ជាតិ
អគ្គនាយក​ពន្ធដារ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ក្រុមហ៊ុន​មិនបាន​បង់ពន្ធ​ត្រឹមត្រូវ​
21, Apr 2017 , 9:19 pm        
រូបភាព
លោក គង់ វិបុល
លោក គង់ វិបុល
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាស​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់ ចំពោះ​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស ដែល​មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ត្រឹមត្រូវ​។​



​លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បញ្ជាក់ថា យន្តការ​នៃ​ការធ្វើ​សវនកម្ម​ប្រកាស​បង់ពន្ធ នឹងត្រូវ​អនុវត្ត​ចំពោះ​ក្រុមហ៊ុន សហគ្រាស​ទាំងឡាយណា​ដែល​មិនបាន​បង់ពន្ធ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ពន្ធ​ប្រចាំត្រីមាស​ឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​២០ មេសា លោក គង់ វិបុល បានបញ្ជាក់​ដូច្នេះ​ថា​៖« ចំពោះ​របប​ស្វ័យ​ប្រកាស​អ្នក​ជាប់ពន្ធ អាចធ្វើ​ការប្រកាស​បាន​។ ប៉ុន្តែ​ប្រសិនបើ​គាត់​ប្រកាស​ខ្វះចន្លោះ យន្តការ​នៃ​ការធ្វើ​សវនកម្ម​របស់​ពន្ធដា​រ​នឹង​ទៅដល់​ក្រុមហ៊ុន សហគ្រាស​ទាំងនោះ ហើយ​ប្រសិនបើ​ពន្ធដារ​រកឃើញថា ម្ចាស់​ក្រុមហ៊ុន សហគ្រាស​ប្រកាស​ពន្ធ​មិន​ស្មោះ​ត្រង់នោះ នឹងត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​សារពើពន្ធ​»​។​

​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​មួយចំនួន​ហើយ ដែល​បាន​រង​ពិន័យ ដោយសារ​ការមិន​ប្រកាស​បង់ពន្ធ​ត្រឹមត្រូវ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ ។ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្តធ្វើ​ការងារ​នេះ​បន្ថែមទៀត ដើម្បី​ពង្រឹង​នូវ​វប្បធម៌​បង់ពន្ធ និង​អភិបាលកិច្ច​ល្អ ។ នេះ​បើតាម​លោក គង់ វិបុល ដែល​បាន​បន្ថែមថា អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​ការផ្តល់សេវា​ឲ្យ​បានល្អ​សម្រាប់​អ្នក​ជាប់ពន្ធ និង​ការប្រមូល​ពន្ធ​ឲ្យ​មាន​តម្លាភាព តាមរយៈ​ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន ដើម្បី​ឲ្យ​ការប្រមូល​ពន្ធ​ចូល​ថវិកាជាតិ​កាន់​តែមាន​កំណើន​ច្រើនឡើង ។​

​សូម​បញ្ជក់​ថា ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​បាន ប្រមូល​ពន្ធ​ចូល​រដ្ឋ កើនឡើង​ជាង​៩០​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦៕

​ប្រភពពី​AKP


Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com