កីឡាជាតិ
ជាតិ
ក្រោយសម្រាកមួយសប្តាហ៍ដើម្បីអបអរចូលឆ្នាំខ្មែរលីកកំពូលកម្ពុជាចាប់ផ្តើមវិញនៅថ្ងៃសៅរ៍នេះ សកម្មភាពវេស្ទើនភ្នំពេញជួបជាមួយណាហ្គាវើលកាលពីសប្តាហ៍ទី៦
× ក្រោយសម្រាកអស់រយៈពេល១សប្តាហ៍ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ បានត្រឡប់មកវិញហើយក្នុងសប្តាហ៍នេះ។ នៅថ្ងៃទី២២ ខែមេសា នេះ មានការប្រកួតចំនួនពីរគូដែលធ្វើនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ក្នុងនោះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)ជួបវេស្ទើនភ្នំពេញ ខណៈក្រុមអគ្គស្នងការនគរបាលជាតិ ប៉ះអាស៊ីអឺរ៉ុប។
ក្រុមឈរបន្ទាប់ពីបាតតារាង ស៊ីម៉ាក់ នឹងបើកទ្វារកីឡដ្ឋានស្តាតចាស់ស្វាគមន៍ក្រុមឈរលេខរៀងទី៨វេស្ទើនភ្នំពេញក្នុងសប្តាហ៍ទី៨នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ នាវេលាម៉ោង៣រសៀលនេះ។ ក្រុមស៊ីម៉ាក់មិនធ្លាប់ស្គាល់ជ័យជម្នះនោះទេក្នុងចំណោម៧ប្រកួតរបស់ខ្លួន ពោលគឺបានត្រឹមស្មើ៣ និងចាញ់៤។ បច្ចុប្បន្នក្រុមនេះកំពុងឈរលេខរៀងទី១១ ដោយមាន៣ពិន្ទុ ខណៈក្រុមវេស្ទើនភ្នំពេញឈរលេខរៀងទី៨ ដោយមានពិន្ទុ៨ពិន្ទុ ក្រោយឈ្នះ២, ស្មើ២ និងចាញ់៣។
នៅកីឡដ្ឋានស្តាតចាស់ដដែលនាវេលាម៉ោង៦ល្ងាច ក្រុមឈរលេខរៀងទី៧ប៉ូលិស ត្រូវតទល់ជាមួយក្រុមឈរលេខរៀងទី១០អាស៊ីអឺរ៉ុប។ ជំនួបនេះ ប៉ូលិសត្រូវការឈ្នះអាស៊ីអឺរ៉ុប ដើម្បីពង្រឹងទីតាំងរបស់ខ្លួន និងបង្កើនឱកាសសម្រាប់ប្រជែងយកទីតាំងថ្មី ព្រោះបច្ចុប្បន្នក្រុមនេះកំពុងឈរលេខរៀងទី៧ដោយមាន៩ពិន្ទុឈរក្រោមអគ្គិសនីកម្ពុជាដែលមាន១០ពិន្ទុ និងតាមពីក្រោយដោយវេស្ទើនភ្នំពេញដោយមាន៨ពិន្ទុ៕
Tag:
Cambodian League 2017
ស៊ីម៉ាក់
វេស្ទើន
ប៉ូលិស
អាស៊ីអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com