ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អ៊ឹម សុខ​រិទ្ធី​៖ ភូមិ​ករ​ដែល​នៅ​ប្រប​មាត់​ផ្លូវ​មិនមែនជា​ទំនៀម​ខ្មែរ​ទេ​
24, Apr 2017 , 8:19 am        
រូបភាព
«លោក អឹម សុខរិទ្ធី អ្នកបុរាណវិទូ និងអ្នកស្រាវជ្រាវ»
«លោក អឹម សុខរិទ្ធី អ្នកបុរាណវិទូ និងអ្នកស្រាវជ្រាវ»
​សៀមរាប​៖ អ្នក​បុរាណ​វិទូ​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការកកើត​ភូមិ​ករ​ខ្មែរ​សម័យ​ដើម​។ ជា​អ្វីដែល​ខុសប្លែកគ្នា​ពី​សម័យ​បច្ចុប្បន្ន គឺ​អ្នក​បុរាណ​វិទូ​ពន្យល់ថា ភូមិ​ករ​ដែល​នៅ​ប្រប ឫ​ក្បែរ​មាត់​ផ្លូវ មិនមែនជា​ទំនៀម​ខ្មែរ​ទេ តែ​វា​ទើបនឹង​បង្កើត​នៅ​សម័យ​ទំនើប​នេះ​តែប៉ុណ្ណោះ​។ ព័ត៌មាន​លម្អិត សូម​អាន​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ និង​ជា​អ្នកស្រាវជ្រាវ ដូចតទៅ​។


អ៊ី​សា រ៉​ហា​នី​៖ តើ​លោក​អាច​រៀបរាប់​ពី​ការកកើត​នៃ​ភូមិ​ករ​របស់​ខ្មែរ​បានដែរ​ឬទេ​?
 
អ៊ឹម សុខ​រិទ្ធី​៖ គេ​ដឹង​ហើយ​ថា ដើមឡើយ​មនុស្ស​រស់នៅ​តាម​រូងភ្នំ​។ ក្រោយមក​បាន​វិវត្តន៍​ទៅ​រស់នៅ​ផ្ដុំគ្នា​ជា​ក្រុមៗ ទើប​កកើត​ជា​ភូមិ​អាករ​។ ក្នុងករណី​ការវិវត្តន៍​នៃ​ភូមិ​ខ្មែរ ពេល​មិនទាន់មាន​អរិយធម៌​ឥណ្ឌា​ចូលមក នៅ​ស្រុក​ខ្មែរ​ទំនង​មាន​ជនជាតិ​ច្រើន​នៅ​ផ្ដុំគ្នា​អាច​ពី​២០ ទៅ​៣០​ក្រុម ហើយ​និយាយ​ភាសា​ស្រដៀងៗ​គ្នា​។ ក្រោយមកទៀត​អ្នកស្រាវជ្រាវ​បាន​ហៅ​ពួកគេ​ទាំងនោះ​ជា «​អំបូរ​ខ្មែរ​មន​»​។
​អំបូរ​ទាំងនោះ​រស់នៅ​ជា​ក្រុមៗ ហើយ​គេ​អាច​ស្គាល់​មានដូចជា​ខ្មែរ កួយ សំរែ ស្ទៀង រដែ បា​ណា ពណ៌​។​ល​។ ពេល​អរិយធម៌​ឥណ្ឌា​ចូលមក​តាមរយៈ​ការធ្វើ​ជំនួញ ផ្សព្វផ្សាយ​សាសនា ស្វែងរក​កំណប់​-​ល​- ពួកគេ​បាន​ប្រទះ​នឹង​ជនជាតិ​ច្រើន​ក្រុម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​ខ្មែរ​។ ពេលនោះ មានតែ​ជនជាតិខ្មែរ​តែប៉ុណ្ណោះ ដែល​ចេញមុខ​ធ្វើ​ជំនួញ និង​ព្រម​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា ក្រៅពីនោះ​ជនជាតិ​ដទៃ ពួកគេ​បាន​ដកថយ មិន​ព្រម​ទទួល​អរិយធម៌​ថ្មី ហើយ​ពេលនោះ​ហើយ ដែល​ការកកើត​រដ្ឋ​ត្រូវបាន​ចាប់ផ្តើម​។
អ៊ី​សា រ៉​ហា​នី​៖ តើ​សណ្ឋាន ឬ​រូបរាង​នៃ​កកើត​ភូមិ​ដំបូង​មាន​រូបរាង​បែបណា​?
 
