អន្តរជាតិ
ហាងដ៏ធំមួយនៅបារាំងខូចឈ្មោះដោយសារតែភ្ញៀវឃើញអាចម៌កណ្តុរនៅក្នុងសាំងវិច
× បុគ្គលិកដែលបម្រើការនៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅតំបន់ Creteil ប្រទេសបារាំង បានប្រទះឃើញអាចម៌កណ្តុរមួយដុំនៅក្នុងសាំងវិចរបស់ខ្លួនដែលបានទិញពីហាង «Paul» ។ ដោយសារមានអាការៈក្អួតជាច្រើនលើក រួមទាំងកើតជំងឺសើស្បែកបន្ថែមទៀត ស្ត្រីវ័យ២៥ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯហាង «Paul» ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។ នេះបើតាមការផ្សាយរបស់កាសែត Le Parisien កាលពីថ្ងៃពុធកន្លងមក។
បន្ទាប់ពីបានទិញសាំងវិចពីហាង Paul ដែលស្ថិតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មតែមួយនៅតំបន់ Creteil នាង Lena អាយុ២៥ឆ្នាំ បានហែកញ៉ាំ ដោយនៅពេលនោះ នាងបានឃើញដុំខ្មៅមួយដុំ។ ដំបូងឡើយនាងគិតថា ជាកំទេចសូកូឡា ប៉ុន្តែនៅពេលពិនិត្យម៉ត់ហ្មត់ជាមួយមិត្តភក្តិទើបដឹងច្បាស់ថា វាជាអាចម៌កណ្តុរ។
Lena បានត្រឡប់ទៅហាង Paul វិញ ដោយបុគ្គលិកនៅទីនោះ ចង់ឲ្យសាំងវិចថ្មីមួយទៀតទៅនាង តែនាងបានបដិសេធ ហើយទាមទារឲ្យសងលុយវិញ។ ភ្លាមៗ នាងមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែនៅពេលយប់ស្រាប់តែនាងមានអាការៈក្អួតចង្អោរច្រើនលើក ថែមទាំងចេញរោគសញ្ញាជំងឺសើស្បែក។
Lena បានរៀបរាប់ថា៖ «គ្រូពេទ្យ ផ្តល់ប្រឹក្សាខ្ញុំឲ្យធ្វើការពិនិត្យរោគសញ្ញាជាបន្ទាន់ ដោយមិនចាំបាច់ទៅធ្វើការនោះឡើយ។ លទ្ធផលនៃរោគវិនិច្ឆ័យ បានបង្ហាញថា នាងមានបញ្ហាក្រពះ ពោះវៀន និងត្រូវព្យាបាលដោយថ្នាំពេទ្យ។ ដោយសារតែ Lena បានទទួលលុយសំណងវិញពីហាងរួចទៅហើយនោះ នារីវ័យ២៥ឆ្នាំរូបនេះ បានសម្រេចទារថ្លៃសេវាកម្មព្យាបាលពីរដ្ឋវិញ។
ទាក់ទងនឹងរឿងរ៉ាវដែលបានកើតឡើង ហាង Paul បានបិទទ្វារដើម្បីធ្វើការសម្អាតអនាម័យ។ អ្នកទទួលខុសត្រូវក្រុមហ៊ុន Paul បានបង្ហាញការសោកស្តាយ ប៉ុន្តែពួកគេបានស្នើសុំឲ្យមានការធ្វើសវនកម្មផ្នែកអនាម័យដើម្បីបង្ហាញថា ករណីដែលបានកើតឡើងនេះ វាជារឿងកម្របំផុត។
ថ្វីត្បិតតែវាមិនមែនជារឿងធំដុំពេកណាស់ណាក៏ដោយ ប៉ុន្តែករណីនេះ បានធ្វើឲ្យហាង Paul នៅតំបន់ Creteil បាក់មុខយ៉ាងខ្លាំង ជាពិសេសបាត់បង់ទំនុកចិត្តពីអតិថិជនដែលតែងតែបរិភោគអាហារនៅហាងមួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com