អត្ថបទពាណិជ្ជកម្ម
 នាយក CamEd៖«​ត្រូវ​ចៀសវាង​កំហុស​អតីតកាល ដើម្បី​ស្ថិរភាព​កម្ពុជា​»
22, Apr 2017 , 2:14 pm        
រូបភាព
ដោយ:
​មាន​រឿងរ៉ាវ​អវិជ្ជមាន​ច្រើន​នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​បង្ហាញ​នៅក្នុង​សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​»​ជា​ភាសា​បារាំង របស់លោក រស់ ច​ន្ត្រា​បុត្រ ហើយ​ដែល​កំពុង​បន្ត​កើតមាន​នៅក្នុង​កម្ពុ​ជាប​ច្ចុ​ប្បន្ន​ទៀត​។ នាយក​សាលា CamEd Business School ដ៏​ល្បី​នៅ​កម្ពុជា លោក ខេ​ស៊ី បា​នែ​ត (Casey Barnett) បានសម្រេច​បកប្រែ​សៀវភៅ​សាធារណរដ្ឋ​ខ្មែរ​នេះ​ពី​ភាសា​បារាំង មកជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ សម្រាប់​ការសិក្សា​របស់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​។​
 
​នៅ​ថ្ងៃទី​២១​មេសា​នេះ លោក ខេ​ស៊ី បា​នែ​ត នាយក​សាលា CamEd Business School  និង​លោក រស់ ច​ន្ត្រា​បុត្រ អ្នកនិពន្ធ​សៀវភៅ La république Khmère បានធ្វើ​សន្និសីទកាសែត​រួមគ្នា​ប្រកាស​ចេញលក់​សៀវភៅ «The Khmer Republic» ជា​ភាសា​អង់គ្លេស​។ សៀវភៅ​កម្រាស់​ជាង​៣០០​ទំព័រ​ត្រូវ​ដាក់លក់​នៅ បណ្ណាគារ Monument Book និង​ជា ebook នៅលើ​វេ​ប​សាយ Amazon.com​។ ចំណែកឯ​សៀវភៅ​ជា​ភាសា​ខ្មែរ​នឹង​អាចមក​ដល់ទី​ផ្សារ​នៅក្នុង​ខែសីហា​ខាងមុខ​នេះដែរ​។​

​មាន​មូលហេតុ​សំខាន់ៗ​មួយចំនួន​ដែល​បាន​ជំរុញ​ឲ្យ​ឲ្យ​លោក Casey ត្រូវ​បកប្រែ​សៀវភៅ​សាធារណរដ្ឋ​ខ្មែរ របស់លោក រស់ ច​ន្ត្រា​បុត្រ មកជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។ នៅក្នុង​សេចក្តី​អត្ថាធិប្បាយ​នៅលើ​ទំព័រ​ខាងដើម​នៃ​សៀវភៅ​ដែល​លោក​ស្នើ​ឲ្យ​មានការ​បកប្រែ​នេះ​លោកនាយក​សាលា CamEd ដែល​មក​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​១៨​ឆ្នាំ​មកហើយ​នោះ បាន​កត់សម្គាល់ថា យុវ​ជ​ខ្មែរ​ជំនាន់​ក្រោយ​មិនបាន​ស្គាល់​ច្បាស់​ពីរ​បប​សាធារណរដ្ឋ​ខ្មែរ​នៃ​លោក​សេនាប្រមុខ លន់ នល់ ឡើយ​។ លើសពីនេះ លោក ខេ​ស៊ី មិន​ចង់​ឲ្យ​កម្ពុជា​បច្ចុប្បន្ន​ដើរ​ជាន់​ដាន​ប្រតិ​សាស្ត្រ​ឡើយ​។​

