អន្តរជាតិ
 កិច្ចប្រឹងប្រែង​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​ចិន​ប្រឈម​នឹង​បញ្ហា
23, Apr 2017 , 8:59 am        
រូបភាព
ដោយ: VOA
​រដ្ឋាភិបាល​ចិន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​ដើម្បី​ព្យាយាម​បង្ហាញ​មុខមាត់​របស់ខ្លួន​នៅក្រៅ​ប្រទេស ប៉ុន្តែ​ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​នេះ បែរជា​ទទួលលទ្ធផល​មិនល្អ​ត្រឡប់​ទៅវិញ​។​



​លទ្ធផល​មិនល្អ​ទាំងនោះ មានដូចជា​ការបិទ​វិទ្យាស្ថាន​ខុង​ជឺ​នៅតាម​សាកលវិទ្យាល័យ​នានា​នៅ​បរទេស រហូតដល់​ការប្រឆាំង​របស់​ក្រុមនិស្សិត​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​សុន្ទរកថា​ណា​ទាក់ទង​នឹង​សម្ដេច​សង្ឃ Dalai Lama​។​

​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ «​ការធ្វើ​យុទ្ធនា​ការរក​ការគាំទ្រ​» របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​តាមដាន​យ៉ាង​ហ្មត់ចត់ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការធ្វើ​វិនិយោគ​នៅ​តំបន់ Hollywood​។ ចំណុច​នេះ​បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា គណ​បក្សកុម្មុយនិស្ត​កណ្ដាប់ដៃ​ដែក​របស់​ចិន កំពុង​ព្យាយាម​ពង្រីក​បែបផែន​របស់ខ្លួន នៅក្នុង​ការត្រួតពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការគ្រប់គ្រង​នានា​។​

​ប៉ុន្តែ​អ្នកវិភាគ​នានា​លើកឡើងថា ក្តីបារម្ភ​ទាំងនោះ​គ្រាន់តែ​ជាការ​ព្រួយបារម្ភ​ហួស​ពី​ភាព​ពិត​ជាក់ស្ដែង​តែប៉ុណ្ណោះ​។​

​ការផ្សព្វផ្សាយ​អំពី​រឿងរ៉ាវ​របស់​ប្រទេស​ចិន​

​ស្របពេល​ដែល​ភាព​អស្ចារ្យ​នៃ​សេដ្ឋកិច្ច​ចិន​កាន់តែ​រីកចម្រើន ហើយ​ឥទ្ធិពល​របស់​ចិន​ក្នុង​ពិភពលោក​កាន់តែ​មានការ​កើនឡើង​នោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​កែតម្រូវ​អ្វីដែល​ខ្លួន​បាន​ចាត់ទុកថា ជាការ​បង្ហាញ​មុខមាត់​របស់ខ្លួន​មិន​ត្រឹមត្រូវ​លើ​ឆាក​អន្តរជាតិ​នោះ​។ ប្រធានាធិបតី​ចិន​លោក Xi Jinping ធ្លាប់បាន​និយាយ​ជារឿយៗ​អំពី​អ្វីដែល​លោក​ហៅថា កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី «​ប្រាប់​ពិភពលោក​ពី​រឿងរ៉ាវ​របស់​ចិន​ឲ្យ​បានល្អ​» នោះ​គឺ​ការ​ប្រាប់​ពិភពលោក​អំពី​រឿងរ៉ាវ​របស់ខ្លួន​ដោយ​សំដី​ខ្លួនឯង​ផ្ទាល់​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​គោលបំណង​បង្ហាញថា ចិន​គឺជា​ប្រទេស «​ដែលមាន​អរិយធម៌​បូរាណ និង​សម្បូរ​សប្បាយ​» មួយ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Clayton Dube នាយក​វិទ្យាស្ថាន​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន នៃ​សាកលវិទ្យាល័យ Southern California​។​

​លោក Clayton Dube ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារតែ​ចិន​មាន​កម្លាំង​ផ្នែក​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង ប្រទេស​នេះ​មានលទ្ធភាព​ដាក់ទុន​វិនិយោគ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើ​ការបង្កើត​បច្ចេកវិទ្យា​ទំនាក់ទំនង​ដ៏​ទំនើប លើ​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន លើ​វិស័យ​អ៊ីនធឺណិត វិ​ប​សាយ និង​ការប្រមូល​ព័ត៌មាន និង​ផ្នែក​ស្រដៀង​គ្នា​នេះ​ផ្សេងៗ​ទៀត​។ ជាងនេះទៅទៀត ប្រទេស​ចិន​ក៏បាន​ដាក់ទុន​វិនិយោគ​លើ​វិទ្យាស្ថាន​ខុង​ជឺ​ផងដែរ ដើម្បី​ព្យាយាម​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​យល់ដឹង​ឲ្យ​បាន​ច្រើនជាង​មុន​អំពី​ប្រទេស​ចិន​»​។​

