ជាតិ
ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ តម្លៃ​៣៦​លាន​ដុល្លារ ត្រូវបាន​សម្ពោធ​ប្រើប្រាស់​ផ្លូវការ​
24, Apr 2017 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ពាន​មិត្តភាព​កម្ពុជា​-​វៀតណាម ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ ត្រូវបាន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៤​ខែមេសា​នេះ​។​



​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ មាន​ប្រវែង ៤២៧​ម៉ែត្រ ឆ្លងកាត់​ព្រែក​ជ្រៃ​ធំ ព្រំប្រទល់​កម្ពុជា​-​វៀតណាម​។ ខាង​ទឹកដី​កម្ពុជា ស្ពាន​នេះ​ស្ថិតក្នុង​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​ត​ភ្ជាប់​ចេញពី​ផ្លូវជាតិ​លេខ ២១ និង​ភ្ជាប់​ទៅ​ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម​។ ស្ពាន​នេះ ត្រូវបាន​សាងសង់​អស់​រយៈពេល ២៧​ខែ គឺ​ចាប់ពី​ខែធ្នូ​ឆ្នាំ​២០១៤ ដល់​ខែមេសា​ឆ្នាំ​២០១៧ ។

​បើតាម​ការ​ថ្លែង​សន្ទរកថា​របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​ពិធី​សម្ពោធ​នេះ ការស្ថាបនា​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ​នេះ និង​ផ្លូវ​ត​ភ្ជាប់​សងខាង​ស្ពាន ត្រូវបាន​ចំណាយ​ថវិកាសរុប​ជាង ៣៦​លាន​ដុល្លារ​អាមេរិក​។​ ភាគីកម្ពុជាទទួលសាងសង់ស្ពាន ៥០ភាគរយនៃប្រវែងស្ពានសរុប និងផ្លូវប្រវែង ២,៦គីឡូម៉ែត្រក្នុងទឹកដីកម្ពុជា ដោយចំណាយជិត ១៦លានដុល្លារ ដែលថវិកានេះបានពីកម្ចីសម្បទានពីរដ្ឋាភិបាលវៀតណាម និងថវិកាបដិភាគរបស់រដ្ឋាភិបាល។
 
​លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ស្ពាន​នេះ​មិន​ត្រឹមតែ​ជួយ​ត​ភ្ជាប់​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ត​ភ្ជាប់​ផ្នែក​សង្គម វប្បធម៌​រវាង​កម្ពុជា និង​ប្រទេស​វៀតណាម​ផងដែរ​៕


Tag:
 ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ
© រក្សាសិទ្ធិដោយ thmeythmey.com