អន្តរជាតិ
ដូ​ណា​ល់ ត្រាំ អញ្ជើញ​នាយករដ្ឋមន្ត្រី​វៀតណាម​ទៅទស្សនកិច្ច​នៅ​អាមេរិក​
21, Apr 2017 , 10:19 pm         2855
រូបភាព
​គេហទំព័រ​រដ្ឋាភិបាល​វៀតណាម ប្រកាស​នៅ​ថ្ងៃទី​២១ ខែមេសា ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី ង្វៀន សួន​ហ្វុ​ក (Nguyen Xuan Phuc) ទៅទស្សនកិច្ច​នៅ​អាមេរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ដែល​ប្រសើរឡើង​ខ្លាំង​អំឡុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។ លោក ង្វៀន សួន​ហ្វុ​ក នឹង​ក្លាយជា​មេដឹកនាំ​អាស៊ាន​ដំបូង​គេ ដែល​ជួប​ជជែក​ជាមួយ​លោក ត្រាំ ក្រោយ​ការចូល​កាន់តំណែង​ចាប់​តាំង​ខែមករា ឆ្នាំ​២០១៧ កន្លងមក​។​


​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ឧ​ត្ត​ម​សេនីយ៍ H.R. McMaster បានប្រគល់​លិខិតអញ្ជើញ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅ​ឲ្យ​ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិ​ញ​មិញ (Pham Binh Minh) ដែល​កំពុង​ទស្សនកិច្ច​នៅ​អាមេរិក​។ លោក ត្រាំ អញ្ជើញ​នាយករដ្ឋមន្ត្រី ង្វៀន សួន​ហ្វុ​ក ទៅ​ទស្សនកិច្ច​នៅ​អាមេរិក ក្នុងន័យ​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​ឲ្យ​កាន់តែ​រឹងមាំ ខណៈ​ប្រទេស​ទាំង​២​មាន​គូប្រជែង​ដូចគ្នា គឺ​ចិន​។ វៀតណាម មានទំនាស់​ទឹកដី​ជាមួយ​ចិន ស្របពេល​ចិន ក៏​កំពុង​ប្រជែង​ជាមួយ​អាមេរិក​ស្រាប់​។​

​តាមពិតទៅ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម ក៏បាន​ត្រៀមខ្លួន​រួចស្រេច​ទៅហើយ​ក្នុងការ​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ង្វៀន សួន​ហ្វុ​ក បាន​និយាយ​កាលពី​ខែ​មុន​ថា ទស្សនកិច្ច​របស់លោក​នៅ​អាមេរិក នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អតីត​គូសត្រូវ​ទាំង​២ ។ កន្លងមក រដ្ឋាភិបាល​ទាំង​២ ក៏បាន​បង្ហាញ​ជំហរ​ពង្រឹង​ទំនាក់ទំនង​នេះ​រួចហើយ​ដែរ​។ ពោល គឺ​ចាប់តាំងពី​ជ័យជម្នះ​របស់លោក ត្រាំ ក្នុង​ខែវិច្ឆិកា​មកម្ល៉េះ​។​

​អ្វីដែល​គួរកត់សម្គាល់​នោះ ប្រធានាធិបតី ត្រាំ ក៏​នឹង​មក​ទស្សនកិច្ច​នៅ​វៀតណាម​នៅ​ខែវិច្ឆិកា​ខាងមុខ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​ដា​ណា​ង​។ ក្រៅពីនេះ ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏​នឹង​ធ្វើដំណើ​ទៅកាន់​ហ្វីលីពីន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផងដែរ​។ ទស្សនកិច្ច​នេះ ជា​សញ្ញា​បង្ហាញថា រដ្ឋបាល​អាមេរិក​ថ្មី នឹងមិន​បោះបង់​អាស៊ី ឬក៏​អាស៊ាន​ឡើយ​។  

​ងាក​មក​រឿង​អាមេរិក និង​វៀតណាម អតីត​គូសត្រូវ​សម័យ​សង្គ្រាម​ឥណ្ឌូចិន​ទី​២ នេះ ត្រូវរ៉ូវ​គ្នា​កាន់​ខ្លាំង​ក្នុងសម័យ​កាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដឹកនាំ​អាមេរិក​។ វៀតណាម ចង់​ឲ្យ​រដ្ឋបាល​លោក ត្រាំ បន្ត​នយោបាយ​ងាក​មក​អាស៊ី​ទៀត ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន ដែល​ចេះតែ​កើនឡើង​ឥតឈប់ឈរ​។ វៀតណាម នៅតែមាន​ជម្លោះ​មិនទាន់​ដាច់ស្រេច​លើ​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ទាមទារ​ស្ទើរ​ទាំងស្រុង​។​

​វត្តមាន​អាមេរិក​នៅក្នុង​តំបន់ គឺជា​កម្លាំង​ជំរុញ​ចិត្ត​រដ្ឋ​ផ្សេងទៀត ក្នុង​ការតវ៉ា​ប្រឆាំង​សកម្មភាព​របស់​ចិន​។ វៀតណាម​ក្ដី ហ្វីលីពីន​ក្ដី ម៉ាឡេស៊ី​ក្ដី និង​ឥណ្ឌូណេស៊ី ពិតជា​មិនអាច​ទប់ទល់​កម្លាំងយោធា​ដ៏​ខ្លាំង​របស់​ចិន​បានឡើយ​។ ដូច្នេះ ការទាក់ទាញ​ឲ្យ​អាមេរិក​បន្ត​នៅ​ពីក្រោយ​ពួកគេ គឺជា​រឿង​ដ៏​សំខាន់​។ អាមេរិក​ទៀតសោត ក៏​ត្រូវការ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ឲ្យ​កាន់តែច្រើន​ថែមទៀត ដើម្បី​ហ៊ុំព័ទ្ធ​ឥទ្ធិពល​របស់​ចិន ដែល​កាន់តែខ្លាំង​ទៅៗ​៕    

Tag:
 អាមេរិក​
  វៀតណាម​
  Nguyen Xuan Phuc
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12next