អ៊ឹម សុខ​រិទ្ធី​៖ យើង​ដឹង​ហើយ ដើមឡើយ​ប្រជាជន​រស់នៅ​ផ្ដុំគ្នា​នៅ​ភូមិឋាន​មួយ ដែលមាន​រាង​មូល មាន​កំពែង​ព័ទ្ធជុំវិញ​។ ដល់ពេល​ក្លាយជា​រដ្ឋ និង​ទទួល​ឥទ្ធិពល​ថ្មី គឺមាន​ក្រុង រៀបចំ​ភូមិឋាន​ទៅតាម​ឥណ្ឌា​។ មនុស្ស​រស់នៅ​ជា​ក្រុម ក្នុងភូមិ​ស្រុក ហើយ​ភូមិ​នោះ​មាន​រាង​ជា​ធរណីមាត្រ​បួន​ជ្រុង​ទ្រវែង បួន​ជ្រុង​ស្មើ រាង​មូល និង​មាន​កំពែង​ព័ទ្ធជុំវិញ មាន​ផ្លូវ មាន​ប្រាសាទ​នៅ​កណ្តាល មាន​ប្រាសាទ​នៅ​ជ្រុង មា​នទី​អារាម មាន​បណ្តាញ​គមនាគមន៍​-​ល​- ការទទួល​ឥទ្ធិពល​នេះ គឺជា​ការវិវត្តន៍​ទៅជា​ក្រុង​ស៊ី​វិ​ល័យ​។
​ចំណែក​សហគមន៍​ដែល​មិន​ព្រម​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា ពួកគេ​រស់នៅ​ប្រមូល​ផ្ដុំគ្នា​ដែរ ប៉ុន្តែ​ការរៀបចំ​ភូមិ​អាករ​មិនមាន​ភាពត្រឹមត្រូវ​ទេ មានតែ​ភូមិ​អាករ​ខ្មែរ​ដែល​ទទួល​អរិយធម៌​ឥណ្ឌា​ប៉ុណ្ណោះ ដែលមាន​ទ្រង់ទ្រាយ​ត្រឹមត្រូវ តាម​ក្បួនខ្នាត​ទៅតាម​ឥណ្ឌា ហើយ​ការរៀប​ចំនេះ​ត​រហូតដល់​សម័យ​ក្រោយ​អង្គរ និង​បន្ត​ដល់​សម័យ​ក្រោយ​ទៀត​។
​ក្រុម​ជនជាតិ​ដទៃ ពួកគេ​រស់នៅ​ជា​សហគមន៍​ដែរ តែ​ពួកគេ​គ្មាន​ចំណេះ​លើក​ផ្លូវ​ទេ​។ ពួកគេរ​ស់បែប​ធម្មជាតិ តែ​ខ្មែរ (​ដែល​ទទួល​អរិយធម៌​ឥណ្ឌា​) ប្រើ​ធម្មជាតិ​មក​បម្រើ គឺមាន​លើកថ្នល់ ពូន​ផ្លូវ​ត​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ លើក​ផ្លូវ​តូ​ចត​ភ្ជាប់​ទៅ​ផ្លូវធំ​។​ល​។
អ៊ី​សា រ៉​ហា​នី​៖ ចំណែក​ការដាក់​ឈ្មោះ​ភូមិ​ករ​វិញ តើ​ការដាក់​ឈ្មោះ​នៅ​សម័យបុរាណ គេ​ដាក់​យោង​លើ​អ្វីខ្លះ​?
 
អ៊ឹម សុខ​រិទ្ធី​៖ ពី​ដើម គេ​អាស្រ័យ​លើ​រាជការ​អ្នក​ដាក់ ឬ​រាជ​ការដាក់​ទៅតាម​ព្រះ​ដែល​តម្កល់​នៅតាម​សហគមន៍​នោះ​។ មានន័យថា ចំណុច​សំខាន់​របស់​ភូមិ គឺ​កកើត​ពី​ការ​រាយ​សាយ​ចេញពី​មណ្ឌល​មួយ ដែលជា​ចំណុចកណ្តាល​របស់​ភូមិ ជា​ផ្ចិត​របស់​ភូមិ ហើយ​ជា​អ្នកថែរក្សា​ភូមិ ដែល​មុនដំបូង​ជា​អ្នកតា ចេញពី​អ្នកតា​ក្លាយជា​ព្រះ​របស់​ព្រហ្ម​ណ៍​សាសនា ហើយ​ព្រះ​នោះគេ​ធ្វើ​ប្រាសាទ​នៅ​កណ្តាល ហើយ​ប្រាសាទ​នោះ​ទៀតសោត​មានឈ្មោះ​ព្រះ​មួយៗ ហើយ​ឈ្មោះ​ព្រះ​នោះ​ជា​ឈ្មោះ​របស់​ភូមិ​មួយៗ​។
​ក្រៅពីនេះ គេ​ដាក់ឈ្មោះ​ភូមិ​យោងតាម​ធម្មជាតិ ដូចជា​ភូមិ​នោះ​នៅក្បែរ​ទន្លេ ភ្នំ ថ្នល់ (​ថ្នល់​បត់ ថ្នល់ទទឹង​...) ភូមិ​នោះ​មានឈ្មោះ​តាម​ហ្នឹង​។ បើ​រាជការ​អ្នក​ដាក់ គឺ​យោងតាម​ព្រះ តែបើ​កើតចេញពី​រាស្ត្រ ច្រើន​ទាក់ទង​នឹង​ធម្មជាតិ ហើយ​ប្រវត្តិ​នេះ​រហូតមកដល់​សម័យ​ទំនើប​។
អ៊ី​សា រ៉​ហា​នី​៖ មកដល់​សម័យ​ទំនើប តើ​បាតុភូត​កកើត​ភូមិ​នៅ​ដដែល ឬ​មានការ​ផ្លាស់ប្តូរ​?
 
