ជាតិ
ពលករ​ខ្មែរ​រាប់ពាន់នាក់ សម្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ ក្រោយ​ចូលឆ្នាំ​ខ្មែរ​
21, Apr 2017 , 3:55 pm         1721
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយពី​បញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រួចមក ពលករ​ខ្មែរ​រាប់ពាន់នាក់ បាននាំគ្នា​សម្រុក​ចូលទៅ​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើជា​ធម្មតា​វិញ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។ នេះ​បើតាម​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​


​ប្រធាន​គណៈកម្មាធិការ​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត លោក វួ​ច អូន បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​១​ថ្ងៃ មិនតិចជាង ១​ពាន់​នាក់​ឡើយ​។ ប៉ុន្តែ​ក្រៅពីនេះ ក៏មាន​ពលករ​ន​មិន​ស្របច្បាប់​រាប់ពាន់នាក់ បាន​លួច​ឆ្លងដែន​តាមរយៈ​មេខ្យល់​នាំទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក្រោយ​ចូលឆ្នាំ​ខ្មែរ​នេះដែរ​។​

​លោក វួ​ច អូន ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ឈប់​ចាញ់បោក​មេខ្យល់​ទៅ​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ទៀត ដែល​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ខ្លួន​។​

​បន្ថែម​ពីនេះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រោយពេល​ថ្ងៃបុណ្យ​ចូលឆ្នាំ​រួច​ប្រជាពលរដ្ឋ​សម្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​តាមរយៈ​មេខ្យល់ ហើយ​យើង​បានដាក់​វិធានការ​ដល់​កងកម្លាំង​នគរ​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រះ​ដែន​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន ដើម្បី​ការពារ​សុវត្ថិភាព​ពួកគាត់​ហើយ​ត្រូវ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​មេខ្យល់​ដែល​បោកប្រាស់​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​ឲ្យ​បាន​អនុវត្ត​តាមច្បាប់​»​។​

​បើតាម​លោក អាត់ ខែម កម្លាំង​នគរបាល​ការពារ​ព្រំដែន​បាន​ឃាត់​ពលករ​ចំណាកស្រុក​ជាច្រើន​រយ​នាក់ ដោយបាន​អប់រំ​ពួកគេ និង​ណែនាំ​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ហើយ​៕

Tag:
 ពលករ​
 ​ ខ្មែរ​
 ​ ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next