ពីនេះ ពីនោះ
ប្រយ័ត្នរឿងស្វាមីចុះមូលដ្ឋាន!
× កំណាព្យបទ បថ្យាវត្ត
ដោយ ប៉ាកកាខ្មៅ
-ពីចន្ទដល់សុក្រសម្រុកធ្វើការ
ដល់ចុងសប្តាហ៍ត្រូវចុះមូលដ្ឋាន
ថ្នាក់លើផ្តាំផ្តាច់ត្រូវចុះកុំខាន
សម្រាកមិនបានក្រោយចូលឆ្នាំថ្មី។
-រឿងនៅមូលដ្ឋានមានមិនតិចអី
មានទាំងរឿងដីបន្លែត្រីសាច់
នៅមុនបោះឆ្នោតត្រូវដោះឲ្យស្រេច
ទើបមេសម្រេចឲ្យបងទៅទៀត។
-ការពិតមានអីលោកប្តីប្រឹងឆ្លៀត
យកលេសរឿងជាតិឆ្លៀតមានអ្នកថ្មី
រឿងទៅមូលដ្ឋានចុះមិនដល់អី
ស្តាប់តែមន្ត្រីថ្នាក់ក្រោមរាយការណ៍។
-លោកប្រុសបានដៃលៃនាំសង្សា
នាំនាងផឹកស្រាអាហារប៉ូវឆ្ងាញ់
ទុកមួយឡែកសិនប្រពន្ធសម្លាញ់
ពេលនេះសុំឆ្ងាញ់នឹងនាងក្មេងហើយ។
-កាព្យខ្លីគ្មានន័យចាំចាក់រុកឡើយ
សុំទោសមុនហើយលោកអ្នកមានខ្លួន
ធ្លាប់ធ្លោយខិលខូចលួចលាក់បំពួន
ប្រយ័ត្នភ្លាត់ខ្លួនរត់ចោលខោខ្លី?
© រក្សាសិទ្ធិដោយ thmeythmey.com