​ការខិតខំ​ប្រឹងប្រែង​មួយចំនួន ក្នុងចំណោម​ការវិនិយោគ​ទាំងនេះ ត្រូវបានធ្វើ​ឡើងជា​ចំហ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដែល​ផ្សាយ​ទៅ​ក្រៅប្រទេស តួយ៉ាង​ដូចជា​ស្ថានីយទូរទស្សន៍​មួយ​ឈ្មោះថា China Central Television ដែល​កាលពីពេល​ថ្មីៗ​នេះ បាន​ប្តូរ​ឈ្មោះ​ទៅជា​បណ្តាញ​ទូរទស្សន៍​សាកល​ចិន ឬ​ហៅ​កាត់​ថា CGTN​។ កិច្ចខិតខំ​ទាំងនេះ​ក៏បាន​ធ្វើឡើង​នៅក្នុង​ទម្រង់​ជាការ​ផ្សាយពាណិជ្ជកម្ម​នៅលើ​សារព័ត៌មាន​នាំមុខគេ​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក​ផងដែរ​។​

​សម្រាប់​រឿង​ផ្សេងទៀត គឺធ្វើឡើង​ដោយ​មិន​បើកចំហរ​

​នៅក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​នានា​នៅក្នុង​សហរដ្ឋអាមេរិក គេ​ឃើញ​មាន​វត្តមាន​កើនឡើង​នៃ​វិទ្យាស្ថាន​ខុង​ជឺ ដែលជា​មជ្ឈមណ្ឌល​សិក្សា​ភាសា​ចិន និង​សិក្សា​ពី​ប្រទេស​ចិន​ជាង ១ រយ​កន្លែង​។​

​មជ្ឈមណ្ឌល​ទាំងនេះ បាន​អះអាងថា​ខ្លួន​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ប៉ុន្តែ​បើ​និយាយ​ចំពោះ​ផ្នែក​រដ្ឋបាល​វិញ គណៈ​គ្រប់គ្រង​របស់​មជ្ឈមណ្ឌល​ទាំងនេះ គឺ​ស្ថិតនៅក្រោម​ក្រសួង​អប់រំ​ចិន​។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិទ្យាស្ថាន​ខុង​ជឺ​ជាច្រើន​ត្រូវបាន​បិទទ្វារ ដោយសារ​តែមាន​ក្ដីបារម្ភ​អំពី​បញ្ហា​តម្លាភាព និង​ផលប៉ះពាល់​របស់​វិទ្យាស្ថាន​ទាំងនេះ​ចំពោះ​សេរីភាព​នៃ​ការសិក្សាអប់រំ​។​

​លោក Philip Clart ប្រធាន​វិទ្យាស្ថាន​ខុង​ជឺ នៃ​សាកលវិទ្យាល័យ Leipzig និង​ជា​សាស្ត្រាចារ្យ​នៃ​ការសិក្សា​ពី​ប្រទេស​ចិន នៅ​ដេ​ប៉ា​តឺ​ម៉​ង់​សម្រាប់​ការសិក្សា​តំបន់​អាស៊ី​បូព៌ា បាន​អះអាងថា គេ​អាច​ទាញ​ប្រយោជន៍​ពី​វិទ្យាស្ថាន​ខុង​ជឺ​បាន ប្រសិនបើ​គេ​គ្រប់គ្រង​វិទ្យាស្ថាន​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​លោក Clart និយាយ​បន្ថែមទៀតថា ទោះបី​ជាការ​រឹតត្បិត​ការផ្សព្វផ្សាយ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅតែ​ជា​ក្ដីកង្វល់​ក៏ដោយ ក៏​បញ្ហា​ទាំងនេះ​មិនមែនជា​ក្តីបារម្ភ​ដែល​ភ្ជាប់​មកជា​មួយ​កម្មវិធី​នេះនោះ​ទេ ហើយ​បញ្ហា​ទាំងនេះ​អាច​ជៀសវាង​បាន ប្រសិនបើ​មានការ​បែងចែក​ឲ្យ​បាន​ច្បាស់​អំពី​តួនាទី​រវាង​កម្មវិធីរ​បស់​វិទ្យាស្ថាន​នេះ និង​សាកលវិទ្យាល័យ​ទាំងមូល​។​

