ជាតិ
សេដ្ឋកិច្ច
​​​​AMK សហការ​ជាមួយ​ហ្វ​ត​តេ ផ្ដល់​សេវា​ធានារ៉ាប់រង​«​គ្រោះថ្នាក់​បុគ្គល​»​សម្រាប់​អ្នកមាន​ចំណូល​ទាប​និង​មធ្យម​
24, Apr 2017 , 9:20 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ (Forte Insurance) ដើម្បី​បើក​ឲ្យ​ដំណើរការ​សេវា​ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម​។ កញ្ចប់​សេវា​ទាំងនេះ មានតម្លៃ​ចាប់ពី ៥​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​ទំហំ​ទឹកប្រាក់​ធានា ២៥០០​ដុល្លារ ឡើងទៅ​។



​លោក សួន ពិសី ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ អេ​អឹម​ខេ បាន​ឲ្យ​ដឹង​ពី​ការសម្រេច​បង្កើត​សេវា​ធានារ៉ាប់រង​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​អ្វីដែល​យើង​ជួបប្រទះ​គឺថា នៅពេលដែល​ក្រុមគ្រួសារ​មួយ​បាត់បង់​សមាជិក ជាពិសេស​អ្នក​បង្គោល​ក្នុង​គ្រួសារ ជួប​គ្រោះថ្នាក់​ផ្សេងៗ នោះ​គ្រួសារ​របស់គាត់​នឹងមាន​បញ្ហា​ប្រឈម​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ​។ លោក​បន្តថា​៖«​ដោយ​មើលឃើញ​ពី​ការលំបាក​នេះហើយ ទើប អេ​អឹម​ខេ ក៏ដូចជា​ក្រុមហ៊ុន​ហ្វ​ត​តេ បង្កើត​សេវា​ធានារ៉ាប់រង​គ្រោះ​ថ្នា់​បុគ្គល​នេះ​ឡើង ក្នុងន័យ​ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​នៅក្នុង​គ្រួសារ និង​រក្សា​លំនឹង​ផ្នែក​ហិរញ្ញវត្ថុ បើទោះបី​សមាជិកគ្រួសារ​របស់​ពួកគាត់​មាន​គ្រោះថ្នាក់​អ្វី​កើតឡើង​ក៏ដោយ​»​។​



​លោក យក់ ចំរើន​ឫទ្ធិ នាយក​ក្រុមហ៊ុន​ហ្វ​ត​តេ បាន​មានប្រសាសន៍​បន្ថែម​លើ​ការលើកឡើង​របស់ លោក សួន ពិសី យ៉ាង​ដូច្នេះ​ថា​៖«​ផលិតផល​ថ្មី​នេះ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​ព្រោះ​វា​ជា​សំណាញ់​សុវត្ថិភាព​សម្រាប់​ការពារ​ក្រុមគ្រួសារ​របស់លោក​អ្នក​។ សេវា​ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល​នេះ ធ្វើ​ឲ្យ​ក្រុម​គ្រួរ​សារ​របស់​អ្នក​ដែល​ជាវ​សេវា​នេះ​មាន​ភាពកក់ក្ដៅ​។

​កញ្ចប់​សេវា​ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល ដែល អេ​អឹម​ខេ ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ហ្វ​ត​តេ ផ្ដល់ជូន​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម​នេះ​មាន​បី​ប្រភេទ​។ អតិថិជន​អាច​ជ្រើសរើស​បង់ប្រាក់ ១៩​ដុល្លារ​ក្នុង​មួយឆ្នាំ (​ប្រមាណ ២​រៀល​ក្នុង​១​ថ្ងៃ​) សម្រាប់​ទំហំ​ទឹកប្រាក់​ធានា ១​ម៉ឺន​ដុល្លារ​។ រីឯ​កញ្ចប់​មួយទៀត អតិថិជន​ត្រូវ​បង់ប្រាក់ ១០​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​ទំហំ​ទឹកប្រាក់​ធានា ៥​ពាន់​ដុល្លារ​។ និង​កញ្ចប់​សេវា​ផ្សេងទៀត អតិថិជន​ត្រូវ​បង់ ៥​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​ទំហំ​ទឹកប្រាក់​ធានា ២៥០០​ដុល្លារ​។



​លោក នី លី​ហួង ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ហ្វ​ត​តេ​ម៉ា​យ​ក្រូ​អ៊ិន​សួរ​រឹន​ស៍ បាន​ថ្លែងថា ហេតុការណ៍​ដែល​ក្រុមហ៊ុន​ចាត់ទុកថា​ជា​គ្រោះថ្នាក់​បុគ្គល មាន​ជាអាទិ៍ គ្រោះថ្នាក់​ចរាចរណ៍ ឆក់​ខ្សែភ្លើង រន្ទះបាញ់ លង់ទឹក ឃាតកម្ម​។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​ផ្ដល់ជូន​ប្រាក់​ធានា​ដល់​ក្រុមគ្រួសារ​អតិថិជន​ទៅតាម​កញ្ចប់​សេវា​នីមួយៗ នៅពេល​អតិថិជន​ជួប​គ្រោះថ្នាក់​ណាមួយ​ដែល​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត ឬ​ពិការ​អចិន្ត្រៃយ៍​៕




Tag:
 ធានារ៉ាប់រង​
© រក្សាសិទ្ធិដោយ thmeythmey.com