ជាតិ
ទូត​ខ្មែរ​៖ ពលករ​ខ្មែរ​ជាង​៣.០០០​នាក់​កំពុងធ្វើការ​ដោយ​ខុសច្បាប់​នៅ​កូរ៉េ​
21, Apr 2017 , 7:59 pm        
រូបភាព
ពលករ​ខ្មែរ​បាន​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង។ (ប៉ូច រាសី/VOA)
ពលករ​ខ្មែរ​បាន​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង។ (ប៉ូច រាសី/VOA)
ដោយ:
​ភ្នំពេញ ៖​មាន​ពលករ​ខ្មែរ​សរុប​ប្រមាណ ៥៣.០០០ នាក់ កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​វិស័យ​បី​សំខាន់ៗ គឺ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សំណង់​។ ក្នុងចំណោម​ពលករ​ទាំងនោះ មាន​ពលករ​ប្រមាណ​ពី​៣.០០០ ទៅ​៤.០០០​នាក់ កំពុងធ្វើការ​ខុសច្បាប់​នៅ​ទីនោះ ក្នុងពេល​កិច្ចសន្យាការងារ​របស់​ពួកគេ​ផុត​សុពលភាព​។​



​ប្រមុខ​បេសកកម្ម​ការទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េខាងត្បូង​និយាយថា ពលករ​ខ្មែរ​ខុសច្បាប់​ទាំងនោះ​ប្រឈម​នឹង​ហានិភ័យ​ជាច្រើន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ផ្ទាល់ខ្លួន និង​ការកេងប្រវ័ញ្ច​។​

​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​នៃ​ប្រទេស​កម្ពុជា ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ ព្រហស្បតិ៍​នេះ​ថា មាន​ពលករ​ខ្មែរ ក្នុង​ចន្លោះ​ពី ៣.០០០ ទៅ ៤.០០០​នាក់​កំពុង​សម្ងំ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ដោយ​ខុសច្បាប់​ទាំងនេះ គឺ​ស្ថិត​ក្នុងចំណោម​ពលករ​សរុប​ប្រមាណ​៥៣.០០០​នាក់ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​លើ​វិស័យ​ផ្សេងៗ​ដូចជា​សំណង់ កសិកម្ម និង​ឧស្សាហកម្ម​។​



​ថ្លែងប្រាប់ VOA តាម​ទូរស័ព្ទ​ពី​ប្រទេស​កូរ៉េ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ឡុង ឌី​ម៉​ង់ មានប្រសាសន៍ថា ពលករ​ដែល​កំពុងធ្វើកា​រ​ដោយ​ខុសច្បាប់​នេះ មិន​ព្រម​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា បើទោះបីជា​ទិដ្ឋាការ​ធ្វើការ​របស់​ពួកគេ​នៅ​ទីនោះ ផុត​សុពលភាព​ហើយក៏​ដោយ​។​

«​យើង​តែងតែ​ចង់​ជម្រាបជូន​ពួកគាត់ ផ្សព្វផ្សាយ​ជូន​ពួកគាត់ តើ​ធ្វើ​ម៉េច​ឲ្យ​បងប្អូន​ពលករ​ទាំងអស់ ដែល​ធ្វើការ​ហើយ​ចប់​កិច្ចសន្យា​ហើយ សូម​ឲ្យ​គាត់​ត្រឡប់​ទៅវិញ ដើម្បី​គាត់​អាចដាក់​ពាក្យ​ប្រឡង​ត្រឡប់​ទៅវិញ ប៉ុន្តែ​ប្រសិនជា​គាត់​មិន​ព្រម​ត្រឡប់​ទៅវិញ​ទេ គាត់​ក្លាយទៅជា​ពលករ​ខុសច្បាប់​។ គាត់​នឹង​អាច​ជួបនឹង​ហានិភ័យ ប្រឈមមុខ​ទៅនឹង នៅពេលដែល​គាត់​ធ្វើការ​គេ​អាច មាន​ថៅកែ​ខ្លះ ដែល​មិនល្អ គាត់​កេងចំណេញ​ផលប្រយោជន៍​ទៅលើ​កម្លាំង​ញើស​ឈាម​របស់​បងប្អូន​ដែរ​។ នេះ​បញ្ហា​មួយ​ដែរ​»​។​

​ប្រមុខ​បេសកកម្ម​ការទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េខាងត្បូង​រូបនេះ​បន្តថា​៖