​ប៉ុន្តែ​លោក​ថ្លែងថា​៖ «​ប្រសិនបើ​អ្នក​នៅ​កន្លែង​មួយ​ដែល​ដេ​ប៉ា​តឺ​ម៉​ង់​សម្រាប់​ការសិក្សា​អំពី​ប្រទេស​ចិន ឬ​ការសិក្សា​អំពី​តំបន់​អាស៊ី​គ្មាន​ភាព​ឯករាជ្យ ហើយ​ដែល​នៅ​កន្លែង​នោះ វិទ្យាស្ថាន​ខុង​ជឺ​ត្រូវបាន​បង្កើតឡើង​ដំបូង​ដើម្បី​ផ្ដល់​ការអប់រំ​ផ្សេងៗ ដូចជា​ការបង្រៀន​ភាសា​ចិន​ជាដើម ហើយ​មិនមាន​វិទ្យាស្ថាន​ណា​ផ្ដោតលើ​រឿងនេះ នោះ​ចំណុច​នេះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​ពិបាក​ជាង​មុន​ជាក់​ជាមិនខាន​»​។​

​លទ្ធិផ្ដាច់ការ​និយម​បែប​ប្រមូលផ្ដុំ​

​ក្រុមនិស្សិត​ចិន​នានា​ក៏​ជា​កម្លាំង​មួយ ដែល​កំពុងតែ​កើនឡើង​ផងដែរ ដែល​ភាគច្រើន ត្រូវបាន​គេ​មើលឃើញថា ជា​អ្នក​ដែល​ផ្សព្វផ្សាយ​នូវ​របៀបវារៈ​នៃ​គណ​បក្សកុម្មុយនិស្ត​ចិន​នៅឯ​បរទេស​។ ជា​ឧទាហរណ៍ នៅពេល​មេដឹកនាំ​សាសនា​តំបន់​ទី​បេ សម្តេច​សង្ឃ​Dalai Lama ដែល​កំពុង​និរទេស​ព្រះកាយ​នៅក្នុង​ប្រទេស​ឥណ្ឌា ត្រូវគេ​អញ្ជើញ​ឲ្យ​ថ្លែង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ California San Diego កាលពី​ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅនេះ និស្សិត​ចិន​មួយក្រុម​នៅ​សាកលវិទ្យាល័យ​នោះ បានធ្វើ​បាតុកម្ម​ដើម្បី​បញ្ឈប់​ការ​ថ្លែង​សុន្ទរកថា​របស់​ព្រះអង្គ​។​

​ទោះបីជា​ក្រុមនិស្សិត​ចិន​នោះបាន​ជួបជុំគ្នា​ដើម្បី​ប្រឆាំងនឹង​ការអញ្ជើញ​សម្ដេច​សង្ឃ Dalai Lama នេះ ដោយ​សំអាង​លើ​ហេតុផល​ដ៏​ចម្លែក​ដែលថា ការអញ្ជើញ​នេះ​គឺ​ផ្ទុយទៅនឹង​គោលការណ៍​«​ពហុភាព​» និង «​ភាពត្រឹមត្រូវ​នៃ​នយោបាយ​» ក៏ដោយ ក៏​ទំនាក់ទំនង​របស់​ក្រុមនិស្សិត​ចិន​នេះ​ជាមួយនឹង​ស្ថាន​កុងស៊ុល​ចិន​នៅក្នុង​ទីក្រុង San Diego រដ្ឋ California គឺជា​កត្តា​ដែល​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព ដែល​ធ្វើ​ឲ្យ​សាធារណជន​ចាប់អារម្មណ៍​បែបនេះ​។​

​ព្រឹត្តិការណ៍​នេះ និង​ព្រឹត្តិការណ៍​ផ្សេងទៀត បានបង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​ប្រឈម ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ជួបប្រទះ និង​បានបង្ហាញ​ឲ្យ​ឃើញ​អំពី​ភាពស្រពិចស្រពិល​នៃ​ការបែងចែក​ឲ្យ​ដាច់ពីគ្នា រវាង​ការរៀបរាប់​អំពី​រឿងរ៉ាវ​របស់​ប្រទេស​ចិន​ឲ្យ​បានល្អ និង​ការពង្រីក​ការឃោសនា​របស់​គណបក្ស​កុ​ម្មុយ​និ​ស្ត​ចិន​។​

​ការពង្រីក​ឥទ្ធិពល​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​

​ការស៊ើបអង្កេត​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ឆ្នាំ ២០១៥ បាន​បង្ហាញថា ស្ថានីយ៍​ផ្សព្វផ្សាយ​ព័ត៌មាន​ច្រើនជាង ១០ ស្ថានីយ នៅ​ទូទាំង​សហរដ្ឋអាមេរិក កំពុងដំណើរការ​ចាក់​ផ្សាយ​កម្មវិធី​ដែល​ទទួលបាន​ពី​វិទ្យុ​អន្តរ​ជាតិចិន ដែលជា​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​។​

