អន្តរជាតិ
វេ​ណេ​ស៊ុយ​អេ​ឡា​កាន់តែ​ខិត​ទៅរក​ក្ស័យធន ខណៈ​ក្រុមហ៊ុន​វិនិយោគ​បរទេស​បន្ត​បិទទ្វារ​
21, Apr 2017 , 10:59 pm        
រូបភាព
​វិបត្តិ​វេ​ណេ​ស៊ុយ​អេ​ឡា​កាន់តែ​ធ្ងន់ធ្ងរ​ទៅហើយ ក្រោយ​មានការ​ផ្ទុះ​បាតុកម្មហិង្សា​នៅ​រដ្ឋធានី កា​រ៉ា​កាស​នៅ​សប្តាហ៍​នេះ​ដែល​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ​។ ក្រៅពី​មានការ​បង្ក្រាប​បាតុករ​ដែល​ប្រឆាំង​រដ្ឋាភិបាល គេ​ឃើញ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​ចាប់ផ្តើម​រត់ចេញ​ពី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ផងដែរ​ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន​យក្ស​អាមេរិក G.M ថែមទៀត​។ វា​បញ្ជាក់​ឲ្យ​ឃើញ​កាន់​ច្បាស់​ថា រដ្ឋ​អាមេរិក​ឡាទីន​លង់​កាន់​តែ​ជ្រៅ​ក្នុង​វិបត្តិ​និង​ស្ថិត​លើផ្លូវ​ទៅរក​ការ​ក្ស័យធន​មែនទែន​ហើយ​។​



​ភាពចលាចល​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​កើនឡើង​កាន់តែខ្លាំង នៅពេលដែល​ប្រជាជន​ចាប់ផ្តើម​ប្រមូល​ផ្តុំគ្នា​បះបោរ​កណ្តាល​រដ្ឋធានី កា​រ៉ា​កាស ដើម្បី​ប្រឆាំង​ប្រធានាធិបតី Nicolas Maduro និង ទាមទារ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​ដើម្បី​ប្តូរ​មេដឹកនាំ​បច្ចុប្បន្ន​។ វេ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ស្ថិតនៅ​នៅ​ជ្រលង​មរណៈ​។

​យោងតាម​សារព័ត៌មាន New York Times ស្ថានការណ៍​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ព្រោះ​មានការ​ប្រើប្រាស់​ហិង្សា​ក្នុង​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល​នេះ​ផង ហើយ​គេ​ក៏​មិនឃើញ​មាន​សញ្ញា​បញ្ជាក់ថា គ្រប់យ៉ាង​នឹង​អាច​ត្រឡប់​ទៅរក​ភាពប្រសើរឡើង​ឆាប់ៗ​ឡើយ​។ ស្ថាប័ន​សិទ្ធិមនុស្ស​អះអាងថា មនុស្ស​បីនាក់​បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​ក្រុមបាតុក​នៅ​ថ្ងៃ​ពុធ​កន្លងមកនេះ​។ តែ​បាតុករ​មិន​ចុះ​ញ៉ម​ឡើយ ដោយ​ពួកគេ​ចង់បាន​បោះឆ្នោត​ប្តូរ​មេដឹកនាំ​ដែល​អសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​និង​សង្គម​ឲ្យ​បាន​ឆាប់​តែប៉ុណ្ណោះ​។​

​គណបក្សប្រឆាំង​បាន​ហៅ​ប្រធានាធិបតី​បច្ចុប្បន្ន​លោក Nicolas Maduro ថា​ជា​ជន​ផ្តាច់ការ ហើយ​គេ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ដែរ​។ រីឯ​រដ្ឋាភិបាល​ឯណោះ​វិញ​បាន​ព្យាយាម​ចោទប្រកាន់​លោកខាងលិច​ជាពិសេស​អាមេរិក​នោះ​ថា​ជា​អ្នក​ដែល​នៅ​ពីក្រោយ​ចលនា​បាតុកម្ម​និង​យក​សេដ្ឋកិច្ច​ធ្វើជា​អាវុធ​ប្រឆាំង​ខ្លួន​។ មកដល់ពេលនេះ វា​គ្មាន​សញ្ញា​វិជ្ជមាន​ណាមួយ​បញ្ជាក់ថា រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំងនឹង​ចាប់ផ្តើម​ការចរចា​លើ​បញ្ហានយោបាយ​និង​វិបត្តិ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នៅពេល​ឆាប់ៗ​នោះឡើយ​។

