ជាតិ
ពលករខ្មែររាប់ពាន់នាក់ សម្រុកទៅរកការងារធ្វើនៅប្រទេសថៃវិញ ក្រោយចូលឆ្នាំខ្មែរ
× ភ្នំពេញ៖ ក្រោយពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែររួចមក ពលករខ្មែររាប់ពាន់នាក់ បាននាំគ្នាសម្រុកចូលទៅប្រទេសថៃ ដើម្បីរកការងារធ្វើជាធម្មតាវិញ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមស្នងការដ្ឋាននគរបាលជាតិ។
ប្រធានគណៈកម្មាធិការច្រកទ្វាអន្តរជាតិប៉ោយប៉ែត លោក វួច អូន បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលទៅរកការងារធ្វើនៅប្រទេសថៃដោយស្របច្បាប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុង១ថ្ងៃ មិនតិចជាង ១ពាន់នាក់ឡើយ។ ប៉ុន្តែក្រៅពីនេះ ក៏មានពលករនមិនស្របច្បាប់រាប់ពាន់នាក់ បានលួចឆ្លងដែនតាមរយៈមេខ្យល់នាំទៅរកការងារធ្វើនៅប្រទេសថៃ ក្រោយចូលឆ្នាំខ្មែរនេះដែរ។
លោក វួច អូន ក៏បានអំពាវនាវឲ្យពលរដ្ឋ ឈប់ចាញ់បោកមេខ្យល់ទៅការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ទៀត ដែលវាអាចនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពខ្លួន។
បន្ថែមពីនេះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ដូច្នេះថា៖«ក្រោយពេលថ្ងៃបុណ្យចូលឆ្នាំរួចប្រជាពលរដ្ឋសម្រុកទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់តាមរយៈមេខ្យល់ ហើយយើងបានដាក់វិធានការដល់កងកម្លាំងនគរដែលឈជើងតាមបន្ទាត់ព្រះដែនត្រូវទប់ស្កាត់ឲ្យបាន ដើម្បីការពារសុវត្ថិភាពពួកគាត់ហើយត្រូវស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ដែលបោកប្រាស់ពលករចំណាក់ស្រុកខុសច្បាប់ឲ្យបានអនុវត្តតាមច្បាប់»។
បើតាមលោក អាត់ ខែម កម្លាំងនគរបាលការពារព្រំដែនបានឃាត់ពលករចំណាកស្រុកជាច្រើនរយនាក់ ដោយបានអប់រំពួកគេ និងណែនាំឲ្យត្រឡប់ទៅស្រុកកំណើតវិញហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com