ជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម នឹងសម្ពោធស្ពានជ្រៃធំ-ឡុងប៊ិញថ្ងៃចន្ទនេះ
× ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម នឹងរួមគ្នាសម្ពោធស្ពានជ្រៃធំ-ឡុងប៊ិញ នៅព្រឹកថ្ងៃចន្ទទី២៤មេសានេះ។
ស្ពានប្រវែងជាង៤០០ម៉ែត្រ និងផ្លូវប្រវែងជាង២គីឡូម៉ែត្រ នៅក្នុងឃុំជ្រៃធំ ក្នុងស្រុកកោះធំនៃខេត្តកណ្តាល នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៤មេសានេះ។ ដោយសារពិធីសម្ពោធនេះនឹងត្រូវប្រព្រឹត្តទៅក្រោមវត្តមាននៃនាយករដ្ឋមន្ត្រីនៃប្រទេសជិតខាងទាំងពីរ គឺសម្តេច ហ៊ុន សែន និងលោក ង្វៀន សួនហ្វុក មន្ទីរសាធារណការខេត្តកណ្តាលបានផ្សព្វផ្សាយដំណឹងអំពីការបិទចរាចរលើកំណាត់ផ្លូវជាតិលេខ២១ចន្លោះស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ទៅដល់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ចាប់ពីម៉ោង១២យប់ថ្ងៃទី២៣ ខែមេសា ដល់ម៉ោង១រសៀលថ្ងៃទី២៤ ខែមេសា។ សេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ បញ្ជាក់ថាចាប់ពីម៉ោង១រសៀលថ្ងៃទី២៤ ខែមេសាតទៅ ផ្លូវនេះនឹងបើកឲ្យមានចរាចរជាធម្មតាឡើងវិញ។
សូមបញ្ជាក់ថា ស្ពានជ្រៃធំនេះត្រូវបានសម្ពោធបើការដ្ឋានសាងសង់ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីវៀតណាមគឺលោក ង្វៀន តាន់យុង កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០១៤៕
Tag:
ស្ពានជ្រៃធំ
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com