ជាតិ
ក្រសួង​រ៉ែ នឹង​ចុះ​វាយតម្លៃ​បច្ចេកទេស​សុវត្ថិភាព​ស្ថានីយ​ប្រេង​ទូទាំងប្រទេស​ចាប់ពី​ខែមិថុនា​
23, Apr 2017 , 9:39 am        
រូបភាព
​ក្រសួង​រ៉ែ និង​ថាមពល គ្រោង​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​បច្ចេកទេស​សុវត្ថិភាពរ​បស់​ស្ថានីយប្រេងឥន្ធនៈ ឧស្ម័ន​ឥន្ទ​នៈ និង​ស្ថានីយ៍​រួម​ប្រេង និង​ឧស្ម័ន​ឥន្ទ​នៈ នៅ​ទូទាំងប្រទេស ចាប់ពី​ខែមិថុនា​ខាងមុខ​។ ក្រៅតែពី​ការរៀបចំ​បច្ចេកទេស ការត្រួតពិនិត្យ​នេះ គឺ​ដើម្បី​កាត់បន្ថយ និង​បង្ការ​ហេតុការណ៍​ផ្ទុះ ឬ​ការឆាបឆេះ​នានា ពី​ស្ថានីយ​ប្រេង និង​ឧ​ស្ម័​ន្ធ​ឥន្ទ​នៈ​។


 
​ការត្រួតពិនិត្យ និង​វាយតម្លៃ​បច្ចេកទេស​សុវត្ថិភាព ស្ថានីយប្រេងឥន្ធនៈ ឧស្ម័ន​ឥន្ទ​នៈ និង​ស្ថានីយ៍​រួម​ប្រេង និង​ឧស្ម័ន​ឥន្ទ​នៈ នៅ​ទូទាំងប្រទេស គ្រោង​ចាប់ផ្តើម នៅ​ខែមិថុនា​ខាងមុខ​។ នេះ​បើតាម លោក ឌិ​ត ទីណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ​មិនអាច​បញ្ជាក់​បានទេ​ថា​ការងារ​ត្រួតពិនិត្យ​នេះ នឹងត្រូវ​ចំណាយពេល​វេលា​យូរ​ប៉ុណ្ណា ដោយ​លោក​លើក​មូល​ហេតុថា ស្ថានីយ​ស្ថានីយប្រេងឥន្ធនៈ ឧស្ម័ន​ឥន្ទ​នៈ មាន​ចំនួន​ច្រើន ទីតាំងនៅ​ឆ្ងាយៗ​ពីគ្នា និង​អាច​ប្រឈម​នឹង​ការធ្វើដំណើរ​។​

​ការងារ​ត្រួតពិនិត្យ និង​វាយតម្លៃ​នេះ ធ្វើឡើង​ក្នុង​បំណង​កំណត់​បទដ្ឋាន​បច្ចេកទេស​សុវត្ថិភាព សម្រាប់​ការរៀបចំ​ស្ថានីយ​ឲ្យ​មាន​សុវត្ថិភាព សណ្តាប់ធ្នាប់​របៀបរៀបរយ និង​បរិស្ថាន​ល្អ  និង​ដើម្បី​កាត់បន្ថយ និង​បង្ការ​ហេតុការណ៍​ផ្ទុះ ឬ​ការឆាបឆេះ​នានា ពី​ស្ថានីយ​ប្រេង និង​ឧ​ស្ម័​ន្ធ​ឥន្ទ​នៈ ដែល​អាច​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ រងរបួស និង​បាត់​បង់ជីវិត​។​

​ដើម្បី​សម្រួល​ដល់​មន្ត្រី​ជំនាញ និង​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​-​ខេត្ត ក្នុង​ការងារ​ត្រួតពិនិត្យ​ទប់ស្កាត់ និង​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស សុវត្ថិភាព​ក្នុងការ​គ្រប់គ្រង​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ទ​នៈ នៅ​ទូទាំងប្រទេស​នេះ ក្រសួង​រ៉ែ និង​ថាមពល ក៏បាន​ស្នើសុំ​កិច្ចសហការ​ពី​អភិបាល​រាជធានី​-​ខេត្ត លើ​សកម្មភាព​ជាអាទិ៍ ៖

១. ពិនិត្យ តាមដាន ផ្អាក និង​ទប់ស្កាត់​សកម្មភាព​សាងសង់ ស្ថានីយប្រេងឥន្ធនៈ ឧស្ម័ន ឥន្ទ​នៈ និង​ស្ថានីយ៍​រួម ប្រេង​និង​ឧស្ម័ន​ឥន្ទ​នៈ​ថ្មី ដែល​គ្មាន​លិខិតបញ្ជាក់​បច្ចេកទេស​សុវត្ថិ​ភាព និង​ណែនាំ​ឲ្យ​មក​ដាក់ពាក្យ​ស្នើសុំ​លិខិតបញ្ជាក់​បច្ចេកទេស​សុវត្ថិ​ភាព នៅតាម​មន្ទី​រ៉ែ និង​ថាមពល ជាមុនសិន​។​

២. អប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ទាំងអស់ ដែល​កំពុងដំណើរការ​អាជីវកម្ម ដែល​ពុំទាន់​មាន​លិខិតបញ្ជាក់​បច្ចេកទេស​ពី​ក្រសួង និង​ជំរុញ​ឲ្យ​ម្ចាស់​ស្ថានីយ​ប្រេង និង​ឥន្ធនៈ​ទាំងនោះ ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​អនុញ្ញាត​ដំណើរការ​ស្ថានីយ​។​

៣. ពិនិត្យ និង​វាយតម្លៃ រាល់​ស្ថានីយ​ទាំងឡាយ ដែល​ពុំមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​តម្រូវ​ឲ្យ​ម្ចាស់​កែសម្រួល​ស្ថានីយ​របស់ខ្លួន ស្របតាម​សារាចរ​ស្តីពី​ការរៀបចំ​សុវត្ថិភាព​សម្រាប់​ការរៀបចំ​ស្ថានីយប្រេងឥន្ធនៈ ឧស្ម័ន  ឥន្ទ​នៈ និង​ស្ថានីយ៍​រួម​ប្រេង និង​ឧស្ម័ន​ឥន្ទ​នៈ​។ 

៤. ប្រមូល​ទិន្នន័យ និង​ចងក្រង​ព័ត៌មាន​ពី​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ នៅ​គ្រប់​រាជធានី​-​ខេត្ត ដើម្បី​ងាយស្រួល​គ្រប់គ្រង​។​

​បើតាម​លោក ឌិ​ត ទីណា គិត​ត្រឹម​ឆ្នាំ​២០១៦ ស្ថានីយប្រេងឥន្ធនៈ និង​ឧស្ម័ន មាន​ចំនួន​៣,១២៧ ស្ថានីយ នៅ​ទូទាំងប្រទេស​៕

Tag:
 ស្ថានីយ​ប្រេង​
 ​ ឥន្ធនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com