ជាតិ
សាលារាជធានីភ្នំពេញ ហាមពលរដ្ឋបណ្តើរ«ឆ្កែ»តាមសួនច្បារសាធារណៈ
× ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានហាមឃាត់ពលរដ្ឋបណ្តើរសត្វចិញ្ចឹមឆ្កែតាមសួនច្បារសាធារណៈ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់បរិស្ថានសួនច្បារក្នុងរាជធានី ភ្នំពេញ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី បានឲ្យដឹងថា អាជ្ញាធរនឹងឃាត់ម្ចាស់ឆ្កែដែលបំពាននឹងបម្រាមរបស់អាជ្ញាធរ ប្រសិនបើពួកគេនៅតែបណ្តើរឆ្កែតាមសួនច្បារសាធារណៈដែលជាកន្លែងពលរដ្ឋ និងភ្ញៀវអន្តរជាតិដើរហាត់ប្រាណ និងកម្សាន្ត ចាប់ពីពេលនេះតទៅ។
លោកបានពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរបានសម្រេចចិត្តចេញវិធានបង្ខំបែបនេះ ក្រោយពីពួកគេសង្កេតឃើញថា ពលរដ្ឋមួយចំនួនមិនបានគោរពស្លាកសញ្ញាហាមឃាត់បណ្តើរសត្វឆ្កែដែលអាជ្ញាធរ បានដាក់បង្ហាញតាមសួនសាធារណៈ កន្លងមកនេះ។ «យើងមិនពិន័យជាប្រាក់គាត់នោះទេ យើងគ្រាន់តែ ឃាត់ពួកគាត់ (ម្ចាស់ឆ្កែ)មកណែនាំ និងធ្វើកិច្ចសន្យាជាមួយអាជ្ញាធរប៉ុណ្ណោះ ដើម្បីកុំឲ្យពួកគេបណ្តើរឆ្កែ ជុះលាមកពាសវាលពាសកាលនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងអារម្មណ៍អ្នកដទៃ»។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ពីហេតុផលដែលអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ហាមពលរដ្ឋបណ្ដើរសត្វឆ្កែនៅលើសួនច្បារ នៅថ្ងៃទី២១ ខែមេសានេះ។
លោក មាសភក្តី ជឿជាក់ថា ពលរដ្ឋនឹងចូលរួមលើកកម្ពស់បរិស្ថានសួនច្បារក្នុងរាជធានីភ្នំពេញឲ្យកាន់តែប្រសើរ ដោយផ្អែកតាមវិធានការរបស់អាជ្ញាធរ។ ក្រៅពីហាមពលរដ្ឋបណ្តើរឆ្កែ លោក ប៉ា សុជាតិវង្ស បានបញ្ជាអាជ្ញាធរហាមឃាត់ការលក់ដូរ និងការចតយានយន្តបំពានសួនច្បារសាធារណៈផងដែរ៕
Tag:
ម៉េត មាសភក្តី
ប៉ា សុជាតិវង្ស
ឆ្កែ
សួនច្បារ
© រក្សាសិទ្ធិដោយ thmeythmey.com