​ដោយសារតែ​ការផ្ដល់​ព័ត៌មាន​ទៅកាន់​អ្នក​ស្ដាប់ ដែល​ចេះតែ​ភាសា​អង់គ្លេស អាចមាន​ការលំបាក អ្នកវិភាគ​នានា កត់សម្គាល់​ឃើញថា គណ​បក្សកុម្មុយនិស្ត​ចិន​បានធ្វើ​ការពង្រីក​ឥទ្ធិពល​សំខាន់ៗ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​ចិន នៅក្នុង​សហរដ្ឋអាមេរិក​។​

​ទោះបីជា​ភាគច្រើន ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​ប្រព័ន្ធ​រ៉ា​ដា​ក៏ដោយ ក៏​ទិដ្ឋភាព​ទូទៅ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ គឺ​ស្ថិតក្រោម​ការគ្រប់គ្រង ឬ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ ការផ្សព្វផ្សាយ​ទាំងនេះ ភាគច្រើន​ផ្ដោតលើ​ជនជាតិដើម​កំណើត​ចិន ដែល​ពួកគេ​ភាគច្រើន ក៏​ប្រហែលជា​ទទួលបាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​ផងដែរ​។ ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ទាំងនេះ គឺ​បានរៀបចំ​កម្មវិធី​ផ្សាយ​របស់ខ្លួន ឬក៏​កំណត់​ព័ត៌មាន​ជាក់លាក់​ណាមួយ សម្រាប់​ផ្សាយ​ដល់​ជនជាតិ​ចិន​ទាំងនោះ​។​

​លោក Robert Daly នាយក​វិទ្យាស្ថាន Kissinger សម្រាប់​ការសិក្សា​អំពី​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក នៃ​មជ្ឈមណ្ឌល Woodrow Wilson បាន​និយាយថា នៅ​ទីបំផុត គោលបំណង​របស់​គណ​បក្សកុម្មុយនិស្ត​ចិន គឺ​ធ្វើយ៉ាងណា​ឲ្យ​គេ​ទទួលស្គាល់ថា ខ្លួន​មាន​ប្រសិទ្ធភាព មាន​ភាពស្របច្បាប់ និង​ជា​គណបក្ស​ល្អ​។ ប៉ុន្តែ ការផ្សព្វផ្សាយ​អំពី​លទ្ធិផ្ដាច់ការ​បែប​ឯក​បក្ស​ដូចនេះ គឺ​ការលំបាក​បំផុត​មួយ​។​

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​មនុស្ស​ទូទៅ​ចង់ដឹង​ពី​អ្វីដែល​រដ្ឋាភិបាល​ចិន​លើកឡើង​។ មនុស្ស​ទូទៅ​ដឹងថា ចិន​គឺជា​ប្រទេស​ដ៏​សំខាន់ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពិតជា​មិនមាន​រឿង​ល្អៗ​ណា​ដើម្បី​ផ្សព្វផ្សាយ ក្នុង​គោលបំណង​ដើម្បី​បញ្ចុះបញ្ចូល​ពលរដ្ឋ​អាមេរិកាំង​ឲ្យ​ជឿថា លទ្ធិផ្ដាច់ការ​បែប​ឯក​បក្ស​នោះ គឺជា​រឿង​ត្រឹមត្រូវ​អាច​ទទួលយកបាន​នោះ​ទ‍េ​»​។​

​ការចុះ​ញ៉ម​ដើម្បី​ផលចំណេញ​

​លោក Robert Daly បាន​បន្ថែមទៀតថា បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​សម្រាប់​ពួកគេ​ទាំងអស់គ្នា គឺ​នៅពេលដែល​អ្នករៀបចំ​គ​ម្រោ​ង​អំណាច​ដែល​មិន​ប្រើ​កម្លាំងយោធា​របស់​សហរ​ដ្ឋ​អាមេរិក បាន​ឯកភាព​ជាមួយនឹង​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង ដើម្បី​ផលប្រយោជន៍​ជា​ប្រាក់កាស​។​

