ជាតិ
សាលា​រាជធានី​ភ្នំពេញ ហាម​ពលរដ្ឋ​បណ្តើរ​«​ឆ្កែ​»​តាម​សួនច្បារ​សាធារណៈ​
21, Apr 2017 , 4:25 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស បាន​ហាមឃាត់​ពលរដ្ឋ​បណ្តើរ​សត្វ​ចិញ្ចឹម​ឆ្កែតាមសួនច្បារ​សាធារណៈ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​លើកកម្ពស់​បរិស្ថាន​សួនច្បារក្នុង​រាជធានី ភ្នំពេញ​។ នេះ​បើតាម​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។​



​លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹងថា អាជ្ញាធរ​នឹង​ឃាត់​ម្ចាស់​ឆ្កែ​ដែល​បំពាន​នឹង​បម្រាម​របស់​អាជ្ញាធរ ប្រសិនបើ​ពួកគេ​នៅតែ​បណ្តើរ​ឆ្កែ​តាម​សួនច្បារ​សាធារណៈ​ដែលជា​កន្លែង​ពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ​ដើរ​ហាត់ប្រាណ និង​កម្សាន្ត ចាប់ពីពេលនេះ​តទៅ​។​

​លោក​បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អាជ្ញាធរ​បានសម្រេច​ចិត្ត​ចេញ​វិធាន​បង្ខំ​បែបនេះ ក្រោយពី​ពួកគេ​សង្កេតឃើញថា ពលរដ្ឋ​មួយចំនួន​មិនបាន​គោរព​ស្លាក​សញ្ញា​ហាមឃាត់​បណ្តើរ​សត្វ​ឆ្កែ​ដែល​អាជ្ញាធរ បានដាក់​បង្ហាញ​តាម​សួន​សាធារណៈ កន្លងមកនេះ​។ «​យើង​មិន​ពិន័យ​ជា​ប្រាក់​គាត់​នោះទេ យើង​គ្រាន់តែ ឃាត់​ពួកគាត់ (​ម្ចាស់​ឆ្កែ​)​មក​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ពួកគេ​បណ្តើរ​ឆ្កែ ជុះ​លាមក​ពាសវាល​ពាសកាល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​អារម្មណ៍​អ្នកដទៃ​»​។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ពី​ហេតុផល​ដែល​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស ហាម​ពលរដ្ឋបណ្ដើរ​សត្វ​ឆ្កែ​នៅលើ​សួនច្បារ នៅ​ថ្ងៃទី​២១ ខែមេសា​នេះ​។​

​លោក មាស​ភក្តី ជឿជាក់ថា ពលរដ្ឋ​នឹងចូលរួម​លើកកម្ពស់​បរិស្ថាន​សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ ដោយ​ផ្អែក​តាម​វិធានការ​របស់​អាជ្ញាធរ​។ ក្រៅពី​ហាម​ពលរដ្ឋ​បណ្តើរ​ឆ្កែ លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជា​អាជ្ញាធរ​ហាមឃាត់​ការលក់ដូរ និង​ការចត​យានយន្ត​បំពាន​សួនច្បារ​សាធារណៈ​ផងដែរ​៕


Tag:
 ម៉េ​ត មាស​ភក្តី​
  ប៉ា សុជាតិ​វង្ស​
  ឆ្កែ​
  សួនច្បារ
© រក្សាសិទ្ធិដោយ thmeythmey.com