ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម នឹង​ពិនិត្យ​ស្រូវ​គ្រប់​ឃ្លាំង​ស្តុក និង​មិន​ឲ្យ​នាំ​ចេញទៅ​អឺរ៉ុប​បើ​រកឃើញ​ថ្នាំ Tricyclazole
22, Apr 2017 , 9:23 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ នឹង​ស្កេ​ន​ស្រូវ​នៅតាម​បណ្ដា​ឃ្លាំង​ស្តុក​ទាំងអស់​ទូទាំងប្រទេស ចាប់ពី​ខែមេសា ដល់​ខែកក្កដា​ឆ្នាំនេះ ដើម្បី​ទប់ស្កាត់​ការនាំ​អង្ករ​មាន​សារធាតុ​ថ្នាំ Tricyclazole  ចូលទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ជាន់​ក្រសួងកសិកម្ម​។​



​សហភាព​អឺរ៉ុប (EU) នឹង​ចាប់ផ្ដើម​អនុ​វត្តបទ​បញ្ញត្ត​ថ្មី ចាប់ពី​ខែកក្កដា​ឆ្នាំនេះ​តទៅ ដោយ​ហាមឃាត់ ការនាំ​ចូលទៅ​ទីផ្សារ​ខ្លួន ចំពោះ​អង្ករ​ដែលមាន​សារធាតុ​ថ្នាំ​ផ្សិត Tricyclazole លើសពី ០,០១​មី​លី​ក្រាម ក្នុង​អង្ករ​មួយ​គីឡូក្រាម ពី​កម្រិត​បច្ចុប្បន្ន ១​មី​លី​ក្រាម​។​

​លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា អគ្គនាយកដ្ឋាន​កសិក​ម្ម នឹង​ស្កេ​ន​ស្រូវ​រក​សារធាតុ Tricyclazole នៅតាម​ឃ្លាំង​ស្តុក​ទាំងអស់ ដើម្បី​បញ្ចៀស​ការបាត់បង់​ទីផ្សារ EU ដ៏​ធំ​របស់​កម្ពុជា​។ នៅក្នុង​សិក្ខាសាលា​ស្ដីពី​ការលើកកម្ពស់​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា នៅ​ថ្ងៃទី​២១​ខែមេសា​លោក ហ៊ាន វណ្ណ​ហន បញ្ជាក់បន្ថែម​ដូច្នេះ​ថា​៖«​យើង​យក​សំណាក​ធ្វើ​វិភាគ ថា​តើ​ឃ្លាំង​ណាខ្លះ មិនគួរ​អនុញ្ញាត​ឲ្យ​នាំ​ចេញទៅ​អឺរ៉ុប ដោយហេតុ​ផល​ថា បើ​អ្នក​នាំចេញ​មួយណា នាំចេញ​មាន​បញ្ហា គឺ​មិន​ប៉ះពាល់​តែមួយ​នោះទេ គឺ (EU) បិទ​ទាំងអស់​»​។

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​រូបនេះ គូសបញ្ជាក់ថា នេះ​ជា​ចំណាត់ការ​បន្ទាន់ ចំពោះ​ស្រូវ​ដែល​ប្រមូល​ផល​រួចរាល់ ហើយ​ដែល​ក្រុមហ៊ុន​នឹង​ផលិត​នាំចេញ ស្របពេល​មាន​បម្រាម​ថ្មី​របស់ EU ។  លោក វណ្ណ​ហន បញ្ជាក់ទៀតថា​៖«​ចាប់ពីពេលនេះ​ដល់​ខែកក្កដា អ្នក​នាំចេញ​នៅតែ​កិនស្រូវ​នៅក្នុង​ស្តុក ដែល​ប្រមូល​ផល​រួចហើយ (​ស្រូវ​ចាស់​ដែល​អាចមាន​សារធាតុ Tricyclazole ) មិនមែន​ស្រូវ​ដែល​ផលិត​ថ្មី​គ្មាន​ប្រើ​ថ្នាំ Tricyclazole នោះទេ​»​។

​សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​ទិញ​អង្ករ​ធំជាងគេ​របស់​កម្ពុជា​។ ក្នុង​ឆ្នាំ​២០១៦ EU  បាន​កាន់កាប់​ទីផ្សារ​អង្ករ​កម្ពុជា ដល់​ទៅ​៦៣​ភាគរយ នៃ​អង្ករ​នាំចេញ​សរុប ៥៤​ម៉ឺន​តោន​។​

​ចាប់ពី​ពេល​ទទួល​បម្រាម​ថ្មី​របស់ EU ក្រសួងកសិកម្ម បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ ចំពោះ​ការប្រើប្រាស់​ថ្នាំ Tricyclazole ក្នុង​ការដាំដុះ​ដំណាំ​ស្រូវ​។ កាលពី​ចុងខែ​មីនា​កន្លងទៅ ក្រសួង បានប្រកាស​ឲ្យ​បញ្ឈប់​ការលក់ និង​ប្រើប្រាស់​ថ្នាំ​កសិកម្ម ដែលមាន​សារធាតុ Tricyclazole នេះ​៕

Tag:
 ស្រូវ​
 ​អង្ករ​
 Tricyclazole
  ហ៊ាន វណ្ណ​ហន​
© រក្សាសិទ្ធិដោយ thmeythmey.com