អន្តរជាតិ
Assad ចោទ​អាមេរិក​ថា​រារាំង UN ពី​ការបញ្ជូន​អ្នកជំនាញ​មក​ស៊ើបអង្កេត​ការវាយប្រហារ​គីមី​
21, Apr 2017 , 8:39 pm        
រូបភាព
សំណើ​របស់​រដ្ឋាភិបាល​ស៊ី​រី​ទៅកាន់​អង្គការសហប្រជាជាតិ​ដើម្បី​បញ្ជូន​អ្នកជំនាញ​មក​ស៊ើបអង្កេត​ការវាយប្រហារ​គីមី នៅ​មិនទាន់​ទទួលបាន​ចម្លើយ​នៅឡើយ​ទេ​។ ប្រធានាធិបតី​ស៊ី​រី Bashar al-Assad និយាយថា ការមិន​ឆ្លើយតប​របស់​អង្គការសហប្រជាជាតិ បណ្ដាលមកពី​ការដាក់​សម្ពាធ​របស់​ប​ស្ចឹ​ម​ប្រទេស​មាន​អាមេរិក​ជាដើម​។ បើតាម​លោក Assad អាមេរិក ជំទាស់​ការស៊ើបអង្កេត​នេះ ព្រោះ​អាមេរិក​បាន​កុហក​អ្វីដែល​បានកើត​ឡើង​។



​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ចុងក្រោយ​បំផុត​នៅ​ខេត្ត Idlib ដែល​សម្លាប់​មនុស្ស​យ៉ាងតិច​៨០​នាក់ នៅ​មិនទាន់​ការស៊ើបអង្កេត​អ្វី​នៅឡើយ​ទេ ទោះជា​ស៊ី​រី​បាន​បញ្ជូន​សំណើសុំ​បញ្ជូន​អ្នកជំនាញ​មក​ស្វែងរក​ការពិត​ទៅកាន់​អង្គការសហប្រជាជាតិ​រួចហើយ​។ មេដឹកនាំ​របប​ដឹកនាំ​ស៊ី​រី Bashar al-Assad លើកឡើងថា ការណ៍​ដែល​អង្គការសហប្រជាជាតិ​ផ្អឹប​ទុក​សំណើ​របស់លោក ក៏​ព្រោះតែ​មានការ​ប្រឆាំង​ពី​សំណាក់​អាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​ផង​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​រុស្ស៊ី Sputnik លោក Assad បាន​ចោទ​អាមេរិក​ថា​កំពុង​រារាំង​អ្នកជំនាញ​អង្គការសហប្រជាជាតិ​ពី​ការស៊ើបអង្កេត​ការវាយប្រហារ​អាវុធ​គីមី​។ លោក​បន្តថា អាមេរិក​ធ្វើបែបនេះ ព្រោះ​ពេល​អ្នកជំនាញ​ចូលមក​ស៊ើបអង្កេត​នោះ ពួកគេ​នឹង​រកឃើញ​ការពិត គឺ​អ្វីៗ​ដែល​អាមេរិក​រៀបរាប់​ហូរហែរ​នាពេល​កន្លងមក​ស្ដីពី​ការវាយប្រហារ Khan Shaykhun និង​ការវាយប្រហារ​មី​ស៊ី​ល​ដាក់​មូលដ្ឋាន​ទ័ពអាកាស សុទ្ធតែជា​រឿង​កុហក​។​

​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ថ្ងៃទី​៤ ខែមេសា មិនមាន​អ្នក​ចេញមុខ​ទទួលខុសត្រូវ​ឡើយ​។ ខណៈ​មិនមាន​ការស៊ើបអង្កេត​ណាមួយ​នៅឡើយ ក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​ក្រុង​ដា​ម៉ាស់​ភ្លាមៗ​ថា​នៅ​ពីក្រោយ​ការវាយប្រហារ​ដ៏​ឃោរឃៅ​នេះ រួច​ក៏​បាញ់​មី​ស៊ី​ល Tomahwak អស់​៥៩​គ្រាប់​ដាក់​មូលដ្ឋាន​អាកាស Shayrat ដែល​ត្រូវ​សង្ស័យថា​ត្រូវបាន​ប្រើប្រាស់​ដោយ​យន្តហោះ​កងទ័ព​រដ្ឋាភិបាល​ក្នុងការ​វាយប្រហារ​លើក​នេះ​។ 

​សម្ព័ន្ធមិត្ត​របប​លោក Assad ដូចជា​រុស្ស៊ី និង​អ៊ីរ៉ង់ ក៏ដូចជា​ចិន​ជាដើម ក៏បាន​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ហ្មត់ចត់​ដែរ ប៉ុន្តែ​មិនទាន់មាន​ផ្លែផ្កា​អ្វី​ទេ ដ្បិត​មិនទាន់មាន​ក្រុម​ជំនាញ​ទៅដល់​ស៊ី​រី​នៅឡើយ​។ ទីតាំង​ដែល​រង​ការវាយប្រហារ​នោះ ស្ថិតក្រោម​គ្រប់គ្រង​រប​ស់​ក្រុន​ឧទ្ទាម​ប្រឆាំង ដែលមាន​អាមេរិក​នៅ​ពីក្រោយ ហើយ​លោក Assad ក៏​ថែមទាំង​អះអាងថា ការវាយប្រហារ​សម្លាប់​មនុស្ស​ដោយ​អាវុធ​គីមី អាចជា​ស្នាដៃ​ក្រុម​ឧទ្ទាម​ផង​។​

​តាមពិតទៅ នេះ​ក៏​មិនមែនជា​លើក​ទី​១​ទេ ដែល​ក្រុម​ជំនាញ​ស៊ើបអង្កេត​មិនអាច​ចូល​ទឹកដី​ស៊ី​រី​បាន ព្រោះ​ការវាយប្រហារ​ថ្ងៃទី​៤ ខែមេសា ក៏​មិនមែនជា​លើក​ទី​១​ដូចគ្នា​។ ជាក់ស្ដែង ការវាយប្រហារ​ស្រដៀង​គ្នា​នេះ​នៅ Aleppo នៅតែ​ស្ងាត់ឈឹង​មិនដឹង​នរណា​ជា​អ្នកធ្វើ​នៅឡើយ ចំណែក​ភាគី​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម បាន​ត្រឹម​ចង្អុល​ការទទួលខុសត្រូវ​ដាក់​គ្នា​ទៅវិញទៅមក​។ ងាកមើល​មហាអំណាច​ទាំងអស់ ក៏​បន្ត​ខ្វែងគំនិត​គ្នា​រក​ច្រកចេញ​មិនឃើញ​រហូតមក​បច្ចុប្បន្ន​៕ 


Tag:
 ​ស៊ី​រី​
  UN
  អាមេរិក​
  Bashar al-Assad
© រក្សាសិទ្ធិដោយ thmeythmey.com