សៀមរាប៖ លោកវេជ្ជ. ឡូវ កែ គឺជាគ្រូពេទ្យផ្នែកកុមារ នៅមន្ទីរពេទ្យកុមារអង្គរ។ ជាប្រធានផ្នែកជំងឺក្រៅ និងមានជំនាញផ្នែកសត្វខាំផងនោះ លោកវេជ្ជ.បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានកុមារប្រមាណ ៧ពាន់នាក់ ដែលមកពិគ្រោះជំងឺទាក់ទងនឹងសត្វខាំ រួមមានសត្វឆ្មា ឬឆ្កែជាដើម។ សម្រាប់ជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ ត្រូវគេចាត់ទុកថាជាជំងឺគ្រោះថ្នាក់មួយ ហើយក្នុងមួយឆ្នាំៗ មានកុមារចន្លោះពី១៥០០នាក់ ទៅ២០០០នាក់ ដែលទទួលបានវ៉ាក់សាំងប្រភេទនេះ ក្រោយសត្វឆ្កែខាំពីមន្ទីរពេទ្យកុមារអង្គរ។
ជាតួលេខមួយខ្ពស់ ដែលបង្ហាញថា មានកុមារពី១៥០០នាក់ ទៅ២០០០ ដែលទទួលការចាក់វ៉ាក់សាំងឆ្កែឆ្កួតនៅមន្ទីរពេទ្យកុមារអង្គរ ជាប្រចាំឆ្នាំ។ លោកវេជ្ជ. ឡូវ កែ បកស្រាយថា អ្នកដែលមកទទួលវ៉ាក់សាំងនេះ គឺមានការពិគ្រោះ និងសិក្សាលម្អិត ពីប្រវត្តិសត្វឆ្កែ មុន និងក្រោយពេលខាំកុមារ។ ដោយសារវ៉ាក់សាំងមានតម្លៃថ្លៃ ដូច្នេះមុននឹងផ្តល់វ៉ាក់សាំងឲ្យ ក្រុមគ្រូពេទ្យ ត្រូវពិនិត្យ និងសិក្សាពីស្ថានភាពជំងឺនេះជាមុន។
ជំងឺឆ្កែឆ្កួត ឆ្លងទៅមនុស្សរយៈសត្វឆ្កែឈឺខាំ។ អាការៈនៃជំងឺនេះ គឺស្រដៀងទៅនឹងជំងឺផ្ដាសាយដែរ។ អ្នកជំងឺមានសភាពគ្រុន ព្រឺខ្លួន ឈឺតាមសាច់ដុំ ក្តៅខ្លួន ឈឺក្បាល ក្អួត ឬស្ពឹក បន្ទាប់មកអាចមានហើមបំពង់ក ដែលងាយស្ទះបំពង់ខ្យល់។ តាមលោកវេជ្ជ. ឡូវ កែ ភ្លាមៗអ្នកជំងឺមិនបានដឹងខ្លួនថាកើតជំងឺឆ្កែឆ្កួតទេ គឺអ្នកជំងឺមានសភាពធម្មតា នៅលេងបាន តែគ្រាន់តែមានអាការៈខ្លាចខ្យល់ ខ្លាចទឹក មានចរិតឆេវឆាវខុសពីធម្មតា។
ក្រោយពីអ្នកជំងឺត្រូវឆ្កែឆ្កួតខាំ ភ្លាមៗជំងឺនេះមិនទាន់ឆ្លងដល់រាងកាយនោះទេ។ គ្រូពេទ្យជំនាញពន្យល់ថា វាមានលទ្ធភាពវិវត្តន៍ទៅដល់ប្រព័ន្ធសរសៃប្រាសាទ និងខួរក្បាលមនុស្សបាន ចាប់ពី២ទៅ៨សប្តាហ៍។ បើគេចាក់ថ្នាំទាន់ពេលវេលា គឺអាចបង្ការជំងឺឆ្កែឆ្កួតបាន តែបើទុកយូរ ហួសពេល នោះអ្នកជំងឺអាចស្លាប់បាន។
អ្វីដែលជាការមើលឃើញរបស់លោកវេជ្ជ. ឡូវ កែ គឺថា ការចិញ្ចឹមសត្វរបស់ប្រជាជនខ្មែរ មិនទាន់មានអនាម័យនៅឡើយ។ សត្វចិញ្ចឹមច្រើនតែងត្រូវម្ចាស់ប្រលែង ឬជាសត្វអនាថា។ពលរដ្ឋខ្មែរមួយចំនួនតូចប៉ុណ្ណោះ ដែលយល់ដឹងពីបញ្ហានេះ ហើយច្រើនជាអ្នកមានធូរធារ ដែលការចិញ្ចឹមសត្វរបស់ពួកគេបានត្រឹមត្រូវ គឺមានការចាក់វ៉ាក់សាំង និងតាមដានសុខភាពសត្វចិញ្ចឹមរបស់ពួកគេ។
ដោយឡែក ការទទួលវ៉ាក់សាំងប្រឆាំងជំងឺឆ្កែឆ្កួតនៅមន្ទីរពេទ្យកុមារអង្គរវិញ តាមលោកវេជ្ជ. ឡូវ កែ មន្ទីរពេទ្យនេះបានផ្តល់សេវាវ៉ាក់សាំងឆ្កែឆ្កួតដល់កុមារទូទៅ ចាប់តាំងពីឆ្នាំ២០០៧មក។ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យបានចំណាយថវិកាជាង ៣ម៉ឺនដុល្លារអាមេរិក លើគម្រោងវ៉ាក់សាំងមួយនេះ។ ការផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃនេះ ខាងមន្ទីរពេទ្យស្វះស្វែងរកជំនួយពីក្នុង និងក្រៅប្រទេស ដោយសារគិតពីអត្ថប្រយោជន៍នៃវ៉ាក់សាំង ដែលប្រជាពលរដ្ឋមិនទាន់ទទួលបានទូលំទូលាយ។
មន្ទីរពេទ្យកុមារអង្គរ សូមអំពាវនាវដល់សប្បុរសជននានា សូមជួយជាថ្នាំ ឬថវិកា ដើម្បីឲ្យមន្ទីរពេទ្យមួយនេះ មានលទ្ធភាពបន្តគម្រោងផ្តល់វ៉ាក់សាំងឆ្កែឆ្កួតដល់កុមារ ពិសេសកុមារក្រីក្រ ដែលតែងមកទទួលសេវាមួយនេះ៕
ដើម្បីលម្អិតពីការចាក់វ៉ាក់សាំងឆ្កែឆ្កួត ការវិវត្តន៍ និងអាការៈជំងឺឆ្កែឆ្កួត សូមស្តាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជ. ឡូវ កែ នៃមន្ទីរពេទ្យកុមារអង្គរដូចតទៅ សូមអញ្ជើញស្តាប់៖