ ខណៈក្រុមមួយនេះក៏នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យុវជនអាយុក្រោម២៣ឆ្នាំប្រចាំតំបន់អាស៊ីនេះផងដែរ។
តាមលទ្ធផលនៃការចាប់ឆ្នោតកន្លងមក កម្ពុជាស្ថិតនៅក្នុងពូល J ជាមួយចិន ជប៉ុន និងហ្វីលីពីន។ រីឯពូលផ្សេងទៀតមាន សាធារណរដ្ឋកៀហ្ស៊ីស ជាម្ចាស់ផ្ទះពូល A ដែលត្រូវទទួលអ៊ីរ៉ង់ អូម៉ង់ និងស្រីលង្កា។ ពូល B អារ៉ាប៊ីសាអូឌីត ទទួលអ៊ីរ៉ាក់ បារ៉ែន អាហ្វហ្គានីស្ថាន។ ពូល C មាន កាតា (ម្ចាស់ផ្ទះ) ស៊ីរី ឥណ្ឌា និងតួកមេនីស្ថាន។
ពូល D មានអារ៉ាប់រួមអេមីរ៉េត (ម្ចាស់ផ្ទះ) អ៊ូសបេគីស្ថាន លីបង់ និងណេប៉ាល់។ ពូល E មាន ប៉ាឡេស្ទីន (ម្ចាស់ផ្ទះ) ហ្ស៊កដង់ តាហ្ស៊ីគីស្ថាន និងបង់ក្លាដែស។ ពូល F មានមីយ៉ាន់ម៉ា (ម្ចាស់ផ្ទះ) អូស្ត្រាលី សិង្ហបុរី និងព្រុយណេ។ ពូល G មានកូរ៉េខាងជើង (ម្ចាស់ផ្ទះ) ឡាវ ឆាយនីស-តៃប៉ិ និងហុងកុង។ ពូល H មាន ថៃ (ម្ចាស់ផ្ទះ) ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងម៉ុងហ្គោលី។ ពូល I មាន វៀតណាម (ម្ចាស់ផ្ទះ) កូរ៉េខាងត្បូង ទីម័រខាងកើត និងម៉ាកាវ។
៤០ក្រុមនៅទ្វីបអាស៊ី (ពូល A ដល់ E សម្រាប់ West Zone និងពូល F ដល់ J សម្រាប់ East Zone) ត្រូវចូលរួមប្រកួតប្រជែងក្នុងវគ្គជម្រុះ AFC U-23 Championship ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ។ ក្រុមចំនួន១០ដែលបានពិន្ទុលើសគេ និងក្រុមលេខ២ចំនួន៥ (Best Second-Placed) នឹងត្រូវឈានបន្តទៅកាន់វគ្គចុងក្រោយដែលរៀបចំនៅប្រទេសចិន នាអំឡុងខែមករា ឆ្នាំ២០១៨ ។
បើទោះបីជាចិននៅអង្គុយរង់ចាំនៅជុំចុងក្រោយក្នុងនាមជាម្ចាស់ផ្ទះក៏ដោយ ប៉ុន្តែពួកគេចង់លេងនៅវគ្គជម្រុះ។ ប្រសិនបើចិនបញ្ចប់ក្នុងចំណាត់លេខមួយ ឬលេខពីរដែលទទួលបានពិន្ទុខ្ពស់នាការប្រកួតវគ្គជម្រុះ AFC នឹងជ្រើសរើសក្រុមលេខពីររហូតដល់៦ក្រុម។
សម្រាប់ការប្រកួតជម្រុះ AFC U-23 Championship នេះ កម្ពុជា បានចូលរួមនាព្រឹត្តិការណ៍បើកឆាកនៅឆ្នាំ២០១២ [ដែលកាលណោះ U-22] ក្រោមការដឹកនាំរបស់លោក ប្រាក់ សុមុន្នី។ កម្ពុជាស្ថិតនៅក្នុងពូល F ដោយស្ថិតក្នុងលេខ៥ក្នុងចំណោម៦ប្រទេស។ កម្ពុជាក្រោមការដឹកនាំរបស់លោក ប្រាក់ សុមុន្នី បានយកឈ្នះហុងកុង ៣-២ ស្មើម្ចាស់ផ្ទះឡាវ ៣-៣ តែចាញ់ ថៃ ៤-០ ចាញ់ ចិន ៣-០ និងចាញ់កូរ៉េខាងជើង ៣-០។
កាលពីវគ្គជម្រុះក្នុងឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោក Lee Tae Hoon កម្ពុជាស្ថិតក្នុងពូល G ជាមួយកូរ៉េខាងជើង ម្ចាស់ផ្ទះថៃ និងហ្វីលីពីន។ កម្ពុជាបានហាលអាវដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយចាញ់ម្ចាស់ផ្ទះថៃ ២-១ ចាញ់កូរ៉េខាងជើង ៤-១ និងឈ្នះហ្វីលីពីន ៣-១។
នៅឆ្នាំ២០១៣ ដែលរៀបចំនៅប្រទេសអូម៉ង់ អ៊ីរ៉ាក់ ក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីបានយកឈ្នះអារ៉ាប៊ីសាអូឌីត ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។ ហ្ស៊កដង់បានលេខបី ក្រោយឈ្នះកូរ៉េខាងត្បូង ៣-២ ដោយបាល់ប៉េណាល់ទី ក្រោយស្មើ ០-០ នៅម៉ោងធម្មតា។
សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំ២០១៦នៅប្រទេសកាតា ជប៉ុនជាម្ចាស់ផ្ទះជើងឯក ក្រោយឈ្នះកូរ៉េខាងត្បូង ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ រីឯអ៊ីរ៉ាក់ យកឈ្នះ កាតា ២-១ នៅម៉ោងបន្ថែម សម្រាប់ចំណាត់ថ្នាក់លេខបី។
សម្រាប់ការប្រកួតថ្ងៃបើកឆាកនៃវគ្គជម្រុះ AFC U23 ពូល J នេះ កម្ពុជានឹងត្រូប៉ះចិននៅពហុកីឡាដ្ឋានជាតិអូឡាំពិកវេលាម៉ោង ៦:៣០នាទីល្ងាច និងការប្រកួតបន្តបន្ទាប់ត្រូវជួប ជប៉ុន មុនជំនួបជាមួយហ្វីលីពីន៕