អ៊ឹម សុខ​រិទ្ធី​៖ បាតុភូត​នៃ​ការកកើត​ភូមិ​នៅ​សម័យ​ទំនើប មានការ​ប្រែប្រួល​។ តួយ៉ាង នៅ​សម័យ​អាណានិគម​បារាំង ពេល​បារាំង​ធ្វើ​ផ្លូវ​ភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពេលនោះ​តាមផ្លូវ​ស្ងាត់ អសន្តិសុខ​-​ល​- ពេលនោះ អាជ្ញាធរ​ខ្លះ​លើកទឹកចិត្ត ខ្លះ​បង្ខំ ឲ្យ​អ្នកស្រុក​មក​រស់នៅ​ប្រប​មាត់​ថ្នល់​។ សព្វថ្ងៃ​យើង​ឃើញ​ភូមិ​នៅ​បណ្តោយ​ថ្នល់ ឬ​ផ្លូវ វា​មិនមែនជា​ទំនៀម​របស់​ខ្មែរ​ទេ​។
​នៅ​ស​.​វ​ទី​២០ ចាប់ផ្តើម​មាន​ចលនា​ផ្សេងទៀត​។ នៅ​តំបន់​អង្គរ នៅ​ស​.​វ​ទី​២០ មាន​ចលនា​ប្រជាជន ដែល​ចុះ​ពី​ខ្មែរលើ​ពី​ខាង​ជើងភ្នំ​ដងរែក​សព្វថ្ងៃ នៅក្នុង​ទឹកដី​របស់​សៀម ខេត្ត​សុ​រិ​ន ដែល​ពួកគេ​ជា​ខ្មែរ​ផង ជា​កួយ​ផង បានធ្វើ​ដំណើរ​ចុះមក​ក្រោម ដើម្បីរ​កដី​ធ្វើស្រែ​។ ព្រោះ​ពេលនោះ​នៅ​តំបន់​ខ្ពស់ អាជ្ញាធរ​សៀម​មិនទាន់​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ​នៅឡើយ ប្រជាជន​ក្រ មាន​ជំងឺ​អាសន្នរោគ​ផង បាន​ចេញមក​ខាងក្រោម​ជា​ក្រុមៗ រក​ដី​ធ្វើស្រែ នៅជាប់​មាត់ទន្លេ​។ ហេតុ​ដូច្នេះហើយ ទើប​នៅ​ដើម​ស​.​វ​ទី​២០ មាន​ចលនា​ធំ​ចឹ​ង បើ​គិត​ទៅ​ពួកគេ​ចុះមក​ដល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ សៀមរាប កំពង់ធំ ខ្លះ​មកពី​ស៊ីសាកេត សុ​រិ​ន បុរី​រាម​។​ល​។
​នៅ​តំបន់​អង្គរ​ក៏មានដែរ​។ នៅ​ដើម​ស​.​វ​ទី​២០ អ្នក​ទាំងនោះ​មកដល់​អ​ង្គ​រ មាន​កួយ​មួយក្រុម​ធំ​មកដល់​អង្គរ មក​រៀបចំ​ភូមិ​នៅ​បារាយណ៍ទឹកថ្លា ក្រោយមក​គេ​បញ្ចូល​ទឹក​វិញ ក៏​ជម្លៀស​ប្រជាជន​ទៅខាង​លើ មានដូចជា​ភូមិ​គោក​ត្នោត គោក​បេង គឺជា​អ្នក​ដែល​រៀប​ចំរាន​ដី ធ្វើ​ភូមិ​នៅ​ម្តុំ​ហ្នឹង​មុនគេ គឺ​កួយ ក្រោយមក​កើតជា​ខ្មែរ​រហូតមក​។
អ៊ី​សា រ៉​ហា​នី​៖ ទាក់ទង​នឹង​ការដាក់​ឈ្មោះ​នេះដែរ កាលពីពេល​ថ្មីៗ​នេះ មាន​ព្រះសង្ឃ​មួយអង្គ​ចេញមក​បកស្រាយ​ថា ភូមិ «​គិរី​មាន​ន្ទ​» ដែលជា​ភូមិ​ស្ថិតនៅ​សង្កាត់​អំពិល ក្រុង​សៀមរាប ឈ្មោះ​ដើម «​មា​នី​មាន​ន្ទ​» ទៅវិញ​។ លោក​មាន​សង្ឃដីកា​រថា មា​នី​មាន​ន្ទ ជា​ឈ្មោះ​អ្នក​ដែល​មក​តាំងទី​ដំបូង​នៅ​ភូមិឋាន​នោះ ទើប​អ្នកស្រុក​ដាក់​ទៅតាម​ហ្នឹង​។ តើ​ករណីនេះ លោក​បកស្រាយ​បែបណា​?
 
