ពីនេះ ពីនោះ
តើ​ពាក្យ «​បេក្ខជន និង បេក្ខភាព​» ខុសគ្នា​ដូចម្តេច​?
24, Apr 2017 , 7:30 am        
រូបភាព
ភ្នំពេញ៖ «​បេក្ខជន​» គឺ​សំដៅលើ តួ​អង្គជា​បុគ្គល មនុស្ស ឬ​ជន​។ ប៉ុន្តែ «​បេក្ខភាព​» មិន​មែន​ជា​មនុស្ស​នោះទេ​។ «​បេក្ខភាព​» សំដៅលើ​ភាវៈ​នៃ​បុគ្គល ដែល​សុំ​ចូលរួម​ប្រកួតប្រជែង ដើម្បី​បាន​តួនាទី​ឬ​ឋានៈ​អ្វីមួយ​។



​វចនានុក្រម សម្តេច ជួន ណាត ពន្យល់ថា «​បេក្ខជន​» គឺជា ជន​សម្លឹង​, អ្នក​ប៉ងប្រាថ្នា​, អ្នក​ចង់បាន​នូវ​មុខតំណែង​, មុខការ​ងារ ឬ ឋានៈ​អ្វីមួយ​។ ឧទាហរណ៍​ថា​៖«​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​បេក្ខជន​របស់ខ្លួន​រួចរាល់​អស់ហើយ ដើម្បី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ​»​។

​ចំណែកឯ «​បេក្ខភាព​» គឺជា​ភាវៈ​, ភាព​, ឋានៈ ឬ​លក្ខណសម្បត្តិ​របស់​បេក្ខជន​។ នេះ ជាការ​ពន្យល់​នៅក្នុង​វចនានុក្រម សម្តេច ជួន ណាត ដដែល​។ ឧទាហរណ៍​ថា​៖«​ខ្ញុំ​បានដាក់​ពាក្យ​ប្រឡង ធ្វើជា​គ្រូបង្រៀន​។ ប៉ុន្តែ បេក្ខភាព​របស់ខ្ញុំ បែរជា​ត្រូវបាន​លុបចោល ដោយ​មិនដឹង​មូលហេតុ​»៕


Tag:
 ពាក្យ
  បេក្ខជននិងបេក្ខភាព
© រក្សាសិទ្ធិដោយ thmeythmey.com