អន្តរជាតិ
បារាំងរងគ្រោះដោយចលនាភេរវកម្មជាថ្មី ខណៈការបោះឆ្នោតប្រធានាធិបតីជិតមកដល់
× ចលនាភេរវកម្មបានផ្ទុះឡើងជាថ្មីទៀតនៅក្រុងប៉ារីសនៅយប់ថ្ងៃព្រហស្បតិ៍បណ្តាលឲ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់ និងបង្កឲ្យប៉ូលិសពីរនាក់ផ្សេងទៀតរងរបួស។ ក្រុមភេរវជនរដ្ឋឥស្លាមប្រកាសថាខ្លួនជាអ្នករៀបចំការវាយប្រហារភេរវកម្ម ហើយវាកើតឡើងស្របពេលដែលបារាំងត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីផង។
បារាំងរងគ្រោះជាថ្មីទៀតដោយសារចលនាភេរវកម្មនៅថ្ងៃព្រហស្បតិ៍ទី ២០ មេសា នៅវេលាម៉ោង ៩យប់។ ភេរវជនបានបាញ់ប្រហារលើមន្ត្រីប៉ូលិសដោយបណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់និងពីរនាក់ផ្សេងទៀតរងរបួសផងដែរ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP ខ្មាន់កាំភ្លើងបានបាញ់រះដោយប្រើប្រាស់អាវុធស្វ័យប្រវត្តិលើឡានប៉ូលិសដែលស្ថិតនៅលើផ្លូវ Champs Elysees ហើយប៉ូលិសម្នាក់បានស្លាប់និងពីរនាក់ទៀតរបួស។ បន្ទាប់មក ខ្មាន់កាំភ្លើងក៏ត្រូវបានប៉ូលិសបាញ់សម្លាប់ភ្លាមដែរក្នុងការបាញ់ឆ្លើយឆ្លងគ្នា។ អ្នកទេសចរដែលដើរតាមផ្លូវនាំគ្នារត់ចែកជើងគ្នារកទីសុវត្ថិភាពក្នុងពេលផ្ទុះអាវុធនោះ។
ក្រុមភេរវជនរដ្ឋឥស្លាម ចេញសេចក្តីថ្លែងការណ៍មួយដែលបោះពុម្ពផ្សាយលើប្រព័ន្ធឃោសនា Amaq ថា ជនជាខ្មាន់កាំភ្លើងដែលវាយប្រហារនៅកណ្តាលក្រុងប៉ារីសនេះមានឈ្មោះថា Abu Yussef the Belgian ហើយជននេះក៏ជាសកម្មប្រយុទ្ធជីហាតរបស់ក្រុមរដ្ឋឥស្លាមស៊ីរីនិងអ៊ីរ៉ាក់។
ការវាយប្រហារជាថ្មីនេះ កើតឡើងស្របពេលដែលបារាំងត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃ ២៣ ខែមេសា។ បញ្ហាសន្តិសុខនិងភេរវកម្មនេះបានក្លាយជារឿងចម្រូងចម្រាសនិងរសើបបំផុតមួយក្នុងការឃោសនាបោះឆ្នោតកន្លងមករួចទៅហើយនោះ។ វាមានន័យថា ចលនាភេរវកម្មនេះអាចនឹងមានឥទ្ធិពលលើការបោះឆ្នោតនេះដែរ។
ឥទ្ធិពលបែបណាវាស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់។ របាយការណ៍ស្ទង់មតិបង្ហាញថា ប្រជាជនបារាំងបច្ចុប្បន្នបារម្ភខ្លាំងពីបញ្ហាគ្មានការងារធ្វើនិងការចំណាយរដ្ឋច្រើនជាងបញ្ហាសន្តិសុខដែលញាំញីដោយភេរវកម្មនេះ។ប៉ុន្តែគេក៏មិនគេនៅតែបារម្ភថា ការយល់ឃើញរបស់ប្រជាជនបារាំងអាចនឹងផ្លាស់ប្តូរដោយសារបញ្ហាសន្តិសុខនេះ។
ដូច្នេះហើយ អ្នកនយោបាយស្តាំនិយមជ្រុលនិងជាបេក្ខជនប្រធានាធិបតី Marine Le Pen ដែលមាននិន្នាការប្រឆាំងជនអន្តោប្រវេសន៍ និងជាអ្នកប្រឆាំងអឺរ៉ុបផងនោះ អាចនឹងទទួលបានការគាំទ្រច្រើនពេលបោះឆ្នោតផងក៏មិនដឹង។
តាមពិតទៅ បារាំងរងគ្រោះជាបន្តបន្ទាប់ដោយសារការវាយប្រហារភេរវកម្មកន្លងមកចាប់ពីឆ្នាំ ២០១៥មក។ ហើយបារាំងក៏ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នចាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំមួយនៅកណ្តាលក្រុងប៉ារីសនៅខែវិច្ឆិកាឆ្នាំ ២០១៥មកនោះ៕
Tag:
បារាំង
Marine Le Pen
Champs Elysees
© រក្សាសិទ្ធិដោយ thmeythmey.com