អន្តរជាតិ
លោក ត្រាំ សរសើរ​ចិន​ដែល​ជួយ​ទប់ស្កាត់​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​
21, Apr 2017 , 2:53 pm         1793
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចេញមក​សរសើរ​ចិន ដែល​បាន​ប្រឹងប្រែង​ជួយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។ លោក ត្រាំ លើកឡើងថា ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ពិតជា​បាន​ប្រឹងប្រែង​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​។ ការលើកសរសើរ​រប​ស់លោក ត្រាំ ធ្វើឡើង​មួយថ្ងៃ ក្រោយ​សារព័ត៌មាន​កូរ៉េខាងជើង​ចេញផ្សាយ​អត្ថបទ​មួយ ដោយ​គំរាម​វាយប្រហារ​អាមេរិក​ដោយ​មិន​ប្រាប់​មុន​។​


​ការទទូច​ជាច្រើនលើក​ច្រើនសារ​រប​ស់​អាមេរិក​ទៅលើ​ចិន​ជុំវិញ​សំណុំរឿង​កូរ៉េខាងជើង ទំនងជា​ចេញ​ជា​លទ្ធផល​ខ្លះៗ​ហើយ​។ នៅ​ថ្ងៃទី​២០ ខែមេសា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​កោតសរសើរ​ក្រុង​ប៉េកាំង ដែល​ជួយ​ទប់ស្កាត់​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ដែល​ព្រមាន​វាយប្រហារ​អាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​តំបន់​អាស៊ី​បូព៌ា​។ ប៉ុន្តែ លោក ត្រាំ មិនបាន​បង្ហាញ​ឲ្យ​ច្បាស់លាស់​ពីអ្វី​ដែល​ចិន​បានធ្វើ​នោះឡើយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា ចិន​បាន​ចាត់​វិធានការណ៍​មិន​ធ្លាប់មាន​ច្រើន​នា​រយៈពេល​២-៣​ម៉ោង​ចុង​ក្រោយនេះ​។ លោក​ក៏​មានជំនឿថា សម​ភាគី​ចិន​របស់លោក គឺ​ប្រធានាធិបតី ស៊ី ជីន​ភីង ពិតជា​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ដាក់បន្ទុក​លើ​អ្នកជិតខាង​ក្បាលរឹង​របស់ខ្លួន ជុំវិញ​សកម្មភាព​ព្រហើន​មិនចេះ​ឈប់ និង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក ដែល​រិះគន់​ចិន​មិន​ដាច់​មាត់​ដោយសារ​រឿង​កូរ៉េខាងជើង​នេះ មិន​និយាយ​ឲ្យ​បានជា​ក់លាក់​ពី​ទង្វើ​របស់​ចិន ដែល​នាំ​ឲ្យ​លោក​សរសើរ​ជា​សាធារណៈ​ឡើយ​។ បើតាម​មន្ត្រី​អាមេរិក លោក ត្រាំ ទំនងជា​ចង់​សំដៅ​ដល់​ការ​ប្រុង​ជើងការ​កម្រិត​ខ្ពស់​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ចិន​។ នេះ អាចជា​ការត្រៀមខ្លួនរ​បស់​ចិន​ក្នុង​ទប់ទល់​ស្ថានការណ៍​មិន​ស្រួល​ណាមួយ​ដែល​អាច​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​។​

​ម្យ៉ាងវិញទៀត ចិន ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​សកម្មភាព​របស់​ក្រុង​ព្យុងយ៉ាង ដែល​គំរាម​ប្រើប្រាស់​នុយក្លេអ៊ែរ​វាយបក​លើ​អាមេរិក និង​ស​ម្ព័​ន​មិត្ត​មាន​កូរ៉េខាងត្បូង និង​ជប៉ុន​ជាដើម​។ ចិន ដែល​សន្យា​អនុវត្តតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ក៏បាន​បញ្ឈប់​ការនាំ​ចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​ដែរ​។ ប៉ុន្មាន​ថ្ងៃមុន​នេះ ចិន ក៏​មិន​អនុញ្ញាត​ឲ្យ​នាវា​ដឹក​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​ចូល​ចត​នៅ​កំពង់ផែ​របស់ខ្លួន​ដែរ​។​

​តាមពិតទៅ ក្រុង​ប៉េកាំង មិន​ស្រួល​ក្នុង​ចិត្ត​ឡើយ​នឹង​ការឆ្លើយ​ឆ្លង​ពាក្យសម្ដី​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​។ ជាមួយនឹង​អាកប្បកិរិយា​មិនអាច​ស្មាន​ដល់​របស់លោក ត្រាំ និង​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង គីម ជុង​អ៊ុន ស្ថានការណ៍​នៅ​ឧ​ប​ទ្វី​កូរ៉េ​ពិតជា​គ្រោះថ្នាក់​ខ្លាំង ដែល​តម្រូវ​ឲ្យ​ចិន​ត្រៀមលក្ខណៈ​ឲ្យ​បាន​ស្រេចបាច់​ជាមុន​។ ថ្មីៗ​នេះ​ទៀតសោត គេ​ក៏​ឃើញ​មាន​របាយការណ៍​បង្ហាញ​ថា ចិន​បញ្ជូន​ទ័ព​យ៉ាងច្រើន​ទៅកាន់​ព្រំដែន​ជាមួយ​កូរ៉េខាងជើង​ដែរ​៕

Tag:
 ដូ​ណា​ល់ ត្រាំ​
  ចិន​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next