​នៅក្នុង​សេចក្តី​ផ្តើម​នៃ​សៀវភៅ «The Khmer Republic» លោក ខេ​ស៊ី សរសេរ​យ៉ាង​ដូច្នេះ​៖«​បើ​និយាយ​ពី​របប​សាធារណរដ្ឋ​ខ្មែរ ពលរដ្ឋ​ខ្មែរ​គិតដល់​តែ​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយម​និយាយ​តៗ​គ្នា​គឺ ភ្នាក់ងារ​ស៊ើបអង្កេត​អាមេរិក CIA បាន​ប្រើប្រាស់​លោក លន់ នល់ ឲ្យ​ទម្លាក់​សម្តេច សីហនុ​»​។
​នៅក្នុង​សេចក្តីអធិប្បាយ​នៅលើ​សៀវភៅ​នោះ​ដដែល លោកនាយក​សាលា CamEd យល់ឃើញថា សៀវភៅ​សាធារណរដ្ឋ​ខ្មែរ​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ប្រសិនបើ​ពួកគេ​ចង់​ស្គាល់​របប​មួយ​នេះ​ឲ្យ​ច្បាស់លាស់ ដោយសារតែ​អ្នកនិពន្ធ​គឺជា​សាក្សី​ម្នាក់ និង​ជាម​នុស្ស​សំខាន់​ម្នាក់​នៃ​របប​នេះ​។​

​លោក រស់ ច​ន្ត្រា​បុត្រ ដែល​សព្វថ្ងៃ​គឺជា​ទីប្រឹក្សា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ធ្លាប់ជា​មនុស្ស​ជំនិត​ម្នាក់​របស់លោក លន់ ន​ន់ ដែលជា​ប្អូនប្រុស​របស់លោក​សេនាប្រមុខ លន់ នល់​។ លោក រស់ ច​ន្ត្រា​បុត្រ ក៏​ធ្លាប់ជា​សមាជិក​នៃ​គណកម្មាធិការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដែរ​។​

​មូលហេតុ​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​លោក ខេ​ស៊ី យល់ឃើញថា សៀវភៅ​របស់ រស់ ច​ន្ត្រា​បុត្រ កាន់តែ​មានតម្លៃ​នោះ គឺ​ទិដ្ឋភាព​អវិជ្ជមាន​ជាច្រើន​ដែល​អ្នកនិពន្ធ​លើកឡើង​នៅក្នុង​សៀវភៅ ក៏​កំពុងតែ​កើតឡើង​នៅក្នុង​កម្ពុជា​ច​ប្ចុ​ប្បន្ន​ដែរ​។ លោក ខេ​ស៊ី សរសេរថា បើទោះជា​ពលរដ្ឋ បញ្ញវន្ត អ្នកនយោបាយ បាន​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ដំណើរការ​នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​យ៉ាងណាក៏ដោយ ប៉ុន្តែ​វា​នៅតែ​បរាជ័យ​ដោយសារតែ​ជម្លោះផ្ទៃក្នុង អំពើពុករលួយ និង​សង្គ្រាម​។​

​នាយក​សាលា CamEd បន្តថា សព្វថ្ងៃនេះ​កម្ពុជា​កំពុងមាន​សន្តិភាព និង​ស្គាល់​ភាព​រីកចម្រើន​នៃ​កំណើនសេដ្ឋកិច្ច ដែល​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​ទៀតផង​។​

«​ប៉ុន្តែ​នៅលើ​ផ្លូវ​ដ៏​វែងឆ្ងាយ ចីរភាព និង​ស្ថិរភាព​របស់​ប្រទេស តម្រូវ​ឲ្យ​គេ​ត្រូវចៀ​សវា​កំហុស​ដែល​ធ្លាប់​កើតមាន​ពី​អតីតកាល​។ ខ្ញុំ​សង្ឃឹមថា សៀវភៅ​មួយ​ក្បាល​នេះ នឹង​ជួយ​ឲ្យ​មានការ​ចៀស​ផុតពី​កំហុស អតីត​កាលនោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខេ​ស៊ី បា​នែ​ត អ្នក​ឧបត្ថម្ភ​ការបោះពុម្ពផ្សាយ​សៀវភៅ​សាធារណរដ្ឋ​ខ្មែរ​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​៕



Tag:
 CamEd
  Casey Barnett
© រក្សាសិទ្ធិដោយ thmeythmey.com