ជាតិ
ACU បញ្ជូនខ្លួនជំនួយការអគ្គលេខាធិការរង CDC ទៅតុលាការ នៅថ្ងៃទី២២ មេសានេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
× ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បានឲ្យដឹងថា ACU នឹងបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ឈឹម ពិសិដ្ឋ ដែលជាជំនួយការអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទៅតុលាការនៅថ្ងៃទី២២ ខែមេសានេះ។
លោក ឱម យ៉ិនទៀង បានប្រាប់សារព័ត៌មានថ្មីៗថា មន្ត្រីជំនាញ ACU បានស៊ើបអង្កេតករណីជនសង្ស័យខាងលើយ៉ាងច្បាស់លាស់ មុនពេលពួកគេសម្រេចឃាត់ខ្លួនជំនួយការខាងលើកាលពីថ្ងៃទី២០ ខែមេសា។ ក្រៅពីស៊ើបអង្កេតជនសង្ស័យដែលជាជំនួយមន្ត្រី CDC ខាងលើ ប្រធាន ACU បានបង្ហើបឲ្យដឹងថា មន្ត្រីជំនាញកំពុងស៊ើបអង្កេតរកមន្ត្រីពាក់ព័ន្ធនឹងអំពើពុករលួយមួយចំនួនទៀតផង។
នៅពេលអ្នកសារព័ត៌មានសួរថា តើជនសង្ស័យខាងលើជាប់ពាក់ព័ន្ធនឹងករណីបណ្តឹងពុករលួយអ្វី? តើនឹងមានមនុស្សដទៃប៉ុន្មានទៀតពាក់ព័ន្ធ? លោកទេសរដ្ឋមន្ត្រី យ៉ិនទៀង ពុំបកស្រាយលម្អិតនោះទេ លោកគ្រាន់តែបញ្ជាក់ថា ACU កំពុងស៊ើបអង្កេតយ៉ាងច្បាស់លាស់តាមច្បាប់។ «យើងកំពុងស៊ើបអង្កេត ករណីនេះ»។ ប្រធាន ACU បញ្ជាក់យ៉ាងខ្លីពីនីតិវីធីស៊ើបអង្កេតសម្ងាត់របស់មន្ត្រីជំនាញ។
គួរបញ្ជាក់ថា ACU បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឹម ពិសិដ្ឋ អាយុ៥២ឆ្នាំ ជាជំនួយការអគ្គលេខាធិការរង CDC កាលពីថ្ងៃទី២០ ខែមេសានេះ៕
Tag:
ឱម យ៉ិនទៀង
ឈឹម ពិសិដ្ឋ
ពុករលួយ
ACU
CDC
© រក្សាសិទ្ធិដោយ thmeythmey.com