អន្តរជាតិ
អ្នក​ស្រឡាញ់​សត្វ​សោកសៅ​ក្រោយ ខ្លាឃ្មុំ​ជើង​ខ្លី Patrick បាត់បង់​ជីវិត​ក្នុង​អាយុ​៣១​ឆ្នាំ
21, Apr 2017 , 9:39 pm         1684
រូបភាព
ដោយ: ធីតា
Patrick បាន​ជាប់​ឈ្មោះ​ជា​ខ្លាឃ្មុំ​ជើង​ខ្លី (Wombat) ដែលមាន​អាយុ​វែង​ជាងគេ​នៅលើ​ពិភពលោក​។ ប៉ុន្តែ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ Patrick បាន​បាត់បង់​ជីវិត​ទៅហើយ​កាលពី​ថ្ងៃទី​១៨ ខែមេសា ខណៈដែល​វា​ជិត​ឈានចូល​ដល់​អាយុ​៣២​ឆ្នាំ​។ នេះ​បើតាម​ការប្រកាស​របស់​ឧទ្យាន​អភិរក្ស​សត្វ​អូស្ត្រាលី Ballarat Wildlife Park​។​


«​វា​រឿង​ដ៏​សោកសង្រេង​បំផុត ដោយ​លោក Greg Parker និង​បុគ្គលិក​ឧទ្យាន Ballarat Wildlife Park បាន​បាត់បង់​ខ្លាឃ្មុំ​ជើង​ខ្លី Patrick ដែលជា​មិត្ត​ជាទី​ស្រឡាញ់ […] ដោយសារ​បញ្ហា​សុខភាព​ដែល​កាន់តែ​ទ្រុឌទ្រោម​ខ្លាំង​»​។ នេះ​បើតាម​ការប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Patrick the Wombat​។​

​ខ្លាឃ្មុំ​ជើង​ខ្លី (Wombat) ជា​ប្រភេទ​សត្វ​ដែលមាន​នៅក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវបាន​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​អភិរក្ស​យ៉ាងខ្លាំង​។ សត្វ​ប្រភេទ​នេះ អាចមាន​ជីវិតរ​ស់ម​ធ្យ​ម​១៥​ឆ្នាំ ហើយ​អាចឈាន​ដល់​ពី​២០​ទៅ​៣០​ឆ្នាំ ខណៈ Patrick ជាប់​កំណត់ត្រា​ក្នុងនាម​ជា​ខ្លាឃ្មុំ​ជើង​ខ្លី​អូស្ត្រាលី ដែលមាន​អាយុ​វែង​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។​



Patrick គឺជា​សត្វ​កំព្រា​មួយ​ក្បាល ដោយ​មេ​រប​ស់វា បាន​បាត់​បង់ជីវិត​ដោយសារ​រថយន្ត​កិន កាលពី​ឆ្នាំ​១៩៨៧ ។ ចាប់ពីពេលនោះ​មក វា​ត្រូវបាន​ចិញ្ចឹម​បីបាច់​ថែរក្សា​ដោយ​លោក Greg Parker និង​គ្រួសារ នៅក្នុង​ឧទ្យាន Ballarat Wildlife Park​។​

Patrick គឺជា​សត្វ​ជាទី​ស្រឡាញ់​របស់​អ្នកទេសចរ​ទាំងឡាយ ដោយ​វា​តែងតែ​បង្ហាញ​ស្នាមញញឹម​ជានិច្ច​។ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦ Patrick បាន​ប្រារព្ធ​ខួបកំណើត​វ័យ​៣១​ឆ្នាំ​របស់ខ្លួន ហើយ​អ្នកគាំទ្រ​ជាច្រើន​ពាន់​នាក់​បាននាំគ្នា​អបអរ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​



​ការបាត់​បង់ជីវិត​សត្វ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នេះ បន្សល់​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ដោយ​មនុស្ស​ជាច្រើន​បាននាំគ្នា​ផ្ញើ​សារ​រំលែក​ទុក្ខ​តាម​បណ្តាញ​សង្គម​៕



Tag:
 ខ្លាឃ្មុំ​ជើង​ខ្លី​
  Patrick
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next