សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំការប្រកួប្រណាំងកង់អន្តរជាតិកម្រិតអាជីពលើកដំបូងនៅកម្ពុជា ដើម្បីដកស្រង់បទពិសោធន៍ បច្ចេកទេស សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ម្យ៉ាងទៀត ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពរបស់កីឡាករជម្រើសជាតិដែលកំពុងហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ីនាខែសីហា ខាងមុខ។
លោក វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់ថា សហព័ន្ធខ្មែរកីឡទោចក្រយាននឹងរៀបចំការប្រកួតប្រណាំងកង់អន្តរជាតិកម្រិតអាជីពដែលមិនធ្លាប់មាននៅកម្ពុជាចាប់ពីថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០១៧ នៅលើកំពូលភ្នំបូកគោ។ ការប្រកួតនេះ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី នាខែសីហា ខាងមុខនេះ។
ម្យ៉ាងទៀត ការប្រកួតនេះធ្វើឡើងដើម្បីដកស្រង់ជាបទពិសោធន៍ ក៏ដូចជាបច្ចេកទេសសម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះព្រឹត្តិការណ៍នេះជាការប្រកួតកម្រិតអាជីពដែលរៀបចំបច្ចេកទេសដោយអ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងបានចាត់ទុកព្រឹត្តិការណ៍នេះថា ជាប្រកួតមួយដ៏សំខាន់ក្នុងការជំរុញក៏ដូចជាអភិវឌ្ឍន៍សមត្ថភាព បច្ចេកទេសរបស់កីឡាករឲ្យឈានទៅរកកម្រិតជំនាញ។ ហើយ លោក បានទុកការរៀបចំរបស់សហព័ន្ធខ្មែរកីឡាទោចក្រជាគំរូមួយដ៏ល្អសម្រាប់សហព័ន្ធដទៃៗទៀត។
«នេះជាព្រឹត្តិការណ៍ទី១ និងជាផែនការការងារទី១របស់សហព័ន្ធខ្មែរកីឡាទោចក្រយានក្នុងការអភិវឌ្ឍន៍កីឡាជំនាញ កាលណាយើងមានការប្រកួតកីឡាជំនាញជាអន្តរជាតិនៅស្រុកយើង នោះកីឡាករកីឡាការិនីថ្នាក់ជាតិរបស់យើង នឹងទទួលបានបទពិសោធន៍ល្អៗ ជាពិសេសតាមរយៈការប្រកួតប្រជែងជាមួយកីឡាករបរទេសធ្វើឲ្យសមត្ថភាពកីឡាករកាន់តែល្អប្រសើរ»។ នេះជាសម្តីរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។
បើយោងតាម លោក វង្ស ខាន់ពៅ ការប្រកួតប្រណាំងកង់អន្តរជាតិជាលើកដំបូងនេះ មានកីឡាករកីឡាការិនីជំនាញខាងផ្នែកជិះកង់ដែលមកពីតាមបណ្តាប្រទេសទូទាំងពិភពលោកជាច្រើនរូបចូលរួម។ បច្ចុប្បន្ន មានអត្តពលិកប្រមាណជាជាង៣០០នាក់បានចុះឈ្មោះចូលរួម ក្នុងនោះអត្តពលិកបរទេសជាង២០០នាក់ ដែលមកពីប្រទេសបារាំង, អូស្ត្រាលី, សិង្ហបុរី, ណូវែលសេឡង់, ឡាវ, ថៃ, វៀតណាម និងម៉ាឡេស៊ីជាដើម។ លោក រំពឹងថាអត្តពលិកនឹងកើនឡើងជិតដល់៤០០នាក់ទម្រាំការប្រកួតចាប់ផ្តើម។
អត្តពលិកទាំងនេះ ត្រូវប្រកួតប្រជែងលើ៥ប្រភេទវិញ្ញាសារួមមាន វិញ្ញាសា Pro Rider ៨៥គីឡូម៉ែត្រ, Men Open អាយុក្រោម៣៥ឆ្នាំចម្ងាយ៨៥គីឡូម៉ែត្រ, Men Junior Masters អាយុពី៣៥ឆ្នាំដល់៤៥ឆ្នាំចម្ងាយ៦៦គីឡូម៉ែត្រ, Men Senior Masters ចម្ងាយ៥១គីឡូម៉ែត្រ និង Women Senior Masters ចម្ងាយ៥១គីឡូម៉ែត្រ៕