អន្តរជាតិ
វេណេស៊ុយអេឡាកាន់តែខិតទៅរកក្ស័យធន ខណៈក្រុមហ៊ុនវិនិយោគបរទេសបន្តបិទទ្វារ
× វិបត្តិវេណេស៊ុយអេឡាកាន់តែធ្ងន់ធ្ងរទៅហើយ ក្រោយមានការផ្ទុះបាតុកម្មហិង្សានៅរដ្ឋធានី ការ៉ាកាសនៅសប្តាហ៍នេះដែលទាមទារឲ្យមានការបោះឆ្នោតមុនអាណត្តិ។ ក្រៅពីមានការបង្ក្រាបបាតុករដែលប្រឆាំងរដ្ឋាភិបាល គេឃើញក្រុមហ៊ុនធំៗមួយចំនួនចាប់ផ្តើមរត់ចេញពីវេណេហ្ស៊ុយអេឡាផងដែរក្នុងនោះមានទាំងក្រុមហ៊ុនយក្សអាមេរិក G.M ថែមទៀត។ វាបញ្ជាក់ឲ្យឃើញកាន់ច្បាស់ថា រដ្ឋអាមេរិកឡាទីនលង់កាន់តែជ្រៅក្នុងវិបត្តិនិងស្ថិតលើផ្លូវទៅរកការក្ស័យធនមែនទែនហើយ។
ភាពចលាចលនៅវេណេស៊ុយអេឡាកើនឡើងកាន់តែខ្លាំង នៅពេលដែលប្រជាជនចាប់ផ្តើមប្រមូលផ្តុំគ្នាបះបោរកណ្តាលរដ្ឋធានី ការ៉ាកាស ដើម្បីប្រឆាំងប្រធានាធិបតី Nicolas Maduro និង ទាមទារឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតមុនអាណត្តិដើម្បីប្តូរមេដឹកនាំបច្ចុប្បន្ន។ វេណេស៊ុយអេឡាកំពុងស្ថិតនៅនៅជ្រលងមរណៈ។
យោងតាមសារព័ត៌មាន New York Times ស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរព្រោះមានការប្រើប្រាស់ហិង្សាក្នុងចលនាបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលនេះផង ហើយគេក៏មិនឃើញមានសញ្ញាបញ្ជាក់ថា គ្រប់យ៉ាងនឹងអាចត្រឡប់ទៅរកភាពប្រសើរឡើងឆាប់ៗឡើយ។ ស្ថាប័នសិទ្ធិមនុស្សអះអាងថា មនុស្សបីនាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងប៉ូលិសនិងក្រុមបាតុកនៅថ្ងៃពុធកន្លងមកនេះ។ តែបាតុករមិនចុះញ៉មឡើយ ដោយពួកគេចង់បានបោះឆ្នោតប្តូរមេដឹកនាំដែលអសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចនិងសង្គមឲ្យបានឆាប់តែប៉ុណ្ណោះ។
គណបក្សប្រឆាំងបានហៅប្រធានាធិបតីបច្ចុប្បន្នលោក Nicolas Maduro ថាជាជនផ្តាច់ការ ហើយគេក៏ស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនប្រឆាំងរដ្ឋាភិបាលដែរ។ រីឯរដ្ឋាភិបាលឯណោះវិញបានព្យាយាមចោទប្រកាន់លោកខាងលិចជាពិសេសអាមេរិកនោះថាជាអ្នកដែលនៅពីក្រោយចលនាបាតុកម្មនិងយកសេដ្ឋកិច្ចធ្វើជាអាវុធប្រឆាំងខ្លួន។ មកដល់ពេលនេះ វាគ្មានសញ្ញាវិជ្ជមានណាមួយបញ្ជាក់ថា រដ្ឋាភិបាលនិងក្រុមប្រឆាំងនឹងចាប់ផ្តើមការចរចាលើបញ្ហានយោបាយនិងវិបត្តិដែលប្រទេសនេះកំពុងប្រឈមនៅពេលឆាប់ៗនោះឡើយ។