«​ហើយ​បញ្ហា​មួយទៀត គឺ​បងប្អូន​ប្រឈម​ទៅនឹង មិនមាន​ប្រាក់​ធានារ៉ាប់រង សម្រាប់​គ្រោះ​ថា្នក់​ការងារ​អី​ផ្សេងៗ​ហ្នឹង​។ ដូច្នេះ​គឺ បងប្អូន​នឹងមាន​បញ្ហា អត់​មាន​ទទួលបាន​នូវ​អត្ថប្រយោជន៍​អី​ពី​ការធានារ៉ាប់រង​ណា៎ ហ្នឹង​ក៏​ជា​បញ្ហាសំខាន់​មួយ​ដែរ​បាទ​»​។​

​លោក​ឯកអគ្គរាជទូត ឡុង ឌី​ម៉​ង់ បាន​ពន្យល់ថា ពលករ​ខ្មែរ​មាន​អាណត្តិ​ធ្វើការ​ងារ​នៅ​ប្រទេស​កូរ៉េ​ដោយ​ស្របច្បាប់​ក្នុង​រយៈពេល ២​ឆ្នាំ ៥​ខែ​ក្នុង​មួយ​អាណត្តិ​ធ្វើការ​របស់​ពួកគេ ហើយ​ពួកគេ​អាច​ពន្យារពេល​ដើម្បី​ធ្វើការ​នៅ​ទីនោះ​បាន​មួយ​អាណត្តិ​ទៀត​ដែល​សរុប​ស្មើនឹង ៤​ឆ្នាំ ១០​ខែ​។ ប្រសិនបើ​ពលករ​រូប​ណា​បន្ត​រស់នៅ​ក្នុងប្រទេស​កូរ៉េ​បន្ថែមទៀត ដោយ​ហួស​អាណត្តិ​ធ្វើការ​នោះ នោះ​ពួកគេ​នឹង​ក្លាយជា​ពលករ​ខុសច្បាប់​។​

​ក្រុម​អ្នកធ្វើការ​ខាង​ផ្នែក​សិទ្ធិ​ការងារ បាន​ឲ្យ​ដឹងថា ការណ៍​ដែល​ពលករ​ខ្មែរ​អាច​បន្ត​ធ្វើការ​ដោយ​ខុសច្បាប់​បាន​គឺ​អាស្រ័យ​លើ​ពលករ​ខ្លួនឯង​ផង និង​ការខកខាន​មិនបាន​ពិនិត្យ​ឲ្យ​បាន​ជាប់លាប់​របស់​មន្ត្រី​ទូត ទៅលើ​រយៈពេល​កិច្ចសន្យាការងារ​របស់​កម្មករ​ផង​។​



​ពួកគេ​ថា ការ​សមគំនិត​ជាមួយ​ថៅកែ ក៏​ជា​ហេតុផល​ចម្បង​មួយ​ដើម្បី​បើកផ្លូវ​ឲ្យ​ពលករ ដែល​កិច្ចសន្យាការងារ​របស់​ខ្លួន​ផុតកំណត់ អាច​បន្តការងារ​បាន​បន្ថែមទៀត​។​

​លោក ឌី ថេ​ហូ​យ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​) ប្រាប់ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មន្ត្រី​រដ្ឋាភិបាល​នៅ​មិនទាន់​អាចបំពេញ​ការងារ​រប​ស់​ខ្លួន​ឲ្យ​ហ្មត់ចត់ ក្នុងការ​តាមដាន​កិច្ចសន្យាការងារ​របស់​ពលករ​។ លោក​មានប្រសាសន៍ថា ការធ្វេសប្រហែស​នេះ បាន​បើកឱកាស​ឲ្យ​ពលករ​ខ្មែរ​សម្ងំ​ធ្វើការ​ដោយ​ខុសច្បាប់​។​

​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​បញ្ជាក់ថា​៖

«​តាម​បទពិសោធន៍​ការងារ​ដែល​យើង​ធ្វើ​ផ្ទាល់​ជាមួយ​ពលករ​ចំណាកស្រុក​កន្លងមក យើង​អត់​ទាន់​ឃើញ​មានការ​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់​ទាក់ទង​នៅក្នុង​ការតាមដាន ក៏ដូចជា​ជួយ សង្គ្រោះ​របស់​ពលរដ្ឋ​យើង​ដែល​ធ្វើការ នៅ​ប្រទេស​ទទួល​ហ្ន​ង​នៅឡើយ​ទេ អញ្ចឹង​ណា៎​»​។​