អ៊ឹម សុខ​រិទ្ធី​៖ រឿង​ហ្នឹង​អត់​ខុស​ទេ​។ ដូច​ខ្ញុំ​និយាយ​ចឹ​ង ឈ្មោះ​ខ្លះ​វា​ទាក់ទង​នឹង​ធម្មជាតិ ខ្លះ​កកើត​ដោយ​អ្នក​ទីមួយ​ដែល​គេ​មក​រៀបចំ​ទៅ មិនដឹង​ហៅ​អី ក៏​ដាក់ឈ្មោះ​ហ្នឹង​ទៅ​។ ករណី​វា​ច្រើន ឈ្មោះ​ខ្លះ​ទាក់ទង​នឹង​ដើមឈើ​។ បើ​យើង​មើល​ករណី​ភូមិ គិរី​មាន​ន្ទ យើង​អាច​បកស្រាយ​ក្នុង​រឿង​ទូទៅ​របស់​ប្រពៃណី​ខ្មែរ គេ​តែងមាន​ការបកស្រាយ ដោយ​យក​រឿងព្រេង​មក​និយាយ​។ យើង​ត្រូវ​និយាយ​ឲ្យ​ច្បាស់​ថា នេះ​ជា​រឿងព្រេង​ដែល​និយាយ​តៗ​គ្នា​។ រឿងព្រេង​ជា​រឿងព្រេង ប្រវត្តិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ វប្បធម៌​ជា​រឿង​វប្បធម៌ ត្រូវ​ចែកដាច់​ពីគ្នា​។ យើង​មិន​បដិសេធ​ទេ ព្រោះនេះ​គេ​ហៅថា ភាពសម្បូរ​បែប​នៃ​វប្បធម៌ ភាព​ចម្រុះ​នៃ​វប្បធម៌​របស់​ខ្មែរ​។  យើង​មិនត្រូវ​បំបាត់​មួយ​ទេ​។ «​គិរី​មាន​ន្ទ​» ជា​ឈ្មោះ​គម្ពីរ​សូត្រ​មួយ​នៅក្នុង​ពុទ្ធសាសនា​... ប៉ុន្តែ​បើ​យើង​មើល​ពី​ទ្រង់ទ្រាយ​របស់​ភូមិ ភូមិ​នេះ​មិនមែន​បុរាណ​ពេក​ទេ​។ ភូមិ​ហ្នឹង ទំនង​កើត​នៅក្រោយ​សតវត្សរ៍​ទី​២០​មក ពីព្រោះ​អី ភូមិ​នៅ​បណ្តោយ​ថ្នល់​។
​សរុប​មកវិញ តាម​ទំនៀម​ខ្មែរ ប្រពៃណី​ខ្មែរ ទម្លាប់​ខ្មែរ មិន​រស់នៅ​ប្រប​ថ្នល់​ទេ​។ តាម​ក្បួន​ន​គោ​រូបនីយកម្ម​ឥណ្ឌា គេ​រៀបចំ​ភូមិ​នៅ​ទីតាំង​ណា​ដែលមាន​ជ័យ តាម​ក្បួន​តារាសាស្ត្រ​។ កន្លែង​ជ័យ មិន​នៅ​ជិត​ថ្នល់​ទេ ហើយ​ទំនៀម​ខ្មែរ​ក៏​មិន​ហ៊ាន​នៅ​ប្រប​ថ្នល់​ដែរ គេ​ខ្លាច គេ​គោរព ព្រោះ​ផ្លូវ​នោះ​ជា​ផ្លូវ​របស់​ស្ដេច គេ​មិន​ហ៊ាន​ទន្ទ្រាន​នៅទេ​៕

Tag:
 អ៊ឹម សុខ​រិទ្ធី​
  ភូមិ​
© រក្សាសិទ្ធិដោយ thmeythmey.com