យ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យបារម្ភនៅពេលបច្ចុប្បន្នគឺ ក្រុមហ៊ុនធំដែលផ្តល់ដង្ហើមដល់សេដ្ឋវេណេស៊ុយអេឡា បន្តបិទទ្វារនិងដកទុនវិនិយោគចេញ។ ភាពតានតឹងផ្នែកនយោបាយផង,បញ្ហាហិង្សា, អំពើពុករលួយ, កំណើនឧក្រិដ្ឋកម្ម, កង្វះខាតថាមអគ្គិសនី និងការអនុវត្តច្បាប់វិនិយោគដែលដាក់កម្រិតលើក្រុមហ៊ុនបរទេសផងនោះជាហេតុផលដែលជំរុញឲ្យក្រុមហ៊ុនទាំងនេះត្រូវបិទទ្វារឈប់រកស៊ីនៅវេណេស៊ុយអេឡា។
ចំណែក ក្រុមហ៊ុនយក្សអាមេរិក G.M ក៏សម្រេចបិទទ្វារដោយស្ម័គ្រចិត្តដែរ ក្រោយពេលដែលអាជ្ញាធរវេណេស៊ុយអេឡារឹបអូសយកទ្រព្យសម្បិត្តនិងទីតាំងផ្គុំយាន្តជំនិះរបស់ខ្លួនកន្លងមក។ ក្រុមហ៊ុនអាមេរិកនេះបានអះអាងថា ខ្លួនបង្ខំចិត្តបិទទ្វារឈប់រកស៊ីនៅវេណេស៊ុយអេឡាដោយសារតែការសម្រេចខុសច្បាប់របស់តុលាការវេណេស៊ុយអេឡាក្នុងការរឹបអូសយកទ្រព្យសម្បត្តិក្រុមហ៊ុនខ្លួន។ ហើយការបិទទ្វារនេះនឹងបង្កឲ្យកម្មករ ២៧០០នាក់ប្រឈមការអត់ការងារធ្វើផងដែរ។
ស្របពេលដែលក្រុមហ៊ុនបរទេសជាច្រើនដែលជាដង្ហើមនៃសេដ្ឋកិច្ចជាតិបន្តបិទទ្វារ ប្រជាជនប្រទេសនេះក៏ប្រឈមមុខបញ្ហាអត់ឃា្លនខ្លាំង និងបាត់បង់ចំណូលដោយសារវិបត្តិទាំងនេះផង ។ប្រជាជនទូទៅត្រូវតម្រង់ជួរបន្តកន្ទុយគ្នារាល់ថ្ងៃដើម្បីទិញនំប៉័ងនិងទិញថ្នាំពេទ្យយ៉ាងលំបាកលំបិនបំផុត។
ចំណែក អត្រាអតិផរណាកើនឡើងកប់ពពក ស្របពេលដែលតម្លៃប្រេងឆៅធ្លាក់ចុះ ហើយបំណុលបរទេសចេះតែកើនឡើង។ បើក្រឡេកមើលរដ្ឋាភិបាលវិញ មិនធ្វើអ្វីសោះដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ ផ្ទុយទៅវិញ គេគិតតែរកមធ្យោបាយដើម្បីបង្ក្រាបបាតុករនិងទប់ស្កាត់ចលនាប្រឆាំងរដ្ឋាភិបាលដើម្បីរក្សាអំណាចទៅវិញ។ ដូចច្នេះហើយ វេណេស៊ុយអេឡានេះទំនងជានឹងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការក្ស័យធនឆាប់ខាងមុខនេះ បើគ្មានដំណោះស្រាយជាដុំកំភួនទេនោះ។
តាមពិតទៅ វេណេស៊ុយអេឡាធ្លាប់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទីផ្សាធំផុតគេនៅអាមេរិកឡាទីនសម្រាប់ក្រុមហ៊ុនបរទេស។ ហើយប្រទេសនេះក៏ស្ថិតក្នុងចំណោមប្រទេសដែលថ្កុំថ្កើងដោយសារមានធនធានប្រេងនិងមានការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាលថែមទៀតកន្លងមក។ ប៉ុន្តែគ្រប់យ៉ាងលែងដូចមុនហើយ ព្រោះវេណេស៊ុយអេឡាទំនងជាចៀសមិនផុតពីធ្លាក់ខ្លួនក្ស័យធននិងផុងជ្រៅក្នុងវិបត្តិនយោបាយនិងអសន្តិសុខឡើយ៕
Tag:
វេណេស៊ុយអេឡា
Nicolas Maduro
G.M
© រក្សាសិទ្ធិដោយ thmeythmey.com