ជាតិ
ព័ត៍មានសុខភាព
មន្ទីរពេទ្យកុមារអង្គរជាមន្ទីរពេទ្យតែមួយគត់ដែលចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ
× សៀមរាប៖ ជំងឺឆ្កែឆ្កួត គឺជាជំងឺមួយប្រភេទដែលមានភាពសាហាវ និងគ្រោះថ្នាក់ ប្រសិនបើគេមិនយកចិត្តទុកដាក់។ ជំងឺនេះអាចបណ្តាលឲ្យស្លាប់ផងដែរ ក្រោយមេរោគនេះ ឆ្លងទៅក្នុងខ្លួនមនុស្ស។ ដោយមើលឃើញពីភាពចាំបាច់នៃវ៉ាក់សាំងជំងឺឆ្កែឆ្កួតនេះ មន្ទីរពេទ្យកុមារអង្គរ ដែលទទួលព្យាបាលកុមារដោយឥតគិតថ្លៃនៅខេត្តសៀមរាប បានរៀបចំគម្រោងកញ្ចប់វ៉ាក់សាំងនេះ។ យ៉ាងណា ការចាក់វាំងសាំងនេះ មិនបានទូលំទូលាយពេកទេ ដោយសារជំនួយផ្នែកនេះ នៅមានកម្រិតទាបនៅឡើយ។
លោកវេជ្ជបណ្ឌិត ឡូវ កែ ឯកទេសកុមារ និងជាប្រធានផ្នែកជំងឺក្រៅនៃមន្ទីរពេទ្យកុមារអង្គរ ឬប្រជាពលរដ្ឋតែងហៅពេទ្យបេះដូងនោះ បានឲ្យដឹងថា មន្ទីរពេទ្យនេះទទួលចាក់វ៉ាក់សាំងឆ្កែឆ្កួតតាំងពីឆ្នាំ២០០៧មក។ លោកបន្ថែមថា ជារៀងរាល់ឆ្នាំ មានកុមារដែលមកពិគ្រោះទាក់ទងនឹងសត្វខាំ មានឆ្មា ឆ្កែ ឬសត្វចិញ្ចឹមផ្សេងទៀត សរុបទាំងអស់ប្រហែល ៧ពាន់នាក់។ ក្នុងចំណោមកុមារទាំងនោះ មានកុមារចន្លោះពី ១៥០០ទៅ២០០០នាក់ ដែលទទួលការចាក់វ៉ាក់សាំងជាប្រចាំឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជ. ឡូវ កែ។
គ្រូពេទ្យជំនាញជំងឺឆ្កែឆ្កួតរូបនេះបានបញ្ជាក់ទៀតថា ជំងឺឆ្កែឆ្កួតជាជំងឺមួយដែលគ្រោះថ្នាក់បំផុត ប្រសិនបើគេមិនបានយកចិត្តទុកដាក់។ មេរោគជំងឺនេះ វិវត្តន៍ចូលទៅក្នុងខ្លួនមនុស្សចាប់ពី២សប្តាហ៍ទៅ៨សប្តាហ៍ ក្រោយពេលខាំ។ ក្នុងដំណាក់កាលដំបូង មេរោគនេះនៅម្តុំរបួសតែប៉ុណ្ណោះ ចាប់ពី២ទៅ៨សប្តាហ៍ មេរោគអាចរាតត្បាតចូលទៅតំបន់សំខាន់ៗ ដូចជាប្រព័ន្ធសរសៃប្រាសាទ ខួរក្បាលជាដើម។ «...បើចាក់មិនទាន់ អ្នកជំងឺអាចស្លាប់បាន»។ នេះជាការបញ្ជាក់របស់លោកវេជ្ជ. ឡូវ កែ។
សម្រាប់រោគសញ្ញានៃជំងឺឆ្កែឆ្កួតវិញ គ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គររូបនេះបានឲ្យដឹងថា វាប្រហាក់ប្រហែលទៅនឹងជំងឺផ្ដាសាយដែរ បើគេមិនចាប់អារម្មណ៍។ ដំបូងអ្នកជំងឺគ្រុន ព្រឺខ្លួន ឈឺតាមសាច់ដុំ ក្តៅខ្លួន ឈឺក្បាល ក្អួត ឬស្ពឹក បន្ទាប់មកអាចហើមបំពង់ខ្យល់ និងងាយស្ទះបំពង់ខ្យល់។ «អ្នកជំងឺភ្លាមៗអត់ដឹងទេ ទោះដល់ដំណាក់កាលធ្ងន់ក៏ដោយ។ អ្នកជំងឺមានអាការៈធម្មតា តែគ្រាន់តែខ្លាចទឹក ខ្លាចខ្យល់ ឆេវឆាវ អារម្មណ៍មិននឹងន»។ លោកវេជ្ជ. ឡូវ កែ បញ្ជាក់។
នៅកម្ពុជាការចិញ្ចឹមសត្វមិនទាន់មានអនាម័យ ឬល្អ ដូចប្រទេសគេនៅឡើយ។ សត្វចិញ្ចឹមច្រើនតែត្រូវម្ចាស់ប្រលែង ឬជាសត្វអនាថា។ លោកវេជ្ជ. ឡូវ កែ លើកឡើងថា សត្វចិញ្ចឹម គួរទទួលបានវ៉ាក់សាំងសុខភាព មានពេទ្យសត្វត្រឹមត្រូវ និងមានកាលវិភាគតាមដានសុខភាព។ លោកបន្ថែមទៀតថា នៅកម្ពុជាមានតិចតួចប៉ុណ្ណោះដែលគិតគូរពីបញ្ហានេះ ហើយអ្នកដែលចិញ្ចឹមសត្វត្រឹមត្រូវ ច្រើនតែអ្នកមានជីវភាពធូរធារ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារចំណាយថវិកាប្រមាណ ៣៥០០០ដុល្លារ ក្នុងគម្រោងថ្នាំបង្ការជំងឺឆ្កែឆ្កួត។ យ៉ាងណា មន្ទីរពេទ្យនេះនៅមានការត្បិតត្បៀបចំពោះការផ្តល់វ៉ាក់សាំងនេះ។ ព្រោះថា ជាមន្ទីរពេទ្យតែមួយគត់ ដែលបានផ្តល់វ៉ាក់សាំងឆ្កែឆ្កួតដោយឥតគិតថ្លៃចំពោះកុមារទូទៅ។ លោកវេជ្ជ. ឡូវ កែ បានអំពាវនាវដល់សប្បុរសជននានា ឲ្យជួយទាំងវ៉ាក់សាំង និងថវិកា ដើម្បីឲ្យមន្ទីរពេទ្យមួយនេះបន្តនិរន្តរភាពលើវ៉ាក់សាំងដ៏សំខាន់មួយនេះតទៅមុខទៀត៕
Tag:
ជំងឺឆ្កែឆ្កួត
ឡូវ កែ
មន្ទីរពេទ្យកុមារអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com