ពីនេះ ពីនោះ
ពាក្យ ដែលមាន «​អតិ​» នៅ​ខាងដើម តែង​បង្ហាញ​ពី «​ភាព​លើសលុប ឬ ច្រើន​ក្រៃលែង​»
22, Apr 2017 , 7:30 am        
រូបភាព
ភ្នំពេញ៖ «​អតិ​» ត្រូវបាន​ចាត់ទុកជា​និបាតសព្ទ​មួយ ដែល​អាច​ឈរ​នៅ​ពីខាងមុខ​ពាក្យ​ដទៃ​។ និបាតសព្ទ គឺ​សំដៅលើ​ពាក្យ ដែល​ឈរ​នៅ​ពី​ខាងមុខ​ពាក្យ​ណាមួយ ហើយ​បន្ថែម​អត្ថន័យ​ឲ្យ​ពាក្យ​នោះ​។



​និបាតសព្ទ «អតិ» អាច​ប្រែ​បាន​ច្រើនយ៉ាង​ដូចជា កន្លង​, ក្រៃ​, ខ្លាំង​, ពេក​, ក្រៃពេក​, ពន់ពេក​, ក្រៃលែង​, លើស​, លើសលែង​, លើសលុប​, ហួស​, ហួសពេក​, ផុត​, បំផុត​, ធំ​, យ៉ាង​ធំ​, ណាស់ ជាដើម​។

​ពាក្យ​ដែលមាន «​អតិ​» នៅ​ខាងដើម មានដូចជា អតិកល្យាណ (​មាន​លម្អ​ក្រៃពេក​, ល្អ​ក្រៃពេក​), អតិក្រោធ (​ក្រោធ​ខ្លាំង​, ខឹង​ខ្លាំង​), អតិជាតបុត្ត (​កូន​ប្រសើរ​កន្លង​), អតិទាន (​ទាន​យ៉ាង​ធំ​, អំណោយ​យ៉ាង​ធំ​), អតិទុក្ខ (​ទុក្ខ​ខ្លាំង​, សេចក្តី​ព្រួយ​ខ្លាំង​), អតិទេព (​ទេពតា​ស័ក្តិធំ​), អតិបរិមា (​កម្រិត​យ៉ាងច្រើន​, យ៉ាងខ្ពស់​, យ៉ាង​ឆ្ងាយ​បំផុត​, យ៉ាងច្រើន​បំផុត​, យ៉ាង​ក្រៃលែង​, ដ៏​លើសលុប​បំផុត​), អតិបរិមាណ (​បរិមាណ​យ៉ាង​ក្រៃលែង​, ចំនួន​យ៉ាងច្រើន​, ចំនួន​យ៉ាង​ខ្ពស់បំផុត​), អតិពាល (​ពាល​ខ្លាំង​, ល្ងង់​ខ្លាំង​), អតិមានះ (​មានះ​ក្រៃពេក​, ប្រកាន់​ហួសពេក​), អតិវិសាល (​ទូលាយ​ណាស់​), អតិសុខុម (​សុខុម​ក្រៃពេក​), អតិសុខុមប្រាណ (​សត្វមានជីវិត​យ៉ាង​តូច​ល្អិត​ជាទីបំផុត​), អតិ​សុខ​មាល (​ដែល​ធ្លាប់តែ​ស្រណុក​ក្រៃពេក​), អតិសោភ័ណ (​ល្អ​កន្លង​) ។​ល​។​

​ការបកប្រែ និបាតសព្ទ «​អតិ​» ត្រូវ​ឲ្យ​សម​ទំនង​ទៅតាម​កាលៈទេសៈ​។ ជារួម «​អតិ​» អាច​បកប្រែ​យ៉ាងណា​ក៏បាន ឲ្យ​តែ​ស្ថិតក្នុង​ន័យ​ថា លើសលុប ឬ ច្រើនពេក ឬមួយ​ក៏ ពន់ពេក​។

​ការបកស្រាយ​នេះ គឺ​ដកស្រង់​ចេញពីវចនានុក្រម សម្តេច ជួន​ ណាត៕


Tag:
 ពន្យល់ពាក្យ
  អតិ
© រក្សាសិទ្ធិដោយ thmeythmey.com