​លោក ឌី ថេ​ហូ​យ៉ា បានបញ្ជាក់​ទៀតថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការអប់រំ អំពី​ហានិភ័យ​នានា​ដែល​កើត​ក្រោយ​ពេលដែល​កិច្ចសន្យាការងារ​ពលក​រ​បាន​បញ្ចប់ទៅ នៅមុន​ពេល​ពួកគេ​ចេញទៅ​បម្រើ​ការងារ​ក្រៅ​ស្រុក​។ លោក​អះអាងថា ការណ៍​ធ្វើបែបនេះ នឹង​អាចជួយ​ពលករ​ឲ្យ​គេច​ពី​ការ​ប្រឈម​នឹង​ការកេងប្រវ័ញ្ច​ពី​ថៅកែ ចំណាត់ការ​ខាង​ផ្លូវច្បាប់ ឬក៏​ពិន័យ​ជា​ប្រាក់​ជាដើម​។​

​លោក ឌី ថេ​ហូ​យ៉ា ពន្យល់​ប្រាប់ VOA ដោយ​លើក​ឧទាហរណ៍​នៅ​ប្រទេស​ផ្សេង​ថា​៖

«​គាត់​ត្រូវតែ​យល់ថា បើសិន​គាត់​បន្ត គាត់​ត្រូវ​ប្រឈម​នឹង​ច្បាប់​ប្រទេស​ទទួល​ហ្នឹង ដូចជា​នៅ​ប្រទេស​ថៃ វា​អាច​ជាប់​ទាំង​ពន្ធនាគារ វា​អាច​ទាំង​ពិន័យ​ជា​ប្រាក់​ពី ២​ពាន់​បាត ដល់​២​សែន​បាត​អញ្ចឹង​ទៅ​។ តែបើ​សិន​ប្រទេស​កូរ៉េ ខ្ញុំ​អត់​ដឹង​ច្បាប់​ថា កូរ៉េ​តើ​មានទោស​ធ្ងន់​កម្រិតណា​។ អញ្ចឹង​កន្លែង​ហ្នឹង រដ្ឋាភិបាល​ជា​អ្នក​បញ្ជូនទៅ​ហ្នឹង​គួរតែ​ធ្វើ​អា per-departure training [​ការបណ្តុះបណ្តាល​មុនពេល​ចេញដំណើរ​] ដល់​គាត់​ឲ្យ​ដឹង​អំពី​ផល​អវិជ្ជមាន​កន្លែង​ហ្នឹង ដើម្បី​ឲ្យ​គាត់​ដឹងថា នៅពេលដែល​បញ្ចប់​កុងត្រា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ គាត់​ត្រូវតែ​ដឹងខ្លួន​ថា គាត់​ត្រូវតែ​ត្រឡប់មកវិញ​»​។​

VOA មិនទាន់​អាច​សុំ​សេចក្តីអធិប្បាយ​ពី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានទេ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លោក​ឯកអគ្គរាជទូត ឡុង ឌី​ម៉​ង់ ថ្លែង​បន្ថែមថា ស្ថានទូត​បានផ្តល់​ថវិកា​មួយចំនួន​សម្រាប់​បញ្ជូន​ពលករ​ដែល​ខុសច្បាប់​នោះ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ លោក​បញ្ជាក់ទៀតថា ពលករ​ខ្លះ​អាច​ត្រូវបាន​គេ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ ហើយ​ត្រូវ​ធ្វើការ​នៅ​ទីនោះ ដើម្បី​ទទួលបាន​ប្រាក់ខែ​សម្រាប់​ទិញ​សំបុត្រ​យន្តហោះ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ដើម្បី​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដូចជា​ប្រទេស​ថៃ ម៉ាឡេស៊ី ប្រទេស​អារ៉ាប់​និង​ប្រទេស​កូរ៉េខាងត្បូង​ដោយសារ​តម្លៃ​ពលកម្ម​នៅ​ប្រទេស​កម្ពុ​ជាមាន​តម្លៃថោក​។ ហើយ​កន្លងមក​ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេស​អ្នក​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ថៅកែ​របស់ខ្លួន​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដោយ​ការដកហូត​ឯកសារ​ធ្វើដំណើរ ការបង្ខំ​ឲ្យ​ធ្វើការ​ច្រើន​ហួសកំណត់​និង​ការផ្តល់​អាហារ​មិន​គ្រប់គ្រាន់​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com