ជាតិ
អគ្គនាយកពន្ធដារ ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះក្រុមហ៊ុនមិនបានបង់ពន្ធត្រឹមត្រូវ លោក គង់ វិបុល
× ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធត្រឹមត្រូវ។
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា យន្តការនៃការធ្វើសវនកម្មប្រកាសបង់ពន្ធ នឹងត្រូវអនុវត្តចំពោះក្រុមហ៊ុន សហគ្រាសទាំងឡាយណាដែលមិនបានបង់ពន្ធ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលពន្ធប្រចាំត្រីមាសឆ្នាំ២០១៧ កាលពីថ្ងៃទី២០ មេសា លោក គង់ វិបុល បានបញ្ជាក់ដូច្នេះថា៖« ចំពោះរបបស្វ័យប្រកាសអ្នកជាប់ពន្ធ អាចធ្វើការប្រកាសបាន។ ប៉ុន្តែប្រសិនបើគាត់ប្រកាសខ្វះចន្លោះ យន្តការនៃការធ្វើសវនកម្មរបស់ពន្ធដារនឹងទៅដល់ក្រុមហ៊ុន សហគ្រាសទាំងនោះ ហើយប្រសិនបើពន្ធដាររកឃើញថា ម្ចាស់ក្រុមហ៊ុន សហគ្រាសប្រកាសពន្ធមិនស្មោះត្រង់នោះ នឹងត្រូវប្រឈមមុខនឹងច្បាប់សារពើពន្ធ»។
បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនហើយ ដែលបានរងពិន័យ ដោយសារការមិនប្រកាសបង់ពន្ធត្រឹមត្រូវជូនអគ្គនាយកដ្ឋានពន្ធដារ ។ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តធ្វើការងារនេះបន្ថែមទៀត ដើម្បីពង្រឹងនូវវប្បធម៌បង់ពន្ធ និងអភិបាលកិច្ចល្អ ។ នេះបើតាមលោក គង់ វិបុល ដែលបានបន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តការផ្តល់សេវាឲ្យបានល្អសម្រាប់អ្នកជាប់ពន្ធ និងការប្រមូលពន្ធឲ្យមានតម្លាភាព តាមរយៈការរៀបចំប្រព័ន្ធបច្ចេកវិទ្យា ឲ្យបានល្អប្រសើរជាងមុន ដើម្បីឲ្យការប្រមូលពន្ធចូលថវិកាជាតិកាន់តែមានកំណើនច្រើនឡើង ។
សូមបញ្ជក់ថា ក្នុងត្រីមាសទី១ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបាន ប្រមូលពន្ធចូលរដ្ឋ កើនឡើងជាង៩០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦៕
ប្រភពពីAKP
© រក្សាសិទ្ធិដោយ thmeythmey.com