​យ៉ាងណាក៏ដោយ អ្វីដែល​គួរ​ឲ្យ​បារម្ភ​នៅពេល​បច្ចុប្បន្ន​គឺ ក្រុមហ៊ុន​ធំ​ដែល​ផ្តល់​ដង្ហើម​ដល់​សេដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា បន្ត​បិទទ្វារ​និង​ដក​ទុនវិនិយោគ​ចេញ​។ ភាព​តានតឹង​ផ្នែក​នយោបាយ​ផង​,​បញ្ហា​ហិង្សា​, អំពើពុករលួយ​, កំណើន​ឧក្រិដ្ឋកម្ម​, កង្វះខាត​ថា​ម​អគ្គិសនី និង​ការអនុវត្ត​ច្បាប់​វិនិយោគ​ដែល​ដាក់​កម្រិត​លើ​ក្រុមហ៊ុន​បរទេស​ផង​នោះ​ជាហេតុ​ផល​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទាំងនេះ​ត្រូវ​បិទទ្វារ​ឈប់​រកស៊ី​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​។​

​ចំណែក ក្រុមហ៊ុន​យក្ស​អាមេរិក G.M ក៏​សម្រេច​បិទទ្វារ​ដោយ​ស្ម័គ្រចិត្ត​ដែរ ក្រោយ​ពេលដែល​អាជ្ញាធរ​វេ​ណេ​ស៊ុយ​អេ​ឡា​រឹបអូស​យក​ទ្រព្យ​ស​ម្បិ​ត្ត​និង​ទីតាំង​ផ្គុំ​យាន្ត​ជំនិះ​របស់ខ្លួន​កន្លងមក​។ ក្រុមហ៊ុន​អាមេរិក​នេះ​បាន​អះអាងថា ខ្លួន​បង្ខំចិត្ត​បិទទ្វារ​ឈប់​រកស៊ី​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ដោយសារតែ​ការសម្រេច​ខុសច្បាប់​រប​ស់​តុលាកា​រវេ​ណេ​ស៊ុយ​អេ​ឡា​ក្នុងការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ខ្លួន​។ ហើយ​ការបិទទ្វារ​នេះ​នឹង​បង្ក​ឲ្យ​កម្មករ ២៧០០​នាក់​ប្រឈម​ការ​អត់​ការងារ​ធ្វើ​ផងដែរ​។​

​ស្រប​ពេលដែល​ក្រុមហ៊ុន​បរទេស​ជាច្រើន​ដែលជា​ដង្ហើម​នៃ​សេដ្ឋកិច្ចជាតិ​បន្ត​បិទទ្វារ ប្រជាជន​ប្រទេស​នេះ​ក៏​ប្រឈមមុខ​បញ្ហា​អត់​ឃា្ល​ន​ខ្លាំង និង​បាត់បង់​ចំណូល​ដោយសារ​វិបត្តិ​ទាំងនេះ​ផង ។​ប្រជាជន​ទូទៅ​ត្រូវ​តម្រង់​ជួរ​បន្តកន្ទុយ​គ្នា​រាល់ថ្ងៃ​ដើម្បី​ទិញ​នំប៉័ង​និង​ទិញ​ថ្នាំពេទ្យ​យ៉ាង​លំបាកលំបិន​បំផុត​។ 

​ចំណែក អត្រា​អតិផរណា​កើនឡើង​កប់​ពពក ស្រប​ពេលដែល​តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ ហើយ​បំណុល​បរទេស​ចេះតែ​កើនឡើង​។ បើ​ក្រឡេកមើល​រដ្ឋាភិបាល​វិញ មិន​ធ្វើ​អ្វី​សោះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​។ ផ្ទុយទៅវិញ គេ​គិតតែ​រក​មធ្យោបាយ​ដើម្បី​បង្ក្រាប​បាតុករ​និង​ទប់ស្កាត់​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ដើម្បី​រក្សា​អំណាច​ទៅវិញ​។ ដូច​ច្នេះ​ហើយ វេ​ណេ​ស៊ុយ​អេ​ឡា​នេះ​ទំនងជា​នឹង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​ការ​ក្ស័យធន​ឆាប់​ខាងមុខនេះ បើ​គ្មាន​ដំណោះស្រាយ​ជា​ដុំកំភួន​ទេនោះ​។​

​តាមពិតទៅ វេ​ណេ​ស៊ុយ​អេ​ឡា​ធ្លាប់ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ទីផ្សា​ធំ​ផុត​គេ​នៅ​អាមេរិក​ឡាទីន​សម្រាប់​ក្រុមហ៊ុន​បរទេស​។ ហើយ​ប្រទេស​នេះ​ក៏​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ថ្កុំថ្កើង​ដោយសារ​មាន​ធនធាន​ប្រេង​និង​មានការ​កើនឡើង​នៃ​ប្រជាជន​វណ្ណៈ​កណ្តាល​ថែមទៀត​កន្លងមក​។ ប៉ុន្តែ​គ្រប់យ៉ាង​លែង​ដូច​មុន​ហើយ ព្រោះ​វេ​ណេ​ស៊ុយ​អេ​ឡា​ទំនងជា​ចៀស​មិន​ផុតពី​ធ្លាក់ខ្លួន​ក្ស័យធន​និង​ផុង​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ​និង​អសន្តិសុខ​ឡើយ​៕

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  Nicolas Maduro
  G.M
© រក្សាសិទ្ធិដោយ thmeythmey.com