​ករណីបែបនេះ ជាទូទៅ ត្រូវបាន​គេ​ឃើញ​នៅក្នុង​ការធ្វើ​អាជីវកម្ម​នានា​នៅ​តំបន់ Hollywood ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក ក៏ដូចជា​នៅក្នុង​អាជីវកម្ម​បោះពុម្ពផ្សាយ​នានា និង​នៅក្នុង​អាជីវកម្ម​ល្បែងភ្នាល់​ផ្សេងៗ​ផងដែរ​។ ក្នុង​ករណីខ្លះ ចំណុច​ណា​ដែល​មើលទៅ​ទំនង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​សប្បាយចិត្ត ចំណុច​នោះ​នឹង​ត្រូវគេ​លុបចោល​ដើម្បី​ធានាថា វា​អាចឈាន​ជើង​ចូលក្នុង​ទីផ្សារ​របស់​ចិន​បាន​។​

​លោក Clayton Dube បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារតែ​ខ្សែភាពយន្ត​ចិន​មាន​ទីផ្សារ​ធំ មនុស្ស​គ្រប់គ្នា​ចង់​វិនិយោគ​នៅក្នុង​ទីផ្សារ​នោះ​។ ដូច្នេះ​អ្នកណា​ក៏​ចង់​ឲ្យ​ខ្សែភាពយន្ត​របស់ខ្លួន​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​ចិន​ដែរ បើសិនជា​ពួកគេ​មានឱកាស​។ ហើយ​ពួកគេ​បានដឹងថា ភាពយន្ត​ប្រភេទ​ណាខ្លះ ដែល​គ្មាន​ឱកាស​អាចដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​ចិន​បាន​»​។

​លោក Robert Daly និយាយថា នេះ​ជា​អ្វីដែល​លោក​ហៅថា «​ការតម្រូវ​លទ្ធភាព​ទិញដូរ ស្របទៅតាម​អំណាច​ផ្ដាច់ការ​»​។ ប៉ុន្តែ លោក​យល់ថា ការអនុវត្ត​របស់​ជ​ន​ជាតិ​អាមេរិកាំង​ជាការ​អនុវត្ត​ដែលមាន​បញ្ហា គឺ​មិនមែនជា​ការអនុវត្តរ​បស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះទេ​។​

​លោក Daly បានបញ្ជាក់​បន្ថែមទៀត​ថា​៖ «​មិនមែន​ចិន​កំពុងតែ​ប្រើ​កម្លាំង​បន្លាច​យើង​នោះទេ គឺ​យើង​ទេ​ដែល​ឱនក្បាល​ទៅ​គេ​ដើម្បី​ទទួលបាន​ផលចំណេញ ហើយ​ចំណុច​នេះហើយ គឺជា​បញ្ហា ដែល​ពិតប្រាកដ​នោះ​។ បញ្ហា មិនមែន​ដោយសារ​អ្វី ដែល​រដ្ឋាភិបាល​ចិន​បានធ្វើ​តាមរយៈ​វិទ្យាស្ថាន​ខុង​ជឺ ឬ​តាមរយៈ​ស្ថានីយទូរទស្សន៍ China Central Television ឬក៏​វិទ្យុ Radio Beijing នោះទេ​»​។​

​លោក Robert Dube​បាន​បញ្ជាក់ថា ខណៈ​មនុស្ស​មួយចំនួន​អះអាងថា គួរតែមាន​វិធានការ​បន្ថែមទៀត​ដើម្បី​រឹតត្បិត​លទ្ធភាព​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ចិន​ក្នុង​សហរដ្ឋអាមេរិក ឬ​ដាក់​កំហិត​ចំពោះ​ការវិនិយោគ​នៅក្នុង​តំបន់ Hollywood​នោះ មនុស្ស​មួយចំនួនទៀត​បែរជា​ជឿថា ការបើក​ទូលាយ​កាន់តែខ្លាំង​បន្ថែមទៀត នឹងធ្វើ​ឲ្យ​យើង​អាច​ស្វែងយល់បាន​កាន់តែ​ប្រសើរ​ជាង​នេះ​»​។​

​លោក​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​តាមរយៈ​ការ​រឹតត្បិត​លើ​ការបើក​ទូលាយ តាមរយៈ​ការ​រឹតត្បិត​លើ​លំហូរ​ព័ត៌មាន​ដោយ​សេរី យើង​កំពុង​បញ្ជូន​សញ្ញា​ថា យើង​កំពុងមាន​ការភ័យខ្លាច​ចំពោះ​បញ្ហា​ទាំងនោះ​។ ភាពជោគជ័យ​ដ៏​អស្ចារ្យ​របស់​សហរដ្ឋអាមេរិក និង​អំណាច​ដែល​មិន​ប្រើ​កម្លាំងយោធា​របស់ខ្លួន កើតចេញពី​ការបើក​ទូលាយ និង​ពី​ការចូលរួម​របស់ខ្លួន​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com